អាហារសម្រាប់ខួរក្បាលដែលអាចគ្រប់គ្រងជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍

គំនិតដែលថាអ្វីដែលយើងបរិភោគអាចមានឥទ្ធិពលដោយផ្ទាល់ទៅលើអារម្មណ៍របស់យើង គឺមិនមែនជាគំនិតថ្មីឡើយ។ ឥឡូវនេះ​វាក៏បានក្លាយជាស្នូលនៃការស្រាវជ្រាវ ហើយមានភស្ដុតាងថ្មីៗជាច្រើនសម្រាប់គំនិតថា ខួរក្បាលរបស់យើងនិងអារម្មណ៍របស់យើងមានការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។

ក្នុងនាមជាអ្នកនិពន្ធ និងអ្នកធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្តមួយរូប លោកស្រី Rachel Kelly បាននិពន្ធសៀវភៅ The Happy Kitchen: Good Mood Food ដែលសៀវភៅនេះបង្រៀនយើងអំពីទំនាក់ទំនងមួយនេះហើយវាបានក្លាយជាបេសកកម្មមួយរបស់លោកស្រី។ ត្រលប់ទៅកាលពីឆ្នាំ១៩៩៧ លោកស្រី Kelly បានធ្វើការជាអ្នកសារព៌ត៍មាននៅឯ The Time នៅទីក្រុងឡុងដ៍។ លោកស្រីកើតមាននូវរោគសញ្ញាដូចជាញ័រទ្រូង ចង្អោរ និងភាពមិនអាចគ្រប់គ្រងបាននូវគំនិតអវិជ្ជមានបាន ហើយជាលទ្ធផលលោកស្រីមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងររយៈពេលប្រាំមួយខែ។ ប៉ុន្មានឆ្នាំក្រោយមក លោកស្រី Kelly បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរនេះម្ដងទៀតដែលលើកនេះវាមានសភាពយូរជាងលើកមុនទៅទៀត។

នៅពេលដែលលោកស្រីបានទទួលការព្យាបាលរោគសញ្ញាតាមទម្លាប់ចាស់ជាមួយនឹងថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Anti-depressants) និងការព្យាបាលដោយការសន្ទនាគ្នាជាមួយគ្រូពេទ្យដើម្បីជួយលោកស្រីឲ្យចេះគ្រប់គ្រងបញ្ហារបស់លោកស្រីដោយការផ្លាស់ប្ដូរនូវការគិត និងឥរិយាបទរបស់គាត់ (Cognitive behavioural therapy) ក្រោយមកលោកស្រីក៏មានបំណងចង់ស្វែងយល់ពីការព្យាបាលនៃសុខភាពផ្លូវចិត្តទាំងមូល។ ក្រោយមកលោកស្រីក៏ត្រូវបានណែនាំឲ្យជួបជាមួយអ្នកជំនាញខាងអាហារូបត្ថម្ភ ឈ្មោះ Alice Macintosh បន្ទាប់ពីការសហការគ្នា ដែលមានលទ្ធផលជាផ្លែផ្លាមួយបានកើតឡើងគឺពួកគេបាននិពន្ធសៀវភៅមួយក្បាលដែលមានរូបមន្តធ្វើម្ហូបដល់ទៅ ៧០មុខ ដោយអាស្រ័យលើការសិក្សាអំពីអាហារូបត្ថម្ភជាង ១៥០ ប្រភេទផ្សេងៗគ្នា។

ខួរក្បាលទី២
ខណៈពេលដែលការសិក្សាអំពីការព្យាបាលដោយអាហារូបត្ថម្ភ ស្ថិតនៅដំណាក់កាលដំបូងនៅឡើយ លោកស្រី Kelly បានបែងចែកការស្រាវជ្រាវជាពីរតំបន់ដែល ៖
- តំបន់ទីមួយ គឺខ្លាញ់ល្អ ដូចជា អូមេហ្គា ៣
- តំបន់ទីពីរ គឺភស្ដុតាងអំពីពពួកមេរោគល្អក្នុងពោះវៀន (Healthy microbiome or gut flora)។

អាស៊ីតខ្លាញ់អូមេហ្គា៣ (Omega-3 fatty acids) ត្រូវបានជឿជាក់ថា មាននាទីសំខាន់ក្នុងការប្រឆាំងនឹងការរលាកក្នុងរាងកាយរបស់យើង និងមានការសិក្សាខ្លះទៀតបានបង្ហាញថាឥទ្ធិពលរបស់វា គឺរហូតដល់ផ្នែកខ្លះនៃខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត។ ស្រដែងគ្នានេះដែរ ការមាននូវពពួកមេរោគល្អក្នុងពោះវៀននេះអាចធ្វើឲ្យមានភាពប្រសើរឡើងនៃអារម្មណ៍ដោយបង្កើននូវសុខុមាលភាពរបស់អ្នក ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ វាមានឥទ្ធិពលដោយផ្ទាល់ទៅលើប្រព័ន្ធភាពស៊ាំរបស់អ្នក។ 
ហើយសុខភាពប្រព័ន្ធភាពស៊ាំ គឺជាកត្តាមួយទៀតដែលមានការតភ្ជាប់គ្នាយ៉ាងខ្ពស់ជាមួយនឹងសុខភាពផ្លូវចិត្ត។

លោកស្រី Kelly បានបន្តថា មានមនុស្សមួយចំនួនបានហៅក្រពះថាជា “ខួរក្បាលទីពីរ” ហើយនៅពេលដែលនរណាម្នាក់បានទទួលរងពីជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តដូចខ្ញុំ អ្នកទាំងនោះគិតថា “បញ្ហាគឺមកពីខួរក្បាល។”

“ឥឡូវនេះខ្ញុំគិតថាការផ្លាស់ប្ដូរគឺយើងកំពុងតែស្វែងរកនូវប្រព័ន្ធទាំងមូលនៃខួរក្បាលនិងផ្លូវដែលវាផ្សារភ្ជាប់ទៅនឹងផ្នែកផ្សេងៗនៃរាងកាយរបស់យើង។”
 
វិធានមាស (The golden rules)
ជាមួយនឹងវិធីធ្វើម្ហូបសុខភាពរបស់ពួកគេ លោកស្រី Kelly និង Macintosh បានបង្កើតជាវិធានទាំង១០ ដើម្បីរៀបចំរបបអាហារ និងជួយដល់សុខភាពផ្លូវចិត្ត៖
1. បរិភោគអាហារប្រភេទរុក្ខជាតិឲ្យបានច្រើន៖ បន្លែ និងពពួកសណ្ដែក (Legumes) សុទ្ធតែសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិសរសៃ។
2. ប្រើជី (Herb) និងគ្រឿងទេសឲ្យបានច្រើន៖ ជាពិសេសនោះ គឺរមៀត និង saffron (ជាប្រភេទគ្រឿងទេសដែលបានមកពីផ្កា Crocus sativus)។
3. អាហារប្រភេទគ្រាប់ (Nuts)៖ អាហារប្រភេទគ្រាប់អាចជួយឲ្យអារម្មណ៍កាន់តែប្រសើរ។
4. បរិភោគ ដើម្បីស់អ្នក៖ពោះវៀនរប វាគឺជាការគ្រប់គ្រងតុល្យភាពបាក់តេរីក្នុងក្រពះ​ និងពោះវៀនរបស់អ្នក។ អ្នកគួរតែរក្សាខួរក្បាលទីពីររបស់អ្នកឲ្យរីករាយ និងមានសុខភាពល្អ។​
5. ខ្លាញ់ គឺជាមិត្តរបស់អ្នក៖ ប្រភេទពពួកខ្លាញ់ល្អ ដូចដែលបាននិយាយពីខាងលើគឺពពួក អូមេហ្គា ៣ គឺត្រូវបានចាត់ទុកថាមានផលវិជ្ជមានទៅលើផ្នែកនៃខួរក្បាលដែលផ្សារភ្ជាប់ជាមួយនឹងការធ្លាក់ទឹកចិត្ត។​
6. ការទទួលបាននូវតុល្យភាពដ៏ត្រឹមត្រូវនៃប្រូតេអ៊ីន៖ គួរបរិភោគនូវអាហារដែលមានប្រូតេអ៊ីនល្អៗដូចជាត្រី និងសាច់គ្មានខ្លាញ់ជាដើម ហើយចៀសវាងការទទួលទាននូវផលិតផលសាច់កែច្នៃ។
7. ចៀសវាងការញ៉ាំផ្អែម៖ ជាថ្មីម្ដងទៀត ផលិតផលអាហារកែច្នៃអាចបណ្ដាលឲ្យមានការចុះខ្សោយនៃសុខភាពផ្លូវចិត្ត។
8. រក្សាលំនឹងជាតិស្ករក្នុងឈាមរបស់អ្នក៖ វាមានសារៈសំខាន់ណាស់សម្រាប់សុខភាពហើយអ្នកមិនត្រូវធ្វេសប្រហែសឡើយ។
9. ផ្លាស់ប្ដូររបបអាហាររបស់អ្នក៖ អាហារបែបបស្ចិមប្រទេសជាមធ្យម​ មានគ្រឿងផ្សំប្រហែល២០មុខ ប៉ុន្តែបើមនុស្សជំនាន់ដើមវិញ គេបរិភោគច្រើនរហូតដល់១៥០មុខ។
10. សម្រាក និងការកំសាន្ដ៖ យើងមិនអាចបំភ្លេចអំពីផលប្រយោជន៍នៃការបរិភោគអាហារជាសហគមន៍ និងសកម្មភាពកំសាន្ដសប្បាយនោះទេ ហើយនេះក៏ជាមូលហេតុមួយដែលរាល់ការប្រារព្ធពិធីនៃវប្បធម៌នីមួយច្រើនតែផ្ដោតសំខាន់ទៅលើអាហារ។

លោកស្រី Kelly បាននិយាយថា  “វិធីសាស្ដ្រទាំងនេះ និងការបរិភោគនូវអាហារូបត្ថម្ភពិតជារឿងគួរឲ្យរីករាយមួយសម្រាប់អ្នកដែលមិនចូលចិត្តប្រើថ្នាំ។ វិធីសាស្ត្រនេះនឹងមានការលូតលាស់យ៉ាងខ្លាំងចំពោះសុខភាពផ្លូវចិត្តនាពេលអនាគត។”

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់