អាយុ ៦ ខែ កូនខ្ញុំចាប់ផ្តើមញ៉ាំអាហារហើយ អ៊ីចឹង តើគេត្រូវការទឹកដោះ ក្នុងកម្រិតណាទៅ?

មិនថាអ្នកបំបៅកូនដោយទឹកដោះ ឬទឹកដោះគោឡើយ នៅពេលដែលគេមានអាយុ ៦ ខែ អ្នកគួរតែចាប់ផ្តើមឲ្យគេញ៉ាំអាហារជាលើកដំបូង ដូច្នេះ បរិមាណទឹកដោះដែលគេញ៉ាំ នឹងត្រូវកាត់បន្ថយទៅតាមនោះផងដែរ។ បើអ្នកកំពុងតែបំបៅដោះកូន ទោះបីជាគេមានអាយុលើសពី ៦ខែហើយក៏ដោយ វាគ្មានហេតុផលណាមួយ ដែលអ្នកគួរបញ្ឈប់ការបំបៅដោះឡើយ។ ចូរព្យាយាមបំបៅដោះកូនឲ្យយូរបំផុត តាមដែលអ្នកអាចធ្វើបាន។
 
អ្នកមិនអាចវាស់បរិមាណទឹកដោះ ដែលគេត្រូវការនោះឡើយ ពោលគឺ គេជាអ្នកកំណត់ដោយខ្លួនឯង មានន័យថា បើគេឃ្លាន គេនឹងយំប្រាប់ ឬឲ្យសញ្ញាអ្នកដឹងហើយ។ ភាគច្រើន គេនឹងបៅច្រើន នៅពេលព្រឹក និងមុនចូលគេង។ ក្រៅពីនេះ គេប្រហែលជាចង់ញ៉ាំអាហារផ្សេងៗ ដែលគេអាចញ៉ាំបានហើយ។
 
អ្នកជំនាញមួយចំនួនបានណែនាំថា កូនក្មេងគួរតែទទួលថ្នាំដំណក់វីតាមីន Dបន្ថែម ពី ៨,៥ ទៅ ១០ មីក្រូក្រាម (mcg) តាំងពីកើត។ នេះមិនមែនមានន័យថា ទឹកដោះម្តាយខ្វះវីតាមីន Dឡើយ ប៉ុន្តែ​វាដើម្បីប្រាកដថា កូនរបស់អ្នកបានទទួលវីតាមីនគ្រប់គ្រាន់ សម្រាប់សុខភាពឆ្អឹង និងធ្មេញ។ (ចំណាំ ៖ កុំប្រើថ្នាំនេះ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញរបស់អ្នកឲ្យសោះ)។
 
ប្រសិនបើអ្នកបំបៅកូនដោយទឹកដោះគោ ចូរធ្វើតាមធម្មតា។ ពេលគេញ៉ាំអាហារផ្សេងឆ្អែត គេនឹងកាត់បន្ថយការទទួលទានទឹកដោះគោដោយខ្លួនឯង។​ ជាធម្មតា គេអាចញ៉ាំពី ៥០០ ទៅ ៦០០ មីលីលីត្រក្នុងមួយថ្ងៃ។ ហើយប្រសិនបើកូនរបស់អ្នក អាចញ៉ាំទឹកដោះគោក្នុងកម្រិតនេះ អ្នកមិនចាំបាច់ប្រើថ្នាំវីតាមីន D បន្ថែមឡើយ ពីព្រោះ ក្នុងទឹកដោះគោ បានបន្ថែមរូបមន្តនេះរួចទៅហើយ៕


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់