ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ថ្នាំអង់ទីប៊ីយ៉ូទិក នឹងអាចកម្ចាត់បាក់តេរីដែលធន់នឹងថ្នាំផ្សះ

អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិចបានអភិវឌ្ឍថ្នាំដ៏សំខាន់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីដែលធន់នឹងថ្នាំផ្សះ (Superbugs) ដោយផលិតឡើងវិញនូវថ្នាំផ្សះដែលមានអាយុកាលរាប់ទសវត្សរ៍ហើយ។
ប្រភេទថ្នាំផ្សះ Vancomycin ដែលត្រូវបានគេធ្វើកំណែទម្រង់ គឺត្រូវបានគេជឿជាក់ថានឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធនឹងបាក់តេរី Enterococci ដែលត្រូវបានរកឃើញមាននៅក្នុងមន្ទីរពេទ្យ ហើយវាអាចបង្កជារបួសយ៉ាងគ្រោះថ្នាក់ និងការឆ្លងមេរោគក្នុងឈាម។ ប្រភេទថ្នាំផ្សះដែលត្រូវបានគេប្រើជាង៦០ឆ្នាំហើយនេះ ត្រូវបានគេពិពណ៌នាថា ជាជម្រើសចុងក្រោយនៃថ្នាំអង់ទីប៊ីយ៉ួទិក ហើយវាត្រូវបានប្រើតែក្នុងករណីដែលការព្យាបាលដោយថ្នាំផ្សះផ្សេងទៀតបានបរាជ័យប៉ុណ្ណោះ។ ប៉ុន្តែមេរោគមួយចំនួនបានធន់ទៅនឹងទម្រង់បច្ចុប្បន្ននៃថ្នាំ Vancomycin រួចទៅហើយ។

          
The UK Press Association បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវមកពី The Scripps Research Institute នៃទីក្រុង San Diego រដ្ឋ California បានរៀបរាប់អំពីថ្នាំថ្មីនេះថាវាមានឥទ្ធិពល “ខ្លាំងអស្ចារ្យ”។​​ Dr. Andrew Edwards ដែលលោក គឺជាសាស្ត្រាចារ្យផ្នែក Molecular microbiology នៅសាកលវិទ្យាល័យ Imperial ទីក្រុងឡុងដ៍ បានប្រាប់ CNN ថា ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងប្រើប្រាស់រយៈពេលជាច្រើនឆ្នាំក្នុងការសិក្សាស្រាវជ្រាវ មុននឹងយកវាទៅផលិតជាថ្នាំសម្រាប់ប្រើប្រាស់។
 
ការគំរាមកំហែងដល់ទៅ៣ដងសម្រាប់ការឆ្លងមេរោគធ្ងន់ធ្ងរ។ ការសិក្សាដែលបានបោះពុម្ភផ្សាយនៅក្នុងសារពត៌មាននៃ The National Academy of Sciences បាននិយាយថា ការកែទម្រង់នេះបានបង្កើនសកម្មភាពរបស់ Vancomycin ដល់ទៅ១០០០ដង ដូច្នេះគ្រូពេទ្យអាចប្រើវាក្នុងបរិមាណតិចដើម្បីប្រឆាំងនឹងមេរោគ។​ ថ្នាំនេះមានវិធីសាស្រ្ត៣យ៉ាងក្នុងការធ្វើឲ្យពួកបាក់តេរីកាន់តែពិបាកក្នុងការវិវត្តន៍ភាពស៊ាំរបស់វា។ លោក Dale Boger ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាសហប្រធាន
នៃនាយកដ្ឋានគីមីនៃ The Scripps Research Institute បាននិយាយថា “វាបង្កើនភាពធន់នៃថ្នាំអង់ទីប៊ីយ៉ូទិកនេះ។”
         
លោកបានបន្តថា “ពពួកមេរោគមិនអាចធ្វើការក្នុងពេលដំណាលគ្នាដើម្បីស្វែងរកវិធីគេចផុតពីការកម្ចាត់ចោលរបស់យន្ដការទាំង៣នៃសកម្មភាពរបស់ថ្នាំនេះទេ។ ទោះបីជាពួកវាអាចរកឃើញដំណោះស្រាយចំពោះយន្ដការមួយក្នុងចំណោមយន្ដការទាំង៣នេះក៏ដោយ ក៏ពួកវានឹងត្រូវបានសម្លាប់ដោយយន្ដការ២ទៀត។”
           
អង្គការសុខភាពពិភពលោកបានរំលឹកថា ភាពធន់នឹងថ្នាំផ្សះគឺកំពុងតែកើនឡើងដល់កម្រិតគ្រោះថ្នាក់មួយយ៉ាងខ្ពស់ជុំវិញពិភពលោក ហើយវាបានគំរាមកំហែងដល់សមត្ថភាពក្នុងការព្យាបាលចំពោះការឆ្លងមេរោគទូទៅដូចជា ជំងឺរលាកសួត របេង មេរោគក្នុងឈាម និងជំងឺប្រមេះ។ លោក Edwards បានប្រាប់ CNN ថា “នេះគឺជាការកែប្រែសាមញ្ញមួយដែលបានធ្វើឲ្យថ្នាំនេះកាន់តែមានភាពល្អប្រសើរឡើង។”
          
លោកបានរៀបរាប់ថា វាគឺជាការអភិវឌ្ឍដ៏មាន “សារៈសំខាន់ណាស់” ហើយលោកបានពន្យល់ថា “លោករំពឹងទុកថាវានឺងមានជម្រើសផ្សេងទៀតសម្រាប់ការព្យាបាលមេរោគរាតត្បាតធ្ងន់ធ្ងរនេះ។ វាហាក់បីដូចជាមានថ្នាំផ្សះប្រភេទថ្មីមួយទៀតអញ្ចឹង។”​ លោក Edwards បានបន្ដទៀតថា “ថ្នាំនេះមិនអាចសម្រេចបានក្នុងពេលដ៏ខ្លីនេះទេ ព្រោះថាទាមទារពេលជាច្រើនឆ្នាំទៀតក្នុងការនៃការធ្វើតេស្តបន្ថែមទៀត។”
មនុស្សរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ
        
លោក Colin Garner ដែលជានាយកប្រតិបត្តិនៃមន្ទីរស្រាវជ្រាវថ្នាំអង់ទីប៊ីយ៉ូទិកនៃចក្រភពអង់គ្លេស បានប្រាប់ CNN ថា ការកំណែទម្រង់ថ្នាំនេះគឺមិនមានប្រសិទ្ធភាពចំពោះបាក់តេរីដែលធន់នឹងថ្នាំផ្សះគ្រប់ប្រភេទនោះទេ។ លោកបាននិយាយថា “វាគឺជាវិទ្យាសាស្រ្តដែលគួរឲ្យចាប់អារម្មណ៍ និងល្អមួយ ប៉ុន្ដែវាមិនអាចព្យាបាលភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិកទេ។”​ លោក ក៏បានបន្ថែមថា “នេះគឺជាការបោះជំហានតូចមួយនៅក្នុងផ្លូវដ៏វែងចំពោះការព្យាយាមដោះស្រាយបញ្ហាធន់នឹងថ្នាំផ្សះនេះ។ នៅចក្រភពអង់គ្លេស យ៉ាងតិចណាស់មានមនុស្ស ១២០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារមេរោគដែលធន់នឹងថ្នាំផ្សះ។ ចំនួននេះវាប្រហែលនឹងជំងឺមហារីកសុដន់ដែរ។”

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់