រលូតកូន និងរំលូតកូនដែលអ្នកចាំបាច់ត្រូវដឹង!

និយមន័យ នៃភាពខុសគ្នារវាងការរលូត និងការរំលូតកូន
ការរលូតកូន គឺជាការខ្ជាក់ចេញដោយឯកឯង (Spontaneous Expulsion) នូវធាតុបង្កកូន (Product of conception) ហើយកូនដែលធ្លាក់នោះមិនអាចរស់បានទេ ទោះបីមានការសង្គ្រោះល្អយ៉ាងណាក៏ដោយ។ ករណីនេះ ទារកក្នុងផ្ទៃត្រូវមានអាយុជុំវិញ ២៤អាទិត្យ និងមានទម្ងន់តិចជាង ៥០០ក្រាម។ ចំណែកឯ ការរំលូតវិញ គឺជាការធ្វើឲ្យធ្លាក់ធាតុបង្កកូន ដោយកោស ឬកាយ ឬដាក់ថ្នាំ។
 
សញ្ញាគ្លីនិក និងការធ្វើរោគវិនិច្ឆ័យ
ការរលូតកូននឹងបង្ហាញលោកអ្នកតាមរយៈសញ្ញានានាខាងក្រោម៖
• ស្ត្រីមានសញ្ញាណនៃការបាត់រដូវ ឬរដូវមិនទៀងទាត់
• មានធ្លាក់ឈាមតិច ឬច្រើន
• ឈឺពោះ ម្តងឈឺម្តងអត់ ហើយចេះតែខ្លាំងទៅៗ
• ការកន្ត្រាក់នៃស្បូន
• ស្បូនរីកទំហំ ហើយទន់
• មាត់ស្បូនបើក
• ករណីធ្វើការពិនិត្យដោយចំពុះទា (Speculum) ឃើញមានឈាមហូរចេញពីក្នុងស្បូន។ ដើម្បីធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ អ្នកជំងឺតម្រូវឲ្យពិនិត្យអេកូរូបភាពវេជ្ជសាស្ត្រ ដោយបង្ហាញនូវលទ្ធផលដូចខាងក្រោម៖
• ទារកក្នុងផ្ទៃគ្មានចង្វាក់បេះដូង ឬចលនា
• ទារកធ្លាក់ទៅក្រោមកន្សោមកូន (Ovular bag)
• ជួនកាលមើលឃើញតែពងថ្លាៗ (Clair Egg)។
 
មូលហេតុនៃការរលូតកូនញឹកញាប់
ស្រ្តីខ្លះធ្លាប់បានប្រឈមជាមួយការរលូតកូន ដោយសារការធ្វេសប្រហែស ប៉ុន្តែចំពោះស្ត្រីដែលចេះតែមានការលូតកូនជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុនោះ ស្ត្រីត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញព្រោះវាអាចដោយសារតែមាត់ស្បូនចំហរ ឬបញ្ហាក្រូម៉ូសូម ជាដើម ដែលអ្នកជំងឺអាចធ្វើការព្យាបាលបាន។

ហានិភ័យនៃការរំលូតកូនដោយមានការបង្ករោគ (Septic Abortion)
ស្ត្រីមួយចំនួនបានទៅធ្វើការរំលូតកូនខាងក្រៅដែលគ្មានសុវត្ថិភាព ដោយសារមានការប្រើប្រាស់នូវសម្ភារ:មិនស្អាត មិនបានសម្លាប់មេរោគត្រឹមត្រូវ (មិនស្តេរីល) ភាគច្រើនជាការរំលូតដោយខុសច្បាប់។ ករណីនេះស្ត្រីនឹងប្រឈមជាមួយនឹងការក្តៅខ្លួនខ្លាំង ញាក់ ធ្លាក់ឈាមមានធុំក្លិនស្អុយ ជួនកាល ពោះឡើងរឹងដោយរលាកស្រោមពោះ បន្ទាប់ពីស្ត្រីទទួលការរំលូតមិនស្អាត ២៤ទៅ ៤៨ម៉ោង ដែលក្នុងនោះជួនកាលមានការសល់កូន ឬកំទេចសុក ឬអាចមានការធ្លាយស្បូនទៀតផង។ ស្ត្រីក៏អាចធ្លាក់ចូលក្នុងសភាព Shockដែលស្តែងឡើងតាមរយៈ ថ្ងាសត្រជាក់ស្រេប មានបែកញើសស្អិត សម្ពាធឈាមចុះ ជីពចរញាប់ អាចលើសពី១០០ក្នុងមួយនាទី អត់មានទឹកនោម និងមានវិបតិ្តនៃការដកដង្ហើម។ ពេលនោះ ស្ត្រីត្រូវតែសម្រាកពេទ្យរយៈពេលយូរជាដាច់ខាត ដែលការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំផ្សះក្នុងកម្រិតខ្ពស់ ហើយប្រសិនបើមិនបានសង្គ្រោះទាន់ពេលវេលាទេនោះ អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបានទៀតផងក៏មាន។

បកស្រាយដោយ លោកសាស្រ្តាចារ្យ ប៉ូ ជិនសាមុត

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់