ផលប៉ះពាល់នៃជំងឺមហារីកបំពង់កមានដល់ទៅ ៤ ដំណាក់កាល

មហារីក ជាជំងឺកាចសាហាវមួយ ប៉ុន្តែជំងឺនេះអាចព្យាបាលជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ជុំវិញបញ្ហានេះ ហេលស៍ថាម បានលើកយកប្រធានបទជំងឺមហារីកបំពង់ក ដែលមានវត្តមានលោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ជាវេជ្ជបណ្ឌិតជំនាញជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។ 

 

និយមន័យ 

ដោយឡែកចំពោះប្រធានបទនេះ យើងសូមលើកយកតែមហារីកបំពង់កផ្នែកខាងលើមកបង្ហាញតែប៉ុណ្ណោះដែលភាសាពេទ្យហៅថា «ជំងឺមហារីកកាហ្វូម Cancer Cavum» ។ ជំងឺមហារីកកាហ្វូមនេះជាជំងឺម៉្យាងដែរមានប្រភេទជា Squamous Cell Carcinoma ដែលកើតមានភាគច្រើននៅក្បែរ ត្រចៀកផ្នែកខាងក្នុង។ 

 

រោគសញ្ញា

យើងធ្វើការពិនិត្យជំងឺមហារីកបំពង់កនេះដោយប្រើឧបករណ៍បើកច្រមុះ ឬបំពង់ក ឬម៉ាស៊ីនអង់ដូស្កូបជាដើម។ ចំពោះសញ្ញានោះអ្នកជំងឺអាចជួបប្រទះ អាការៈសំខាន់ៗបីយ៉ាងដូចជា៖

-ទី១ ឧស្សាហ៍កើតឈាមច្រមុះញឹកញាប់៖ ជាការហូរឈាមតិចតួចលាយឡំគ្នានឹងសំបោរ ខ្ទុះ និងតឹងច្រមុះផង (ភាគច្រើនកើតតែម្ខាងប៉ុណ្ណោះ)។ 

-ទី២ ហឹងត្រចៀកម្ខាង៖ បើឈាមច្រមុះខាងណាក៍បណ្តាលឲ្យហឹងត្រចៀកខាងនោះដែរ។ អាការៈហឹងត្រចៀកនេះគឺបណ្តាលមកពីជំងឺមហារីក នេះវាកើតឡើងទៅបិទជិតរន្ធត្រចៀក។

-ទី៣ ឈឺក្បាល និងស្រវាំងភ្នែក៖ អ្នកជំងឺមានអាការៈឈឺចាប់ក្នុងក្បាល និងមានបញ្ហាភ្នែក (វិបត្តិគំហើញស្រវាំងភ្នែក) ។

 

មូលហេតុបង្ករោគ

ចំពោះមូលហេតុបង្ករោគវិញ ជំងឺមហារីកបំពង់កកើតឡើងដោយសារប្រភេទមេរោគម៉្យាងដែលឲ្យឈ្មោះថា Epstein Barr Virus (EBV) តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមួយចំនួនបង្ហាញថា ជួនកាលជំងឺនេះក៏អាចជាប់ទាក់ទងនឹងប្រភេទមេរោគម៉្យាងទៀតត្រូវបានគេហៅថា យូមិនផ្លូម៉ាវីរុស (HIV16)។ ដោយឡែកក្រៅពីមេរោគសំខាន់ពីរនេះ ក៏នៅមានមូលហេតុមួយចំនួនទៀតដែលសុទ្ធតែជះឥទ្ធិពលដល់ការកើត មានជំងឺមហារីកបំពង់កនេះដូចជាទម្លាប់នៃការទទួលទានសាច់ច្រើនប្រភេទត្រីប្រឡាក់ ត្រីងៀត វត្ថុផ្អាប់ អាហារហិរជាដើម។ ដទៃពីនេះ ការរស់នៅ ក្នុងមជ្ឈដ្ឋានតំបន់មួយចំនួនដូចជាអាហ្វ្រិក ចិនខាងត្បូង និង ហ្សែន ក៏ជាកត្តាមួយនៃកើតជំងឺនេះដែរ។ ចំណែកចំនុចពិសេសមួយនៃជំងឺនេះវិញគឺ វាមិនជាប់ទាក់ទងនឹងការពិសាស្រា ឬជក់បារីដូចជាប្រភេទជំងឺមហារីកដទៃឡើយ។ 

 

ផលប៉ះពាល់

បើនិយាយពីផលប៉ះពាល់នៃជំងឺមហារីកបំពង់កវិញ គឺវាមានបញ្ហាធំណាស់ដែរគួរឲ្យព្រួយបារម្ភ។ វាបណ្តាលឲ្យអ្នកជំងឺមានបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរ និង ពិបាកក្នុងការរស់នៅ។ ជំងឺនេះធ្វើឲ្យសុខភាពអ្នកជំងឺចុះទ្រុឌទ្រោមបន្តិចម្តងៗទៅតាមការវិវឌ្ឍរបស់វា។ ជាទូទៅ ដំណាក់កាលវិវឌ្ឍនៃជំងឺមាន ៤ គឺ៖ 

-ដំណាក់កាលទី១ ៖ អ្នកជំងឺមិនសូវជួបផលវិបាកប៉ុន្មានទេ គឺគ្រាន់តែមានបណ្តាលឲ្យហូរឈាមច្រមុះ ហឹងត្រចៀកជាដើម។ 

-ដំណាក់កាលទី២ ៖ អ្នកជំងឺរងការលំបាកផ្នែកសុខភាពធ្ងន់ធ្ងរជាងមុនបន្តិចដោយសារមេរោគវារីករាលដាលទៅផ្នែកសងខាងជុំវិញបំពង់ក។ 

-ដំណាក់កាលទី៣ និងទី៤ ៖ សភាពអ្នកជំងឺកាន់តែដុនដាបទៅៗ រហូតដល់ពេលវេលាមួយដែលមិនអាចសង្គ្រោះបាន។ 

 

អត្រាអ្នកកើត

តាមការស្រាវជ្រាវកន្លងមកគេឃើញថា ជំងឺនេះច្រើនកើតលើមនុស្សប្រុសច្រើនជាងមនុស្សស្រី។ ចំពោះអាយុវិញផ្លាស់ប្តូរទៅតាមតំបន់។ គេសង្កេតថា ប្រជាជននៅអាស៊ីយើងច្រើនកើតលើវ័យកណ្តាល នៅអាហ្វ្រិកច្រើនកើតនៅលើក្មេង ហើយនៅអាមេរិកមាន២ករណីគឺ ក្មេងច្រើននៅចន្លោះអាយុ ១៥ ទៅ ២៤ឆ្នាំ និងមនុស្សចាស់កើតនៅចន្លោះអាយុ ៦៥-៧៩ឆ្នាំ។ ដោយឡែក ភាគរយអ្នកកើតជំងឺនេះក្នុងចំនោមមនុស្ស១សែននាក់ដូចគ្នា ឃើញថានៅអាស៊ី យើងកើតមានពី ៨-១២នាក់ នៅចិនភាគខាងត្បូងមាន២០នាក់ នៅអឺរ៉ុបមានត្រឹមតែ ០.៥-២នាក់ប៉ុណ្ណោះ។

 

ការព្យាបាល

ការព្យាបាល គឺទាក់ទងទៅនឹងកម្រិតជាក់ស្តែងរបស់ជំងឺ។ បើអ្នកជំងឺស្ថិតនៅក្នុងកម្រិតទាប (កម្រិតទី១-២) ការព្យាបាលអាចមានលទ្ធភាពជាសះស្បើយ បានច្រើន។ ទោះជាយ៉ាងណាក្តី លោកអ្នកអាចយល់បានថាជំងឹមហារីកភាគច្រើនមិនអាចព្យាបាលឲ្យជាដាច់ ១០០ ភាគរយបានឡើយ។ វេជ្ជបណ្ឌិតជំនាញ មានលទ្ធភាពព្យាបាលបានត្រឹមបន្ធូរការឈឹចាប់ ឬពន្យារការរស់របស់លោកអ្នកឲ្យបានយូរប៉ុណ្ណោះ។ ចំនែកវិធីសាស្ត្រនៃការព្យាបាលមាន ៣ យ៉ាងគឺ ការព្យាបាលដោយប្រើថ្នាំគីមី កាំរស្មី និងជាការវះកាត់កូនកណ្តុរ។ មានតែវេជ្ជបណ្ឌិតជំនាញតែមួយគត់ជាអ្នកសម្រេចជ្រើសរើស វិធីណាមួយក្នុង ការព្យាបាលជំងឺនេះ។ ទន្ទឹមនេះ ករណីទុកអ្នកជំងឺឲ្យកាន់តែធ្ងន់ធ្ងរ (ដំណាក់កាលទី៣-៤) ទោះមានការព្យាបាលក្តី ក៏រយៈពេលរស់របស់អ្នកជំងឺមិនបាន យូរប៉ុន្មានដែរ។

 

ការចៀសវាង

វិទ្យាសាស្រ្តយើង មិនទាន់បានរកឲ្យច្បាស់ថាត្រូវធ្វើយ៉ាងណាដើម្បីការពារបង្ការជំងឺមហារីកបំពង់កនេះឡើយ។ ប៉ុន្តែយើងឃើញថាមូលហេតុបង្កមានច្រើន  ដូច្នោះ ការបង្ការនោះគឺ មានតែធ្វើយ៉ាងណារស់នៅស្អាត ហើយចៀសវាងនូវចំណីអាហារដូចជា ត្រីឆ្អើរ ត្រីងៀត ត្រីប្រឡាក់ ជាតិហិរជាដើម ។ ជាមួយគ្នានេះ បើសិនជាយើងមានការសង្ស័យពីរោគសញ្ញាមហារីកបំពង់កយើងត្រូវរួសរាន់ទៅពិនិត្យរោគវិនិច្ឆ័យដើម្បីអាចស្រាវជ្រាវជំងឺទុកមុនទាន់ពេលវេលាទើបមិនប៉ះពាល់ធ្ងន់ធ្ងរ។

 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់