7ចំណុច ប្រាប់អ្នកពីការរៀបចំខ្លួន មុនពេលសម្រាល!

ភាពអន្ទះអន្ទែង លាយឡំជាមួយនឹងភាពសប្បាយរីករាយ តែងតែកើតមានឡើងចំពោះអ្នកម្តាយគ្រប់រូប ដែលកំពុងតែរង់ចាំនូវវត្តមានរបស់កូនតូចៗ នឹងមកដល់ឆាប់ៗនេះ។ តើគួរមានការរៀបចំខ្លួនយ៉ាងណា? តើធ្វើដូចម្តេចដើម្បីទ្រាំទ្រនឹងភាពឈឺចាប់នៅពេលសម្រាល? សំណួរទាំងនេះ ស្រ្តីមានផ្ទៃពោះភាគច្រើន ប្រហែលជាត្រូវបានសួរខ្លួនឯងជាញឹកញាប់ ដោយហេតុថា ពេលវេលានៃការសម្រាលនោះ កាន់តែជិតចូលមកដល់។
 
ពិតណាស់ វាជារឿងដែលអ្នកប្រាកដជាត្រូវឆ្លងកាត់នូវពេលវេលាមួយ ពោរពេញដោយភាពឈឺចាប់ និងគ្មានឡើយនូវផាសុកភាពកំឡុងពេលសម្រាល វាជាហេតុផលមួយដែលទាមទារឲ្យអ្នកគួរមានការហ្វឹកហាត់ខ្លួនឯង ទាំងផ្លូវកាយនិងចិត្ត ទទួលយកនូវពេលវេលាទាំងនោះ។ ប្រសិនអ្នកពុំទាន់ច្បាស់ថា អ្វីដែលអ្នកគួរមានការរៀបចំនោះ អត្ថបទខាងក្រោម នឹងប្រាប់អ្នកពីវិធីសាស្រ្តមួយចំនួន អាចឲ្យអ្នកអាចរៀបចំខ្លួនបានល្អ និងទទួលយកពេលវេលានោះ ដោយសុវត្ថិភាព។
 
១.  បន្តរបបអាហារឲ្យបានគ្រប់គ្រាន់៖ នៅពេលសម្រាលអ្នកមិនអាចទទួលបាននូវអាហារនោះទេ ដោយរង់ចាំទាល់តែការសម្រាលបានបញ្ចប់ ដែលប្រហែលជាទាមទារនូវពេលវេលាច្រើនម៉ោង ឬតិច អាស្រ័យលើស្ថានភាពខុសៗគ្នានៃការសម្រាលរបស់បុគ្គលម្នាក់ៗ។ អ្នកគួរតែផ្តល់ជាតិទឹក របបអាហារ និងថ្នាំវីតាមីនដល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់ នៅពេលដែលការសម្រាលកាន់តែខិតជិតមកដល់ ដើម្បីផ្តល់កម្លាំងដល់ខ្លួនឯងឲ្យបានបរិបូណ៍ សម្រាប់ពេលវេលាដ៏
អស្ចារ្យនោះ។
 
២.  ធ្វើលំហាត់ប្រាណបែបយោគៈ៖ លំហាត់ប្រាណយោគៈ អាចហ្វឹកហាត់អ្នក​ ពីវិធីសាស្រ្តក្នុងការដកដង្ហើមឲ្យបានល្អ។ តាមរយៈកីឡាប្រភេទនេះ អ្នកអាចរៀន និងសម្របខ្លួនបានច្រើនក្នុងការធ្វើចលនាដង្ហើម ដែលជាជំនួយ នៅពេលដល់ពេលសម្រាល។ ការអនុវត្តជារៀងរាល់ថ្ងៃមុនពេលសម្រាល អ្នកក៏នឹងអាច បន្ថយនូវភាពតានតឹងនៅនឹងខ្នង ដើមទ្រូង ស្មា និងត្រគាកជាដើម។
 
៣.  ចំណាយពេលខ្លះដើម្បីសម្មាធិ៖ ការសម្មាធិអាចបង្រៀនផ្លូវកាយ និងចិត្តរបស់អ្នក ក្នុងការគ្រងគ្រងអារម្មណ៍របស់ខ្លួន ក្នុងស្ថានភាពលំបាក។ វាអាចនាំឲ្យអ្នកទទួលយក និងប្រឈមមុខ ជាមួយអ្វីដែលប្រាកដជាកើតឡើង ព្រោះវាជាឥរិយាបទល្អមួយ ជាជាងមានអារម្មណ៍ប្រឆាំង មិនទទួលយក និងចង់រត់គេច ដែលជាដើមចមធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការឆ្លងកាត់ការសម្រាលនោះ។
 
៤.  រៀបចំអាហារទុកឲ្យបានគ្រប់គ្រាន់៖ មុនពេលសម្រាល អ្នក ឬក្រុមគ្រួសាររបស់អ្នក គួរតែបំពេញទូរទឹកកក នូវអាហារដែលមានជីវជាតិឲ្យបានគ្រប់គ្រាន់ សម្រាប់ងាយស្រួលក្នុងការបំពេញបន្ថែមថាមពល បន្ទាប់ពីធ្វើការសម្រាលរួច និងចៀសវាងនូវការខ្វះខាតនានា។
 
៥.  រៀនពីការសម្រាលកូន៖ មានរឿងជាច្រើនទាក់ទងនឹងការពពោះ ដែលជាចម្ងល់ ជាពិសេសសម្រាប់អ្នកដែលមានផ្ទៃពោះជាលើកដំបូង។ អ្នកអាចចាប់ផ្តើម ចូលរួមរៀននៅតាមថ្នាក់បណ្តុះបណ្តាលនានា ដែលនឹងបង្រៀនអ្នកពីចំណេះដឹងទូទៅនៃការរៀបចំខ្លួនមុនពេលសម្រាល និងការថែរក្សាកូនដំបូងរបស់អ្នក។

៦.  ស្វែងរកអ្នកគាំទ្រ៖ យកល្អអ្នកគួរមានអ្នកនៅជុំវិញខ្លួន សម្រាប់ជាជំនួយក្នុងការគាំទ្រ និងផ្តល់កម្លាំងចិត្តមុន និងកំឡុងពេលសម្រាល ដូច្នេះ គួរកុំមានការស្ទាក់ស្ទើរ ក្នុងការស្វែងរកអ្នកដែលនឹងអាចពឹងពាក់បាន ក្នុងការដោះស្រាយចម្ងល់របស់អ្នកផ្សេងៗ។
 
៧.  ជ្រើសរើសអ្នកឯកទេស៖ កំណត់ទីតាំង និងអ្នកឯកទេសសម្រាប់ពេលវេលាក្នុងការសម្រាល ជាមួយគ្នាផងដែរ អ្នកក៏នឹងអាចធ្វើការពិភាក្សាជាមុន និងស្តាប់យោបល់ពីជម្រើសផ្សេងៗនៃការសម្រាល ក៏ដូចជាការគ្រប់គ្រងការឈឺចាប់ ពីសំណាក់អ្នកឯកទេសបានផងដែរ។ ចាប់ផ្តើមរៀបចំខ្លួនជាមុន បើទោះជាមិនបានគ្រប់ចំណុចខាងលើទាំងអស់ ក៏ប្រសើរជាងមិនបានធ្វើអ្វីទាល់តែសោះ ព្រោះថាការសម្រាលកូនជាបន្ទុកមួយរួចទៅហើយ កុំបណ្តាយឲ្យ បញ្ហាបន្ទាប់បន្សំ បន្តកើតឡើងបន្ថែមទៀត នោះមិនមែនជារឿងល្អទេ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់