តើការលំបាកមានផ្ទៃពោះអាចដោះស្រាយបានទេ?

ក្នុងចំណោម 6គូ ឬបើគិតជាភាគរយប្រហែលជា 16% នៃអ្នកស្ថិតក្នុងវ័យបន្តពូជត្រូវបានដឹងថាកំពុងជួបនូវបញ្ហាលំបាកក្នុងការមានកូន(infertility) នេះបើតាមស្ថិតិរបស់ មន្ទីរសំរាកព្យាបាលកម្ពុជា (Fertility Clinic of Cambodia) និងតាមទិន្នន័យ អង្គការសុខភាពពិភពលោក (World Health Organization)។

ការខកបំណងទៅលើគម្រោងមានបុត្រត្រូវបានជួបប្រទះដោយគ្រួសារជាច្រើនរួចមកហើយដោយនាំមកនូវផលប៉ះពាល់ជាច្រើនដល់ពួកគេមិនថាជា ឥទ្ធិពលលើផ្លូវអារម្មណ៍ចំពោះខ្លួនឯង ជីវិតអាពាហ៍ពិពាហ៍ ព្រមទាំងការរិះគន់ ឬសើចចំអកពីសង្គមជុំវិញ ជាពិសេសវាក៏អាច ប៉ះពាល់ដល់បញ្ហា សុខភាពទៀតផង។ ហេតុនេះ ចាំបាច់ត្រូវរកដំណោះស្រាយតាមបែបវេជ្ជសាស្ត្រ។
 
តើអ្វីទៅជាការលំបាកមានកូន?
បុរសស្រ្តីដែលព្យាយាមមានកូន ក្នុងរយៈពេលមួយឆ្នាំដោយមានការរួមភេទជាទៀងទាត់ 2 ទៅ 3 ដងក្នុងមួយសប្តាហ៍ ហើយនៅតែមិនអាចមានកូនបាន អាចចាត់ទុកបានថាជាអ្នកលំបាកមានកូន។ សូមបញ្ជាក់ថា  ពីមុន ការលំបាកមានកូនមិនត្រូវបានចាត់ទុកជាជំងឺទេ ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានឲ្យ និយមន័យជាជំងឺដែលអាចជះឥទ្ធិពលជាពិសេសទៅលើផ្លូវចិត្ត និងអាចមានពាក់ព័ន្ធនឹងជំងឺទូទៅមួយចំនួនផងដែរ ដូចជាបណ្តាលមកពី គីស្ត ឬដុំសាច់ នៅក្នុងស្បូនចំពោះស្រ្តី ចំណែកបុរស ជាពិសេសគឺអាចជា varicocele (សរសៃវ៉ែនលើពងស្វាសហើម នាំឲ្យមានកម្តៅ និងមិនសូវមានការ ផលិតស្ពែម) ដែលបញ្ហានេះ បើសិនជាទុកយូរអាចមានជាបញ្ហាផ្សេងៗទៀតដូចជាឈឺពងស្វាសជាដើម។
 
តើអ្វីខ្លះជាមូលហេតុនៃការលំបាកមានកូន?
មូលហេតុជាទូទៅត្រូវបានចែកចេញជា 2ផ្នែកគឺផ្នែកស្រ្តី ប្រហែល 40% (Female infertility) និងផ្នែកបុរស ប្រហែល40% (Male infertility) ក្រៅពីនោះគឺ 20% ទៀតជាបញ្ហាដែលមិនអាចពន្យល់បាន (Unexplained infertility) ។

ផ្នែកបុរស៖ បុរសដែលមានការបញ្ចេញ ឬផលិតទឹកកាមមិនគ្រប់គ្រាន់ ឬស្ពែមមានចលនាមិនល្អ ចំនួនតិច រូបរាងមិនប្រក្រតីដែលអាចជាផលវិបាក បណ្តាលមកពីការឆ្លងនូវមេរោគ ការរលាកពងស្វាស ការប៉ះទង្គិច ឬជាបញ្ហាពីកំណើតតែម្តង។
ផ្នែកស្ត្រី៖ អាចទាក់ទងនឹងការមានដុំសាច់ក្នុងស្បូន ការស្ទះដៃស្បូន មានគីស្តនៅក្រពេញដៃស្បូន ឬក៏ការមានបញ្ហាលើដំណើរអូវុល (ដូចជាការធ្លាក់ មិនទៀងទាត់នៃអូវុល) ជាដើម។
 
ក្រៅពីនោះ កត្តារស់នៅ ដូចជាការពិសាស្រា និងបារីច្រើនអាចជះឥទ្ធិពលអាក្រក់ដល់ការផលិត មេជីវិតឈ្មោល និងអាចធ្វើឲ្យការផលិតអូវុលមិនល្អ ឬដៃស្បូនមានចលនាមិនគ្រប់គ្រាន់ផងដែរ ដូចនេះ ទើបស្រ្តីជក់បារីអាចប្រឈមនឹងការមានកូនក្នុងដៃស្បូនពេលមានផ្ទៃពោះ។ កត្តាអារម្មណ៍ស្ត្រេស តប់ប្រមល់ គេងមិនលក់ ឬភាពនឿយហត់នឹងការងារពេកក៏អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្ត្រីផងដែរ។
 
តើលទ្ធភាពនៃការមានកូនអាស្រ័យនឹងអ្វីខ្លះ?
អាយុរបស់ស្ត្រី៖ តាមរយៈនិយមន័យនៃការលំបាកមានកូន ប្រសិនបើមានការរួមភេទ 2 ទៅ 3ដងក្នុងមួយសប្តាហ៍ ហើយនៅតែមិនមានកូន   ស្ត្រីក្រោម អាយុ 35ឆ្នាំ គួរមកពិគ្រោះជាមួយនឹងគ្រូពេទ្យ ឯកទេស នៅរយៈពេល 1ឆ្នាំក្រោយ និងស្ត្រីលើសពី 35ឆ្នាំ គួរព្យាយាមត្រឹម 6ខែ   ស្របពេលដែល ស្ត្រីអាយុចាប់ពី 40ឆ្នាំ គួរព្យាយាមត្រឹមរយៈពេល 3ខែប៉ុណ្ណោះដោយសារស្ត្រីដែលអាយុច្រើន អាចមានមេជីវិតញីកាន់តែខ្សោយ និងធ្វើឲ្យកាន់តែពិបាក មានកូន។ ដោយឡែក ចំពោះស្ត្រីអាយុនៅតិច ក៏អាចស្វែងរកការពិគ្រោះ និងទទួលយកដំបូន្មានពីវិធីសាស្ត្រធម្មជាតិដែលជួយឲ្យឆាប់មានកូន។

ស្ថានភាពរបស់អ្នកជំងឺតាមរយៈការធ្វើរោគវិនិច្ឆ័យនៃការលំបាកមានកូន៖
•  ចំពោះស្ត្រីប្រសិនបើមានការសង្ស័យណាមួយគាត់នឹងត្រូវណែនាំឲ្យថតឆ្លុះអេកូរកមើលដុំគីស្ត និងមើលសុខភាពស្បូន ភាពស្ទះ ឬចំហនៃដៃស្បូនក្រពេញ ព្រមទាំងតាមដានដំណើរអូវុល ក៏ដូចជាការធ្វើតេស្តរកកម្រិតអ័រម៉ូន (តេស្តឈាម)ផងដែរ។
•  ចំពោះបុរស ត្រូវឲ្យពិនិត្យមើលទឹកកាម (អ្នកជំងឺត្រូវខានរួមភេទពី 3 ទៅ 5ថ្ងៃ) ដើម្បីវាយតម្លៃចំនួន និងរូបរាង ព្រមទាំងគុណភាពនៃមេជីវិតឈ្មោល។
 
តើអ្វីជាដំណោះស្រាយសម្រាប់បញ្ហាលំបាកមានកូន?
ការលំបាកមានកូនបណ្តាលមកពីមូលហេតុផ្សេងៗ និងត្រូវព្យាបាលទៅតាមមូលហេតុផងដែរដែលក្នុងនោះជាទូទៅគឺមាន 3 វិធីសាស្ត្រ៖
•  ការប្រើប្រាស់ថ្នាំ៖ ចំពោះស្ត្រីដែលមានបញ្ហាដំណើរអូវុល នឹងអាចត្រូវបានណែនាំឲ្យប្រើប្រាស់ថ្នាំជំនួយអូវុល (ភ្ញោចអូវុល) រួចតាមដានមើលថាអូវុលនឹងធំ លូតលាស់ល្មមនៅពេលណា ដែលជាពេលវេលាដែលគាត់គួររួមភេទ និងមានឱកាសមានកូនបានជោគជ័យ។
•  ការបញ្ចូលមេជីវិតឈ្មោលក្នុងស្បូនរបស់ស្ត្រី៖ ជាវិធីក្នុងការលាងសម្អាតមេជីវិតបុរសមុននឹងបញ្ចូលក្នុងស្បូនដែលការធ្វើនេះគឺជាការជំនួយក្នុងការហែល របស់មេជីវិតឈ្មោល (កាត់បន្ថយរយៈពេលក្នុងការហែល)ទៅរកមេជីវិតញី។ វាត្រូវបានណែនាំផងដែរក្នុងករណីស្បូនស្ត្រីដែលពុំសូវមានរំអិល។
•  ការបង្កកំណើតកូនក្នុងកែវ៖ ជាបច្ចេកវិទ្យាទំនើបចុងក្រោយជួយឲ្យមានកូន ដោយការយកមេជីវិតញីចេញមកក្រៅដើម្បីធ្វើការបង្កកំណើតជាមួយ មេជីវិតបុរសជាស្វាមី ឲ្យបានជាកោសិកាកូន រួចទើបចាក់បញ្ចូលទៅក្នុងស្បូនវិញ។ បច្ចេកទេសនេះត្រូវបានណែនាំករណីដែលអ្នកជំងឺស្ថិតក្នុងស្ថានភាព ពិបាកខ្លាំងដូចជា មេជីវិតឈ្មោលខ្សោយខ្លាំងពេក ដៃស្បូនស្ទះទាំងសងខាងដែលធ្វើឲ្យគ្មានលទ្ធភាពមានកូនតាមបែបធម្មជាតិ។ វាក៏ត្រូវបានជ្រើសរើស មកអនុវត្តក្នុងករណីលំបាកមានកូនដែលមិនអាចបកស្រាយបានផងដែរ (ស្ពែមល្អ ដៃស្បូនល្អ ក្រពេញល្អ ដំណើរធ្លាក់អូវុលទៀងទាត់តែមិនមានកូន)។ បច្ចេកទេសនេះក៏អាចជាវិធីសាស្ត្រដែលឈានដល់ការធ្វើរោគវិនិច្ឆ័យឃើញនូវបញ្ហាមួយចំនួនផងដែរដូចជាការរកឃើញនូវរូបរាងខុសប្រក្រតីរបស់មេជីវិញី ដែលជាមូលហេតុនៃការលំបាកមានកូនជាដើម។
 
តើលទ្ធភាពនៃឡាបូបង្កកំណើតអាចសម្រេចបានអ្វីខ្លះ?
លទ្ធភាពនៃការមានកូនតាមរយៈបច្ចេកវិទ្យាជួយបង្កកំណើតនៅកម្ពុជាមានអត្រាជោគជ័យខ្ពស់ពោលគឺសម្រេចបាន 67%  បើប្រៀបនឹងប្រទេស ជឿនលឿននៅប៉ែកអឺរ៉ុប បានត្រឹមតែ 28 % ទៅ41 % ខណៈដែលសហរដ្ឋអាមេរិកបាន 54% នេះបើយោងតាម របាយការណ៍របស់ស្ថាប័នបច្ចេកវិទ្យា ជួយបង្កកំណើតនៅអឺរ៉ុប European Society of Human Reproduction and Embryology (ESHRE) និងរបាយការណ៍ផ្លូវការរបស់ ស្ថាប័នបច្ចេកវិទ្យាជួយបង្កកំណើតនៅអាមេរិក American Society for Reproductive Medicine (ASRM) នៅឆ្នាំ 2016 ។ លទ្ធផលខ្ពស់នេះ គឺដោយសារឡាបូនៃមន្ទីរព្យាបាលកម្ពុជា កសាងឡើងតាមការប្រឹក្សាពីអ្នកជំនាញមកពីសហរដ្ឋអាមេរិក វិធីសាស្ត្រព្យាបាលមានសុវតិ្ថភាព និងប្រសិទ្ធភាព ស្របតាមស្តង់ដាអន្តរជាតិ ក្រុមវេជ្ជបណ្ឌិតឯកទេសមានបទពិសោធន៍ និងបំពាក់ដោយសំភារៈចុងក្រោយ  និងជាពិសេសអ្នកជំងឺដែលជាទូទៅជា ប្រជាជនអាស៊ី ឬកម្ពុជាផ្ទាល់ ច្រើនចង់បានកូននៅ អាយុក្រោម 35ឆ្នាំ ដែលវាអំណោយផលដល់ការជោគជ័យកាន់តែខ្ពស់ជាងប្រជាជនអឺរ៉ុប។ មកដល់សព្វថ្ងៃមន្ទីរសម្រាកព្យាបាលកម្ពុជា បានជួយដល់អ្នកលំបាកមានកូនកម្រិតមធ្យម និងកម្រិតខ្លាំងឲ្យទទួលបានជោគជ័យ ចំនួន1431 គ្រួសារ រួចមកហើយ ។ជាមួយនឹងលទ្ធផលជោគជ័យនេះ នាំឲ្យមានការគាំទ្រ និងកាត់បន្ថយការទៅក្រៅប្រទេស បានយ៉ាងច្រើនពីប្រជាជនកម្ពុជា។
ក្រៅពីជួយអ្នកលំបាកមានកូនកម្រិតស្រាលដល់ធ្ងន់ មន្ទីរសម្រាកព្យាបាលកម្ពុជា ក៏មានការជោគជ័យផងដែរចំពោះការតាមដានផ្ទៃពោះតាមរយៈអេកូ កម្រិតស្តង់ដា ការត្រួតពិនិត្យរោគស្ត្រីទូទៅ ការកៀរយកជាលិកាស្បូនមកមើល (Pap Smear) វិធីសាស្ត្រពន្យារកំណើតផ្សេងៗការពិនិត្យរោគស្ត្រីប្រចាំឆ្នាំ និងជាពិសេសគឺការបូមទឹកភ្លោះដើម្បីតាមដានរកជំងឺ down syndrome ចំពោះទារកក្នុងផ្ទៃដែលជាលទ្ធផល ការតាមដាននេះ អាចកាត់បន្ថយ សឹងតែទាំងស្រុងចំពោះទារកដែលមាន down syndrome។ តាមរយៈម៉ាស៊ីនអេកូសាស្ត្រទំនើបដែលមិនត្រឹមអាចរកឃើញនូវភាពមិនប្រក្រតីរបស់ទារក ប៉ុណ្ណោះទេ បើគេយកលទ្ធផលនោះមកវិភាគជាមួយលទ្ធផលអ័រម៉ូនតាមរយៈឈាមម្តាយ វាក៏អាចឲ្យធ្វើរោគវិនិច្ឆ័យឃើញនូវការប្រឈមនឹងជំងឺលើសឈាម និងទឹកនោមប្រៃពេលមានផ្ទៃពោះ (ព្រាយក្រឡាភ្លើង) បានទៀតផង។

សរុបមក អ្នកលំបាកមានកូន ពុំគួរមានក្តីបារម្ភ ឬខ្មាស់អៀនឡើយ ហើយសូមជួបជាមួយនឹងអ្នកជំនាញច្បាស់លាស់ដែលមានវិជ្ជាជីវៈក្រមសីលធម៌ខ្ពស់ និងអាចរក្សាការសម្ងាត់ជូនពួកគាត់ដើម្បីដោះស្រាយបញ្ហានេះ។
 

អត្ថបទដោយ វេជ្ជបណ្ឌិត ស៊ាន សុខទៀង ឯកទេសលំបាកមានកូន រោគស្ត្រី និងសម្ភព នាយិកាបច្ចេកទេសនៃមន្ទីរសំរាកព្យាបាល កម្ពុជា។

 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់

profile.png
Kim Lieng អម្បាញ់មិញ

ជំរាបសួរអ្នកគ្រូ ! ខ្ញុំមានបញ្ហាកូនក្រៅស្បូនពីរដង កាត់ដៃស្បូនអស់ហើយ ចង់មានកូនតើអាចទេ? បើសិនជាបានតាមវិធីណា ហើយតម្លៃប្រហែលប៉ុន្មានដែរ? សូមអធ្យាស្រ័យជួយឆ្លើយផងអ្នកគ្រូ ។ សូមអរគុណ !!!! 

profile.png
Editor អម្បាញ់មិញ

បងអាចចូលទៅកាន់លីងនេះ http://healthtime.tips/p/Fertilityclinicofcambodia សម្រាប់ធ្វើការសាកសួរ ក៏ដូចជាទាក់ទងផ្ទាល់ទៅកាន់គ្លីនិក ក៏ដូចជាអ្នកគ្រូផ្ទាល់។ សូមអរគុណ....

ឆ្លើយតប