ពិនិត្យមើលសញ្ញាគ្រោះថ្នាក់អំឡុងពេលមានផ្ទៃពោះ

ពពោះរយៈពេល ៩ ខែ ទោះច្រើន ឬតិច អ្នកគង់ចៀសមិនផុតពីការមានបញ្ហានានា ដែលអាចនឹងកើតមានឡើងដោយគ្មានការរំពឹងទុក ព្រោះថារាងកាយរបស់អ្នកនឹងមានការប្រែប្រួល តាមដំណាក់កាលនីមួយៗ។ អ្វីដែលសំខាន់ តើអ្នកនឹងវិនិច្ឆ័យចំពោះរោគសញ្ញាសុខភាពទាំងនោះយ៉ាងណាខ្លះ? តើវាជាបញ្ហាធម្មតា ដែលគ្រាន់តែទាមទារនូវពេលមួយសម្រាប់សម្រាក ឬជាសញ្ញាគ្រោះថ្នាក់ដែលអ្នកត្រូវការប្រឹក្សាពីសំណាក់អ្នកឯកទេស? កុំបន្តឲ្យចម្ងល់នោះ នៅតែជាមន្ទិលសង្ស័យ ព្រោះអ្នកនឹងកាន់តែច្បាស់នូវអ្វីដែលជាបញ្ហាដែលអាចកើតមាន និងទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំឡុងពេលមានផ្ទៃពោះតាមរយៈអត្ថបទខាងក្រោម។

1. ការធ្លាក់ឈាម
ការធ្លាក់ឈាម បានផ្តល់ជាសញ្ញាគ្រោះថ្នាក់ច្រើនអំឡុងពេលពពោះរបស់ស្រ្តី។ ប្រសិនបើអ្នកប្រទះឃើញ មានកាធ្លាក់ឈាមច្រើន និងចុកពោះខ្លាំង ហើយមានអារម្មណ៍អាចនឹងសន្លប់នៅអំឡុងពេលត្រីមាសទី ១នោះ វាជាសញ្ញាប្រាប់ថា អ្នកអាចនឹងមានកូនក្រៅស្បូន (ectopic)។ ដោយឡែកការធ្លាក់ឈាមខ្លាំង នៅអំឡុងពេលត្រីមាសទី ៣វិញ អ្នកអាចនឹងប្រឈមនឹងការដាច់រហែកនៃសុក។ ការធ្លាក់ឈាមតែងតែជាសញ្ញាគ្រោះថ្នាក់ ដែលអ្នកគួរតែយកចិត្តទុកដាក់ និងត្រូវជួបគ្រូពេទ្យជាបន្ទាន់។

2. ចង្អោរ និងក្អួតធ្ងន់ធ្ងរ
ជារឿងធម្មតាដែលស្រ្តីមានផ្ទៃពោះ មានអាការៈចង្អោរ និងក្អួត យ៉ាងណាមិញ វានឹងក្លាយជារឿងមិនធម្មតាប្រសិន អ្នកមានអាការៈក្អួតធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកមិនអាចទទួលទានចំណីអាហារបានសូម្បីតែទឹកធម្មតានោះ។ វាជាហេតុធ្វើឲ្យអ្នកបាត់បង់នូវជីវជាតិ និងកង្វះជាតិទឹក ព្រមទាំងប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ ដែលតម្រូវឲ្យមានការណាត់ជួបជាមួយវេជ្ជបណ្ឌិតដើម្បីដោះស្រាយ។

3. ចលនារបស់ទារកធ្លាក់ចុះ
តើអ្នកនឹងកំណត់នូវចលនារបស់ទារកយ៉ាងណា ទើបមានភាពប្រក្រតី? ជាទូទៅទារកអាចមានចលនាជើងចំនួន ១០ដង ឬច្រើនជាងនេះក្នុងរយៈពេល ២ម៉ោង ហើយបើអ្នកពុំសង្កេតឃើញមានចលនា អ្នកអាចសាកល្បងញ៉ាំនូវភេសជ្ជៈ ឬអាហារមួយចំនួនរួចធ្វើការទម្រេតខ្លួន ដើម្បីសង្កេតមើលចលនារបស់ទារកឡើងវិញ។ យ៉ាងណាមិញ បើសិននៅតែពុំសម្គាល់ឃើញមានចលនា ឬមានចលនាតិចតួច អ្នកគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីដឹងពីសភាពរបសទារកថាកំពុងលូតលាស់ជាប្រក្រតី ឬយ៉ាងណា។

4. ដង្ហើមខ្លី
ការកើនឡើងនៃអ័រម៉ូន Progesterone អំឡុងពេលមានផ្ទៃពោះ អាចបង្កឲ្យអ្នកមានការពិបាកក្នុងការដកដង្ហើម។ វាអាចកើតមានជាធម្មតា តែកម្រនឹងជួបប្រទះ។ យ៉ាងណាមិញការពិបាកដកដង្ហើមអាចជាប់ពាក់ព័ន្ធនឹងជំងឺស្ទះសរសៃឈាមសួត ជំងឺបេះដូង និងជំងឺសួតផ្សេងៗ អ្នកគួរស្វែងរកការពិគ្រោះជំងឺ ប្រសិនវាមានភាពមិនប្រក្រតី។

5. មានអាការៈឈឺចាប់ខុសធម្មតា
ប្រសិនសង្កេតឃើញមានការឈឺចាប់ផ្នែកក្បាល ឈឺចាប់តំបន់ពោះខ្លាំងក្លា និងស្រវាំងភ្នែក នៅត្រីមាសទី ៣ វាជាសញ្ញាគ្រោះថ្នាក់ដែលអាចឈានទៅដល់ជំងឺក្រឡាភ្លើង។ រោគសញ្ញានេះអាចបណ្តាលមកពី ការឡើងសម្ពាធឈាម និងមានវត្តមានប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម យកល្អគួរប្រញាប់ទៅជួបវេជ្ជបណ្ឌិតដើម្បីព្យាបាល។

6. គ្រុនផ្តាសាយ
ស្រ្តីមានផ្ទៃពោះអាចងាយនឹងឆ្លងនូវជំងឺគ្រុនផ្តាសាយ ដែលងាយនឹងបង្កឲ្យមានភាពធ្ងន់ធ្ងរជាងស្រ្តីធម្មតា។ ភាគច្រើនស្រ្តីមានផ្ទៃពោះតែងត្រូវបានណែនាំឲ្យទទួលបានការចាក់ថ្នាំបង្ការផ្តាសាយជាមុន។ ប្រសិនបើអ្នកមានជំងឺគ្រុនផ្តាសាយត្រូវសុំការពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

ការមានផ្ទៃពោះតែងតែជារឿងរីករាយសម្រាប់ក្រុមគ្រួសារនីមួយៗ ព្រោះថាអ្នកនឹងអាចបង្កើននូវសមាជិកថ្មីម្នាក់ទៀត តែវាក៏ជាពេលមួយដែលគ្រប់ស្រ្តីអាចជួបប្រទះនូវហានិភ័យមួយចំនួន ដូច្នេះគួរមានការយកចិត្តទុកដាក់ខ្ពស់អុំឡុងពេលមានផ្ទៃពោះចៀសវាងមានការសោកស្តាយ កើតឡើងដោយការធ្វេសប្រហែសណាមួយ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់