គន្លឹះសុខភាព១២យ៉ាងដែលចម្លែកតែពិតជាមានគុណប្រយោជន៍

ទម្លាប់សុខភាពខាងក្រោមនេះអាចនឹងមានសភាពចម្លែក ប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកពិតមែនដោយឆ្លងកាត់តាមរយៈ ការពិសោធន៍ក៏ដូចជាការស្រាវជ្រាវ។

គន្លឹះជាច្រើនហាក់ដូចជាបង្ហាញត្រង់ៗដូចជា ដើម្បីសម្រកទម្ងន់យើងត្រូវទទួលទានអាហារតិច និងធ្វើលំហាត់ប្រាណឲ្យបានច្រើន ឬដើម្បីទទួល បានថាមពលឲ្យបានច្រើន យើងត្រូវទទួលទានដំណេកឲ្យបានច្រើន ហើយដើម្បីរក្សាជាតិទឹកក្នុងសារពាង្គកាយ ត្រូវទទួលទានទឹកឲ្យបានច្រើន។ ផ្ទុយទៅវិញ គន្លឺះទាំង១២ខាងក្រោមហាក់ដូចជាមានន័យផ្ទុយបន្តិចតែវាជារឿងពិត ៖
 
១    ទទួលទានកាហ្វេដើម្បីគេងសម្រន់លក់បានស្រួល 
ការសិក្សារបស់ប្រទេសជប៉ុនបានបង្ហាញថាអ្នកដែលគេងសម្រន់បានលក់ល្អ គឺជាអ្នកដែលបានទទួលទានជាតិកាហ្វេអ៊ីនប្រហែល 200mg (ប្រហែល 2 ទៅ 3កែវ) ហើយគេងប្រមាណ 20នាទីមានស្មារតីខ្លាំងក្លា និងបំពេញការងារជាមួយកុំព្យូទ័របានល្អជាងអ្នកដែលមិនបានទទួលទានកាហ្វេ។ «ការគេង រយៈពេល 20នាទី នឹងត្រូវបានបញ្ចប់ស្របពេលដែលជាតិកាហ្វេអ៊ីនជ្រាបចូល និងសម្អាតម៉ូលេគុលមួយនៅក្នុងខួរក្បាលដែលមានឈ្មោះថាអាដេណូស៊ីន (Adenosine) ដែលជាអនុផលនៃសកម្មភាព និងការភ្ញាក់ ឬស្វាងពីដំណេក» យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតផ្នែកសរសៃប្រសាទ និងដំណេកនៅ ទីក្រុងញូវយ៉ក។
 
២    ដើម្បីឲ្យធ្មេញស្រស់ស្អាតកុំដុសធ្មេញបន្ទាប់ពីទទួលទានអាហារ
កុំធ្វើការដុសសម្អាតធ្មេញភ្លាមៗបន្ទាប់ពីទទួលទានអាហារ ឬភេសជ្ជៈ ជាពិសេសអាហារដែលមានជាតិអាស៊ីតដូចជា ពពួកផ្លែក្រូច ភេសជ្ជៈប៉ូវកម្លាំង ប៉េងប៉ោះជាដើម ព្រោះអាហារប្រភេទនេះនឹងបន្ទន់កាចាធ្មេញ។ លោក Howard R. Gamble អតីតប្រធានបណ្ឌិតសភាទូទៅផ្នែកទន្តសាស្រ្តបន្ថែម ផងដែរថា «ការដុសធ្មេញភា្លមបន្ទាប់ពីបរិភោគអាហារបែបនោះ នឹងបង្កើនល្បឿននៃការប៉ះពាល់ដល់កាចាធ្មេញ  និងធ្វើឲ្យស្រទាប់ខាងក្រោមសឹក។ អ្នកគួររង់ចាំប្រហែលពី 30 ទៅ 60 នាទីសិន។»
 
៣    ដើម្បីពាក់សម្លៀកពាក់ទំហំតូចជាងមុនត្រូវឡើងទម្ងន់
ទម្ងន់ត្រង់នេះសំដៅលើទម្ងន់សាច់ដុំ។ ប្រសិនបើយើងធ្វើការប្រៀបធៀបរវាងទម្ងន់សាច់ដុំ និងទម្ងន់ខ្លាញ់យើងនឹងងាយស្រួលយល់ជាង។ បុគ្គលពីររូប ដែលមានទម្ងន់ស្មើគ្នាតែមួយសំបូរសាច់ដុំ និងមួយទៀតសំបូរខ្លាញ់ អ្នកដែលមានសាច់ដុំអាចនឹងស្លៀកសម្លៀកបំពាក់ទំហំតូចជាងអ្នកដែលមានខ្លាញ់។ នាយក SACO Sport & Fitness បានមានប្រសាសន៍ថា «អ្នកអាចនឹងមានសាច់ដុំធំតែមាឌតូចប្រសិនបើអ្នកសម្រកខ្លាញ់»។
 
៤    ដើម្បីញ៉ាំតិចពេលក្រោយ ត្រូវញ៉ាំច្រើន 
រាល់ពេលដែលឃ្លានម្តងៗអ្នកប្រហែលជាចង់ញ៉ាំនេះញ៉ាំនោះ តែក៏មានកូនចិត្តមួយថាខ្លាចធាត់ហេតុនេះហើយក៏ព្យាយាមញ៉ាំក្នុងបរិមាណតិច។ ប៉ុន្តែ អ្នកមិនបានដឹងទេថាការញ៉ាំបែបនេះធ្វើឲ្យអ្នកនឹកឃើញចង់ញ៉ាំបន្តទៀត។ អ្នកគួរទទួលទានអាហារដែលសំបូរដោយជាតិប្រូតេអ៊ីនដែលនឹងធ្វើឲ្យឆាប់ ឆ្អែតហើយអាហារទៀតសោតក៏ស្ថិតនៅបានយូរផងដែរ។
 
៥ ​​   កុំទទួលទានភេសជ្ជៈប៉ូវកម្លាំងពេលអស់កម្លាំង
ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកនូវជាតិកាហ្វេអ៊ីនដល់ ទៅ 5ដងលើសពីនៅក្នុងកាហ្វេ ហើយថាមពលដែលផ្តល់ឲ្យនោះនឹងបាត់ទៅវិញក្នុងរយៈពេលខ្លី រួចក៏ផ្តល់នូវអាការៈមួយចំនួនដូចជាញ័រខ្លួន ភាពក្រហល់ក្រហាយ និងបេះដូងលោតញាប់។ ម្យ៉ាងទៀត ភេសជ្ជៈប្រភេទនេះក៏មានផ្ទុកផងដែរនូវកម្រិត
ខ្ពស់នៃតូរីន (ភ្នាក់ងាររំញោចប្រព័ន្ធប្រសាទ) និងមានជាតិស្ករដល់ទៅ 50g។ បន្ទាប់ពីអស់ប្រសិទ្ធភាពវានឹងធ្វើឲ្យអ្នកស្ពឹក និងវល់វល់រួចក៏ស្រវា បន្ថែមទៀត។
 
៦    ទទួលទានទឹកនៅពេលហើមពោះ
ពេលឮពាក្យថាហើមពោះអ្នកប្រាកដជាគិតថា ទឹកនឹងធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងប៉ុន្តែលោកវេជ្ជបណ្ឌិត  James Lee បានប្រាប់ថា «ទឹកនឹងលាយជាមួយជាតិសរសៃដែលអាចរលាយបានហើយបង្កើតជាសារធាតុមួយស្រដៀងនឹងជែល (Gel) ដែលនឹងប៉ះពាល់ដល់ដំណើររបស់លាមក និងកាត់បន្ថយអាការៈហើមពោះនេះ»។ ទឹកក៏មានប្រសិទ្ធភាពដូចគ្នាចំពោះអាការៈហើមពោះដោយសារខ្វះជាតិទឹក។
 
៧    កុំទទួលទាន Diet Soda ដើម្បីសម្រកទម្ងន់
អ្នកគួរចៀសវាង Soda Drinks ទាំងអស់ទោះជាប្រភេទ Diet ក៏ដោយ។ ការសិក្សារបស់ Johns Hopkins Bloomberg School of Public Health បានបង្ហាញថាយុវវ័យដែលមានទម្ងន់ច្រើនហួសដែលទទួលទានភេសជ្ជៈប្រភេទ Diet នេះស្រូបយកបរិមាណកាឡូរីច្រើនជាងអ្នកទទួលទាន ប្រភេទធម្មតា។ ការសិក្សាមួយទៀត ក៏បានរកឃើញផងដែរថាពួកគេនឹងត្រូវប្រឈមនឹងបញ្ហាចង្កេះរីកសាយដល់ទៅ 70% លើសអ្នកដែលមិនបានផឹក។ ដូចគ្នាទៅនឹងភេសជ្ជៈដែរ ចំណីអាហារមួយចំនួនដែលមានដាក់ស្លាកយ៉ាងធំៗថា “Low-fat”,“Low sugar” ឬ “light” ត្រូវបានអតិថិជនយល់ច្រឡំ ក៏ដូចជាជឿជាក់ថាដូចនឹងអ្វីដែលបានដាក់បង្ហាញនោះមែន តែតាមការពិតទៅវាមិនពិតប្រាកដទាំងស្រុងនោះទេ។ 


៨    ទទួលទានភេសជ្ជៈក្តៅៗដើម្បីឲ្យត្រជាក់ចិត្ត
ពេលអាកាសធាតុក្តៅស្អុះស្អាប់ហើយមានញើសហូរនោះ តើអ្នកគួរជ្រើសរើសភេសជ្ជៈមួយណារវាងភេសជ្ជៈត្រជាក់ ឬក្តៅ? ការសិក្សាថ្មីៗចំនួនពីរ បានបង្ហាញថា ភេសជ្ជៈក្តៅៗជាជម្រើសដ៏ល្អប្រសើរជាងគេ។ ដោយសារមូលហេតុថាពេលដែលអ្នកផឹកវា រាងកាយនឹងទទួលដឹងពីបម្រែបម្រួលនៃ សីតុណ្ហភាពនៅក្នុងរាងកាយរបស់អ្នកហើយបង្កើននូវការផលិតញើស។ បន្ទាប់មក ពេលដែលញើសហួតចេញពីស្បែករបស់អ្នក អ្នកនឹងមានអារម្មណ៍ ត្រជាក់ជាមិនខាន។
 
៩    ធ្វើលំហាត់ប្រាណពេលនឿយហត់
បន្ទាប់ពីការធ្វើកិច្ចការងារជាច្រើនហើយមានអារម្មណ៍ថានឿយហត់លំហាត់ប្រាណអាចនឹងជាជម្រើសចុងក្រោយដែលអ្នកចង់ធ្វើតែការបញ្ចេញញើស នឹងបង្កើនថាមពលដល់អ្នក។ ការសិក្សារបស់ Medicine and Science in Sports and Exercise បានបញ្ជាក់ថា ការនឿយហត់ផ្នែកអារម្មណ៍ ឬជំងឺធ្លាក់ទឹកចិត្ត នឹងបានរសាយបន្ទាប់ពីការធ្វើលំហាត់ប្រាណកម្រិតមធ្យមរយៈពេល 30នាទី។ «រាល់សកម្មភាពដែលយើងធ្វើ យើងត្រូវប្រើប្រាស់ អុកស៊ីហ្ស៊ែន ដូច្នេះហើយ ពេលដែលអ្នកហាត់ប្រាណវានឹងជួយឲ្យអ្នកប្រកបកិច្ចការកាន់តែប្រកបដោយ
ប្រសិទ្ធភាព និងមិនងាយនឿយហត់ម្យ៉ាងទៀត ផ្នែកចិត្តគំនិតក៏ល្អប្រសើរផងដែរ»។  
 
១០    សរសេរកត់ចំណាំដោយដៃដើម្បីបង្កើនថាមពលខួរក្បាល
ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Indiana បានបង្ហាញឲ្យឃើញថា ការសរសេរកត់ចំណាំជាមួយនឹងក្តារចុច ថ្វីត្បិតថាមានមុខងារប្លែកៗជាច្រើនមែន តែអ្នកនឹងមិនងាយចងចាំវាដូចជាការសរសេរដោយប្រើដៃនោះទេ។ «នៅពេលដែលអ្នករៀនអ្វីមួយដែលថ្មី អ្នកត្រូវអនុលោមវាហើយនៅពេលដែល អ្នកកត់ចំណាំវាដោយដៃ អ្នកបានអនុលោមនិងរៀនព័ត៌មានទាំងនោះ»។ លុះដល់ពេលអ្នកត្រឡប់ទៅមើលទំព័រដែលបានកត់នោះ អ្នកនឹងងាយរំលឹក នូវព័ត៌មានទាំងនោះឡើងវិញ។
 
១១ ដើម្បីឲ្យទំនាក់ទំនងស្នេហាកាន់តែស្អិតរមួតចំណាយពេលតិចនៅជាមួយគ្នា
ការនៅជាមួយគ្នាស្ទើរគ្រប់វិនាទីដោយមិនបែកពីគ្នាមួយជំហានណាសោះមិនមែនជាវិធីដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែស្អិតរមួតទេ។ ការចំណាយពេលនៅម្នាក់ឯងនឹងអភិវឌ្ឍគំនិតរបស់អ្នក កាត់បន្ថយការសម្រេចចិត្ដដោយគ្មានវិចារណញ្ញាណ ហើយក៏ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ផងដែរ។ ពេលវេលាដែលអ្នកចំណាយ ធ្វើឲ្យអ្នកដើរតួនាទីបានកាន់តែល្អជាអ្នកលះបង់ និងទទួលក្នុងជីវិតស្នេហារបស់ខ្លួនតាមរយៈការកាត់បន្ថយស្ត្រេស និងការថប់អារម្មណ៍។
 
១២ កុំប្រើប្រាស់សាប៊ូកម្ចាត់បាក់តេរីដើម្បីបង្ការជំងឺ
រដ្ឋបាលផ្នែកចំណីអាហារ និងឱសថបានបង្ហាញថាសាប៊ូដែលមានដាក់ស្លាកសញ្ញា “Antibacterial” មិនទាន់មានភស្តុតាងថាកាត់បន្ថយនូវហានិភ័យ ក្នុងការកើតមានរោគសញ្ញា ឬចម្លងជំងឺទៅអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះការប៉ះពាល់ជាមួយសាប៊ូប្រភេទនេះអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ដូចជាភាពស៊ាំ ឬធន់នឹងបាក់តេរី ឬប៉ះពាល់ដល់អ័រម៉ូនផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់