ម្ញ៉ូបខ្លាំង ជំងឺដែលអ្នកត្រូវប្រុងប្រយ័ត្ន

ម៉្ញូបមានច្រើនប្រភេទណាស់ដូចជា ម៉្ញូបធម្មតា ម៉្ញូបពេលយប់ ម៉្ញូបក្លែងក្លាយជាដើម។ ពេលនេះ ហេលស៍ថាមសូមនាំមកជូនមិត្តអ្នកអាននូវម៉្ញូបមួយប្រភេទទៀតដែលបកស្រាយដោយ វេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា គ្រូពេទ្យឯកទេសចក្ខុរោគនៃគ្លីនិកម៉េង-រ័ត្ននីន ឯកទេសភ្នែកនោះគឺម៉្ញូបខ្លាំង ដែលជាប្រភេទម៉្ញូបផ្តល់ផលវិបាកខ្លាំងក្លាដល់គំហើញរបស់យើង។

១. តើអ្វីជាជំងឺម៉្ញូបខ្លាំង?
ជំងឺម៉្ញូបខ្លាំង ជាប្រភេទមួយនៃការម៉្ញូបភ្នែកដែលផ្ដល់ផលប៉ះពាល់ដល់បាតភ្នែកធ្ងន់ធ្ងរជាងការម៉្ញូបទូទៅ។ជំងឺម៉្ញូបខ្លាំងអាចចាត់ទុកបាននៅពលកម្រិតនៃដឺក្រេមានតម្លៃ ចាប់ពី - 6.00 (600ដឺក្រេ) ឡើងទៅ ឬមានប្រវែងភ្នែក (Axial length) លើសពី 26.5 ម.ម។

២. តើជំងឺម៉្ញូបខ្លាំងមានមូលហេតុមកពីអ្វីខ្លះ?
ជំងឺម៉្ញូបខ្លាំងអាចកើតមានឡើងដោយសារ៖
• ការកើតដោយឯកឯង
• កត្តាតំណពូជ
• ការលូតលាស់ប្រវែងខុសធម្មតានៃគ្រាប់ភ្នែក។

៣. តើជំងឺម៉្ញូបខ្លាំងមានរោគសញ្ញាអ្វីខ្លះ?
មនុស្សដែលមានជំងឺនេះ គឺមានភាពម៉្ញូបតាំងពីកំណើតដែលផ្ទុយពីការម៉្ញូបធម្មតាដែលបណ្ដាលមកពីការសិក្សាការអាន ឬការសរសេរច្រើនដែលនេះគេហៅថាជំងឺម៉្ញូបរៀន (Developmental myopia or School-aged myopia)។ជំងឺម៉្ញូបរៀនជាទូទៅកើតមាននៅក្នុងវ័យសិក្សា ឬអាយុ១០ឆ្នាំឡើងហើយដែលជំងឺនេះជាទូទៅមិនផ្ដល់ផលវិបាកអ្វីធ្ងន់ធ្ងរដល់បាតភ្នែកដូចជំងឺម៉្ញូបខ្លាំងឡើយ។ជំងឺម៉្ញូបខ្លាំងអាចស្ដែងចេញដោយការមើលស្រវាំង ការឆាប់ឡើងកម្រិតដឺក្រេ ដែលតម្រូវឲ្យផ្លាស់ប្តូរកញ្ចក់វ៉ែនតាញឹកញាប់ ឬការមើលស្រវាំងទោះបីជាពាក់វ៉ែនតាហើយក្ដី។

៤. តើជំងឺម៉្ញូបខ្លាំងអាចព្យាបាលបានដែរឬទេ?
មកទល់ពេលនេះ មិនទាន់មានថ្នាំបន្តក់ ឬថ្នាំលេបណាដែលអាចបញ្ឈប់ការវិវឌ្ឍនៃការលូតលាស់ប្រវែងរបស់ភ្នែកនៅក្នុងជំងឺនេះឡើយ។ ការពាក់វ៉ែនតានៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការព្យាបាលនៅក្នុងដំណាក់កាលដំបូង។ ការបាញ់កាំរស្មី (Laser Refractive Procedure) ជាជម្រើសមួយទៀតសម្រាប់បន្ថយកម្រិតដឺក្រេភ្នែក ដែលជាទូទៅមិនអាចព្យាបាលឲ្យជាសះស្បើយនៅក្នុងជំងឺម៉្ញូបខ្លាំងឡើយ។

៥. តើជំងឺនេះអាចមានផ្ដល់ផលប៉ះពាល់អ្វីខ្លះ?
បើសិនជាមានការវិវឌ្ឍខ្លាំង ជំងឺនេះអាចបណ្ដាលឲ្យមានការស្ដើងនៃស្រទាប់បាតភ្នែក (Myopic Degeneration) និងធ្វើឲ្យមានការហូរឈាមនៅតំបន់ម៉ាគូឡា (Choroidal Neovascularisation) ដែលនឹងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់គំហើញ។ ការរហែកបាតភ្នែកក៏ជាផលវិបាកមួយទៀតយ៉ាងធ្ងន់ធ្ងរបណ្ដាលមកពីការលូតលាស់ប្រវែងខុសប្រក្រតីនៃគ្រាប់ភ្នែក។ ការរហែកបាតភ្នែក (Peripheral Retinal Degenerations and breaks) ប្រឈមនឹងការវិវឌ្ឍទៅជាការរបើកសរសៃបាតភ្នែក (Rhegmatgenous retinal detachment) បើសិនជាមិនបានព្យាបាលទាន់ពេលវេលា។

៦. តើត្រូវធ្វើដូចម្ដេចចំពោះការបង្ការនិងថែទាំជំងឺនេះ?
ចំពោះក្មេងដែលមានជំងឺនេះត្រូវវាស់កម្រិតដឺក្រេនៃភ្នែកនិងត្រូវពាក់វ៉ែនតាជាចាំបាច់ដើម្បីចៀសវាងជំងឺភ្នែកខ្ជិល (Amblyopia)។ ការធ្លាក់ចុះភ្លាមៗនៃគំហើញអាចជារោគសញ្ញាដែលបង្ហាញប្រាប់ពីការហូរឈាមនៅតំបន់ម៉ាគូឡា (Choroidal neovascularization) ឬការរបើកបាតភ្នែក (Rhegmatogenous Retinal Detachment)។

វេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា បម្រើការជាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះអង្គដួង និងមន្ទីរព្យាបាលភ្នែកម៉េង-រ័ត្ននីន

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ពាក្យទាក់ទង


មតិយោបល់

profile.png
Khunly អម្បាញ់មិញ

តើមានវីតាមីនអីដើម្បីជំនួយដល់អ្នកភ្នែកមីញូបដែររអត់? 

profile.png
Editor អម្បាញ់មិញ

មានដូចជាវីតាមីនC, A, E និងវីតាមីនជាច្រើនទៀត ដែលសុទ្ធជួយទ្រទ្រង់ដល់គំហើញរបស់អ្នក។ សូមអរគុណ...

profile.png
Sochenda Thoeurn អម្បាញ់មិញ

តើមានថ្នាំអីជួយទប់ស្កាតកុំអោយឡើងដឺក្រេដែររីទេ ? ហើការពិនិត្យភ្នែកគួធ្វើឡើងប៉ុន្មានខែម្តង?

profile.png
Clinic Community អម្បាញ់មិញ

សួស្តី! សម្រាប់ការទប់ស្កាត់កុំឲ្យឡើងដឺក្រភ្នែក បងគួរតែទទួលទានបន្លែបៃតងឲ្យបានច្រើន ឬថ្នាំគ្រាប់វីតាមីនចម្រុះ និងគេងឲ្យបានគ្រប់គ្រាន់។ ចំពោះការពិនិត្យសុខភាពភ្នែកវិញ វាអាស្រ័យទៅលើស្ថានភាព និងសុខភាពរបស់មនុស្សម្នាក់ៗ ជាក់ស្តែង សម្រាប់អ្នកដែលមានវ័យក្រោម៤០ឆ្នាំ គួរតែធ្វើឡើង១ឆ្នាំម្តង រីឯអ្នកម៉្ញូប គួរពិនិត្យរៀងរាល់៦ខែ។ សូមអរគុណ...

ឆ្លើយតប