ថ្នាំប្រឆាំងនឹងជំងឺមហារីកថ្មីមានប្រសិទ្ធិភាពខ្លាំងក្នុងការប្រឆាំងនឹងដុំសាច់

ការសិក្សាដ៏តូច ប៉ុន្តែមានសារៈសំខាន់មួយបានធ្វើឲ្យអ្នកជំនាញមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការរកឃើញ«អំពីថ្នាំប្រឆាំងនឹងជំងឺមហារីកមួយអាចជួយកម្ចាត់ដុំសាច់ចំពោះអ្នកជំងឺមហារីកដែលមានសភាពធន់ទៅនឹងការព្យាបាលស្ទើរគ្រប់ទម្រង់»ហើយនោះ។ 

ការសិក្សាដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី Science បានតាមដានទៅលើអ្នកជំងឺ៨៦នាក់ដែលមានជំងឺមហារីកកម្រិតធ្ងន់ធ្ងរទៅលើលំពែង ក្រពេញប្រូស្តេត ស្បូនឬឆ្អឹង។ អ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំដែលមានម៉ាកឈ្មោះ Keytruda វាគឺស្ថិតនៅក្នុងពពួកថ្នាំ Pembrolizumab ហើយវាទទួលបានលទ្ធផលយ៉ាងជោគជ័យ។ អ្នកជំងឺ៦៦នាក់ដែលមានដុំសាច់ បានមានសភាពថយបាត់ទៅវិញនិងមានសភាពថេរ ហើយក្នុងចំណោមនោះមានអ្នកជំងឺ១៨នាក់ដែលដុំសាច់របស់ពួកគេបានជាទៅវិញ និងមិនមានការកើតឡើងវិញទេ។
 
អ្នកជំងឺទាំងអស់សុទ្ធតែមានការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី (Genetic mutations)ដែលហាមឃាត់កោសិការបស់ពូកគេពីការជួសជុលDNA ដែលខូចខាត។ Pembrolizumab គឺត្រូវបានស្គាល់ថាជា PD-1 blocker ដែលវាគឺជាប្រភេទថ្នាំសម្រាប់ព្យាបាលប្រព័ន្ធភាពស៊ាំ ដែលវាមាននាទីជួយប្រព័ន្ធភាពស៊ាំស្វែងរកកោសិកាមហារីក និងវាយប្រហារទៅលើដុំសាច់។
 
ទំហំនៃការសិក្សាមានលក្ខណៈតូច និងមិនមានក្រុមមនុស្សដែលមិនទទួលបាន Pembrolizumab (Control group) ដើម្បីឲ្យអ្នកវិទ្យាសាស្ត្រអាចធ្វើការប្រៀបធៀបលទ្ធផលទេ ប៉ុន្តែលទ្ធផលត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយFood and Drug Administration (FDA) បានសម្រេចអនុញ្ញាតឲ្យប្រើ Pembrolizumab សម្រាប់អ្នកជំងឺដែលមានមហារីកមកពីការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី។
 
សារពត៌មាន New York Times បានសរសេរថា «នេះគឺជាលើកទីមួយដែលថ្នាំប្រភេទត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដើម្បីប្រឆាំងនឹងដុំសាច់ដែលមានទម្រង់ហ្សែនជាក់លាក់មួយ ដោយមិនគិតពីកន្លែងដែលពួកវាកើតនៅក្នុងខ្លួនយើង»។
 
លោកវេជ្ជបណ្ឌិត Jack Jacoub ដែលលោកជាគ្រូពេទ្យឯកទេសផ្នែកជំងឺមហារីក បាននិយាយថា មានមតិទូទៅមួយលើកឡើងថាប្រព័ន្ធភាពស៊ាំគឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍនិងការរីករាលដាលនៃជំងឺមហារីក ហើយការរកឃើញថ្មីទាំងនេះបង្ហាញថា ការកំណត់គោលដៅយកប្រព័ន្ធភាពស៊ាំក្នុងការព្យាបាលមហារីកគឺអាចមានប្រសិទ្ធភាពខ្ពស់។ ការកំណត់គោលដៅលើប្រព័ន្ធភាពស៊ាំបានធ្វើឲ្យស្ថានភាពជំងឺមានភាពប្រសើរឡើង ហើយវាពុំចាំបាច់ត្រូវមានទំនាក់ទំនងនឹងជំងឺមហារីកណាមួយជាក់លាក់ទេ។ 
 
លោកគិតថាថ្នាំប្រភេទនេះនឹងត្រូវបានប្រើនាពេលអនាគតដើម្បីផ្សារភ្ជាប់ជាមួយនឹងការបង្កើតការព្យាបាលជំងឺមហារីកសម្រាប់ប្រភេទជំងឺជាក់លាក់មួយ។ លោកបានបន្ដទៀតថា នេះអាចធ្វើឲ្យលទ្ធផលកាន់តែប្រសើរឡើង ហើយទម្រង់នៃការព្យាបាលនេះ ឬតាមរយៈទម្រង់ផ្សេងៗ អាចឲ្យយើងធ្វើការព្យាបាលនិងលុបបំបាត់ចោលនូវជំងឺមហារីកបាន។ ទាំងនេះគឺជាជំហានដែលធ្វើឲ្យយើងឈានទៅកាន់តែជិតនឹងគោលដៅរបស់យើង។
 
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់