ហេតុអ្វីបានជាអ្នកផឹកកាហ្វេអាចរស់បានយូរ? ការសិក្សាមានពន្លឺខ្លះហើយ…

“អ្នកផឹកកាហ្វេអាចរស់បានយូរ” វាត្រូវបានក្លាយជាការសន្និដ្ឋានរបស់ការសិក្សាជាច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅពេលនេះ អ្នកស្រាវជ្រាវជឿជាក់ថា ពួកគេបានរកឃើញយន្តការមួយ ដែលនៅពីក្រោយទំនាក់ទំនងនេះហើយ។
 
ក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវបានបង្ហាញអំពី គំហើញនៃដំណើរការនៃការរលាកអាចជំរុញឲ្យមានការវិវឌ្ឍទៅជាជំងឺសរសៃឈាមបេះដូង នៅពេលចាស់ទៅ។ ពួកគេក៏បានរកឃើញថា «ការទទួលទានជាតិកាហ្វេអ៊ីន អាចប្រឆាំងនឹងដំណើរការនៃការរលាកនេះ»។ កាហ្វេ តែ សូដា ភេសជ្ជៈប៉ូវកម្លាំង និងសូកូឡា គឺសុទ្ធតែជាអាហារ និងភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដែលវាត្រូវបានស្គាល់ថា គឺជាសារធាតុមួយដែលទៅភ្ញោចសមត្ថភាពខួរក្បាល។
 
ទោះបីជាយ៉ាងណាក៏ដោយ កាហ្វេអ៊ីនមិនមែនត្រឹមតែជួយបង្កើនថាមពលពេលព្រឹកនោះទេ មានការសិក្សាជាច្រើន បានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំ អាចធ្វើឲ្យអាយុវែង។ ការសិក្សាមួយដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ បានរកឃើញថា «អ្នកដែលទទួលទានកាហ្វេចាប់ពីមួយ ទៅប្រាំកែវក្នុងមួយថ្ងៃ មានហានិភ័យទាប ក្នុងការស្លាប់ជាងអ្នកដែលមិនទទួលទានកាហ្វេ»
 
លោក Furman និងសហការីរបស់លោកបាននិយាយថា «ការទទួលទានជាតិកាហ្វេអ៊ីនអាចជួយបង្កើនអាយុ ហើយវាអាចប្រឆាំងនឹងការរលាក»។ សម្រាប់ការសិក្សារបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ បានព្យាយាមកំណត់ឲ្យបាន នៃដំណើរការនៃការរលាកថា វាអាចរួមចំណែកក្នុងការធ្វើឲ្យសុខភាពបេះដូងថយចុះ នៅក្នុងវ័យចំណាស់។ ពួកគេបានវិភាគទិន្នន័យដែលបានពីយុវវ័យដែលមានសុខភាពល្អ មានអាយុចាប់ពី២០ទៅ៣០ឆ្នាំ និងមួយក្រុមទៀត គឺមនុស្សចាស់ ដែលមានសុខភាពល្អ ហើយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
 
បើយោងទៅតាមការពិនិត្យឈាមនៃអ្នកចូលរួមទាំងពីរក្រុមនេះ  អ្នកស្រាវជ្រាវបានកំណត់បានថាមាន  Gene clusters ពីរក្រុមសកម្មភាពខ្លាំង ចំពោះក្រុមមនុស្សចាស់។ ពួកគេបានរកឃើញថា ក្រុមហ៊្សែនទាំងនេះ មានការផ្សារភ្ជាប់ទៅនឹងការផលិតនៃ IL-1beta ដែលជាប្រូតេអ៊ីនមួយប្រភេទ បង្កឲ្យមានការរលាក។
 
កាហ្វេអ៊ីនអាចជួយបង្ការការរលាក បណ្ដាលមកពីសារធាតុដែលបានមកពីការធ្វើមេតាបូលីសនៃអាស៊ីតនុយក្លេអ៊ិច  (Nucleic acid metabolites)។​ ការវិភាគមានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃ Nucleic acid metabolites។
ក្នុងការវាយតម្លៃទៅលើអ្នកដែលទទួលទានជាតិកាហ្វេអ៊ីន អ្នកស្រាវជ្រាវបានរកឃើញថា ឈាមនៃយុវវ័យដែលមាន Gene cluster activity ទាប គឺមានផ្ទុកនូវជាតិ Caffeine metabolites ដូចជាពួក Theophylline និងTheobromine។
 
នៅពេលដែលអ្នកស្រាវជ្រាវបណ្ដុះកោសិកាភាពស៊ាំជាមួយនឹង Caffeine metabolites និង Nucleic acid metabolites ពួកគេបានរកឃើញថា Caffeine metabolites ជួយបង្ការមិនឲ្យមានផលប៉ះពាល់នៃការរលាកនៃ Nucleic acid metabolites។
 
លោក Mark Davis ជាបណ្ឌិតនៃ Institute for Immunity, Transplantation and Infection នៅសាកលវិទ្យាល័យ Stanford បាននិយាយថា «ការរកឃើញនេះបានបង្ហាញអំពី ដំណើរការនៃការរលាក ​ដែលមានការជាប់ទាក់ទងទៅនឹងអាយុនេះ​ គឺមិនត្រឹមតែ មួយនាំឲ្យមានជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែវាត្រូវបានដឹកនាំដោយក្រុមម៉ូលេគុលមួយប្រភេទ យើងអាចធ្វើការកំណត់គោលដៅ និងប្រឆាំងនឹងវាបាន»។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

ពាក្យទាក់ទង


មតិយោបល់