ការប្រឈមមុខរបស់មនុស្សស្រីគ្រប់រូបនៅវ័យអស់រដូវ

ធម្មជាតិតម្រូវឲ្យមនុស្សស្រីគ្រប់រូបឆ្លងកាត់នូវដំណាក់កាលជាច្រើននៅក្នុងជីវិត ហើយគ្រប់ដំណាក់កាលតែងនាំមកជាមួយនឹងបម្រែបម្រួលជាច្រើន ពិសេសសម្រាប់ស្រ្តីខ្លួនឯងផ្ទាល់ ហើយក្នុងនោះការអស់រដូវ គឺជាដំណាក់កាលមួយដែលពួកគេត្រូវប្រឈមមុខនឹងការផ្លាស់ប្តូរដ៏ធំ។

តើអ្នកដឹងអ្វីខ្លះអំពីដំណាក់កាលនេះ? ហេតុអ្វីបានជាវាមានសារៈសំខាន់ក្នុងការយល់ដឹង? ម្យ៉ាងទៀត តើស្រ្តីគ្រប់រូបបានត្រៀមខ្លួនហើយ ឬនៅសម្រាប់បម្រែបម្រួលនេះ?

អ្វីជាការអស់រដូវរបស់ស្រ្តី?
គឺជាការបាត់នូវរដូវរយៈពេល១២ខែបន្តបន្ទាប់គ្នារបស់ស្រ្តី  ដែលជាទូទៅកើតមានចំពោះស្ត្រីអាយុពី៤៥ទៅ៥៥ឆ្នាំនឹងអាយុជាមធ្យមគឺ ៥១ឆ្នាំ។  នៅដំណាក់កាលនេះ   នឹងមានការផ្លាស់ប្តូរនៃរាងកាយរបស់ស្ត្រីជាច្រើន ក៏ប៉ុន្តែការផ្លាស់ប្តូររបស់ស្ត្រីមា្នក់ៗអាចមានលក្ខណៈខុសៗគ្នា  ទៅតាមបម្រែបម្រួលអ័រម៉ូនរបស់ពួកគេ។

រោគសញ្ញាដែលស្ត្រីច្រើនជួបប្រទះពេលអស់រដូវមានអ្វីខ្លះ?
ជាមួយនឹងបម្រែបម្រួលអ័រម៉ូនដូចដែលបានបញ្ជាក់ខាងលើ ស្រ្តីនឹងអាចកើតមាននូវអាការៈដូចខាងក្រោម៖
ទ្បើងកម្តៅក្នុងខ្លួន ៖ កើតលើស្ត្រី ៧៥% ជុំវិញវ័យអស់រដូវ ដែលវាកើតឡើងក្នុងរយ:ពេល ៣០វិនាទីទៅ២ ឬ៣នាទី (ជាទូទៅ ការទ្បើងកម្តៅអាចកើតមានរយៈពេល ២-៣ឆ្នាំ និងអាចបន្តរហូតដល់៥ឆ្នាំ) ស្បែកប្រែពណ៌ជាក្រហម និងស្បែកស្ងួតចង្វាក់បេះដូងកើនទ្បើង បែកញើសពេញខ្លួនពិបាកគេងពេលយប់ និងមានរោគសញ្ញាលេចនោមពេលក្អក ឬកណ្តាស់ផងដែរ។

ក្រៅពីនោះ ស្រ្តីនៅក្នុងដំណាក់កាលអស់រដូវក៏អាចជួបប្រទះនឹងផលលំបាកជាច្រើនដែលអាចប៉ះពាល់ដល់គុណភាពនៃជីវិតរបស់ពួកគេ៖
ទ្វារមាសស្ងួត   ក្តៅ   និងឈឺពេលរួមភេទដោយសារការធ្លាក់ចុះនៃអ័រម៉ូនអឺស្រ្តូសែន សុដន់រួមតូច ដង់ស៊ីតេឆ្អឹងថយចុះធ្វើឲ្យកើនទ្បើងនូវហានិភ័យនៃការពុកឆ្អឹង ជាតិខ្លាញ់អាក្រក់នៅក្នុងសរសៃឈាមកើនទ្បើងធ្វើឲ្យមានហានិភ័យជាច្រើនទៀត ទម្ងន់កើនទ្បើងដោយសារបម្រែបម្រួលនៃអ័រម៉ូន អារម្មណ៍ប្រែប្រួល   (ស្ត្រីភាគច្រើនមានអារម្មណ៏មិនល្អមានវិបត្តិស្ត្រេស   ឬអស់កំលាំងល្ហិតល្ហៃ  គេងមិនស្ងប់  និងមានអារម្មណ៍មិនសប្បាយចិត្តដោយសារការប្រែប្រួលនៃរាងកាយ)។

ស្ត្រីអាចអស់រដូវមុនកាលកំណត់?
ជាការពិត ស្ត្រីមួយចំនួនអាចជួបប្រទះនឹងបញ្ហាអស់រដូវមុនកាលកំណត់ដោយសារតែមានកត្តាជម្រុញមួយចំនួន៖
•ស្រី្តដែលកាត់ក្រពេញដៃស្បូនទាំងសងខាង
•ស្រ្តីដែលកាត់ស្បូន
•កត្តារាងកាយរបស់ស្រ្តី និងសារធាតុពុលផ្សេងៗ
•កត្តាហែ្សន ឬតំណពូជ។


ធ្វើយ៉ាងណាអាចដឹងថាស្រ្តីឈានដល់វ័យអស់រដូវ?
តាមរយៈរោគសញ្ញាគ្លីនិក និងការធ្វើរោគវិនិច្ឆ័យអមគ្លីនិកមួយចំនួនដូចជា៖
•ពិនិត្យឈាម ៖ ពិនិត្យអ័រម៉ូន FSH (follicle stimulating hormone)
•ពិនិត្យដង់ស៊ីតេឆ្អឹង
•ពិនិត្យឈាមរកកត្តាហានិភ័យនៃជំងឺបេះដូង
•ពិនិត្យជាតិខ្លាញ់ក្នុងឈាម។


ការព្យាបាលសម្រាប់ស្រ្តីនៅវ័យអស់រដូវអាចធ្វើឡើងយ៉ាងដូចម្តេច?
1.  ផ្លាស់ប្តូរទម្លាប់រស់នៅ ធ្វើលំហាត់ប្រាណជាប្រចំា កាត់បន្ថយស្ត្រេស ផ្លាស់ប្តូរការហូបចុក   តមអាហារប៉ះពាល់សុខភា ញុំាកាល់ស្យូមឲ្យបានទៀងទាត់។
2.  ព្យាបាលដោយអ័រម៉ូនជំនួសដើម្បីកាត់បន្ថយរោគសញ្ញាមួយរយ:ពេលខ្លី។
3.  ព្យាបាលដោយឱសថធម្មជាតិ ឬអ័រម៉ូន។

គួរបញ្ជាក់ថា ចំពោះការព្យាបាលដោយឱសថធម្មជាតិ ឬអ័រម៉ូនត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយរោគសញ្ញាដែលក្នុងនោះសារធាតុដែលត្រូវបានប្រើប្រាស់ អាចជាប្រភេទជីធម្មជាតិលាយជាមួយអ័រម៉ូន ឬចំណីអាហារដែលសម្បូរដោយអ័រម៉ូនអឺស្រ្តូសែន រួមមានពពួកសណ្តែកសៀង  ទឹកសណ្តែក  និងតៅហ៊ូជាដើម៕

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់