ទំនាក់ទំនងជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត ពីអ្នកឯកទេសចិត្តសាស្រ្ត

អត្រាធ្វើអត្តឃាតចំពោះមនុស្សវ័យក្មេងមានកើនឡើងខ្ពស់ជាងមនុស្សធម្មតា​ ព្រោះពួកគេច្រើនតែរស់នៅជាមួយនឹងបញ្ហាផ្លូវចិត្ត ដូច្នេះ ពួកគេគួរតែដឹង​អំពីរោគសញ្ញាប្រកាសអាសន្នរបស់វា និងអ្វីដែលត្រូវធ្វើ។ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងជាអ្នកចិត្តសាស្រ្ត បានផ្តល់កិតិ្តយស ដើម្បីបកស្រាយនូវសញ្ញាទូទៅ និងដំណោះស្រាយចំពោះការធ្វើអត្តឃាតដូចខាងក្រោម៖

អត្តឃាតកម្ម និងវ័យរបស់មនុស្សអាចប្រឈម
អត្តឃាតកម្មមានន័យថា គឺជា«ទង្វើទាំងឡាយណាដែលបង្កឲ្យមានគ្រោះថ្នាក់ដល់បុគ្គលខ្លួនឯងដោយចេតនារហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមានអន្តរាគមន៍ពីក្រុមគ្រួសារ ឬមិត្តភក្តិ»។ តាមការសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជាយើង គេរកឃើញថា មនុស្សដែលប្រឈមនឹងការធ្វើអត្តឃាត ក្នុងកម្រិតច្រើនជាងគេគឺ​  វ័យមនុស្សជំទង់មានអត្រាច្រើនជាងមនុស្សចាស់។ ប្រសិនបើស្ថិតនៅប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដូចជា ប៉ែកអឺរ៉ុប ជាដើម អត្រានៃការធ្វើអត្តឃាតខ្ពស់ភាគច្រើនជាមនុស្សចាស់។​ ដោយឡែក នៅក្នុងបរិបទប្រទេសកម្ពុជាយើងរកឃើញមនុស្សវ័យកណ្តាលចាប់ពីអាយុ ២០ឆ្នាំជាង រហូតដល់អាយុជាង៤០ឆ្នាំជាអត្រាដែលធ្វើអត្តឃាតខ្ពស់។

អាកប្បកិរិយាគួរកត់សម្គាល់នៃការធ្វើអត្តឃាត
មនុស្សដែលងាយនឹងមានទំនោរចិត្តធ្វើអត្តឃាតបំផុត គឺមនុស្សដែលមានការធ្លាក់ទឹកចិត្ត នៅពេលរងសម្ពាធផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ។ ម៉្យាងទៀត យើងមើលតាមការស្វែងយល់ពីលក្ខណៈនៃការធ្លាក់ទឹកចិត្តរបស់មនុស្សនោះ ដើម្បីឲ្យអាចដឹងថា គាត់មានអាកប្បកិរិយាបែបណាដែលងាយនឹងធ្វើអត្តឃាត។ មនុស្សមានការធ្លាក់ទឹកចិត្ត អាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជា មានបញ្ហាទុក្ខកង្វល់អ្វីមួយក្នុងគ្រួសារ ជួបឧបសគ្គមួយធ្ងន់ធ្ងរក្នុងឆាកជីវិត ហើយ ពេលជួនបញ្ហា ដូច្នោះ គឺគាត់បង្ហាញឃើញអាការៈធ្លាក់ទឹកចិត្តមួយចំនួនដូចជា៖
· មានអារម្មណ៍ស្រុតចុះជាមួយនឹងភាពក្រៀមក្រំ សោកសៅ និងបង្ហាញពីភាពអស់សង្ឃឹម ដោយគិតថាជីវិតគ្មានន័យ
· ពុំចាប់អារម្មណ៍ ពុំសប្បាយរីករាយនឹងអ្វីដែលខ្លួនធ្លាប់ចូលចិត្ត
· ពុំសូវចងចាំបានល្អ ភ្លេចភ្លាំងច្រើន
· ចូលចិត្តនៅឯកោ ជួនកាលមិនសូវចាប់អារម្មណ៍ក្នុងការថែទាំខ្លួនប្រាណ
· អសកម្មក្នុងការសិក្សា ឬការងារផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ
· ករណីធ្ងន់ធ្ងរបំផុតចំពោះអ្នកធ្លាក់ទឹកចិត្ត គឺច្រើនមានអារម្មណ៍ទុទិដ្ឋិនិយម អស់សង្ឃឹមក្នុងជីវិត ហើយប៉ុនប៉ងធ្វើអត្តឃាត។

មនុស្សមានទំនោរអត្តឃាតជាង ៧០%បង្ហាញអាកប្បកិរិយាឲ្យយើងដឹងមុន ដូច្នេះ យើងអាចការពារបានតាមរយៈការបង្ហាញខាងលើនោះ។ ហើយម៉្យាងទៀត គេអាចបង្ហាញឲ្យដឹងតាមរយៈពាក្យសម្តីថ្លោយមកកាន់យើង។

ផលប៉ះពាល់នៃមនុស្សធ្វើអត្តឃាតចំពោះកូនៗ
យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា មិនត្រឹមតែការធ្វើអត្តឃាតប៉ុណ្ណោះទេដែលជះឥទ្ធិពលដល់កូនៗ សូម្បីតែអំពើហឹង្សាក្នុងគ្រួសារក៏មានឥទ្ធិពលដែរ។ បើសិនជានៅក្នុងគ្រួសារមានសមាជិកណាម្នាក់ ធ្លាប់ធ្វើអត្តឃាត អ្នកជំនាន់ក្រោយក្នុងគ្រួសារ​ គឺមានទំនោរចិត្តក្នុងការធ្វើអត្តឃាតខ្ពស់។ ចំណុចនេះមិនមែនជាតំណពូជនោះទេ ប៉ុន្តែវាជាគំរូមិនល្អក្នុងគ្រួសារ។ វាហាក់ដូចជា អំពើហឹង្សាក្នុងគ្រួសារដែរ បើសិននៅក្នុងគ្រួសារហ្នឹង មានអ្នកណាម្នាក់ចូលចិត្ត​ ប្រើអំពើហឹង្សាក្នុងគ្រួសារ អ្នកជំនាន់ក្រោយក៏មានទំនោរចិត្តទៅរកអំពើហឹង្សាដែរ។

មូលហេតុនៃការធ្វើអត្តឃាត
វាអាស្រ័យទៅលើបរិបទវប្បធម៌នៃប្រទេសនីមួយៗ។ ក្នុងន័យទូលំទូលាយ នៅក្នុងបរិបទប្រទេសមួយចំនួន ដូចជា ប្រទេស ជប៉ុន និងកូរ៉េ អត្រាធ្វើអត្តឃាត​ខ្ពស់ជាងគេក្នុងពិភពលោក ប៉ុន្តែមូលហេតុមានខុសៗគ្នា។ អ្នកដែលធ្វើអត្តឃាតភាគច្រើននៅប្រទេសជប៉ុន និងកូរ៉េ គឹទាក់ទងទៅនឹងកិតិ្តយស មុខមាត់​នៅក្នុងសង្គម មានន័យថាវប្បធម៌នៃប្រទេសទាំងពីរនេះឲ្យតម្លៃទៅលើកិតិ្តយស មុខមាត់ជាធំ។ ប្រសិនបើបានធ្វើអ្វីមួយដែលនាំឲ្យអាប់ឱនខ្លាំងដល់កិត្តិយសគ្រួសារ គេងាយ​នឹងធ្វើអត្តឃាត ដើម្បីបញ្ជាក់ថា គេមានទំនួលខុសត្រូវ។ ដោយឡែក នៅស្រុកខ្មែរយើង អ្នកដែលងាយធ្វើអត្តឃាតភាគច្រើន គឹដោយសារសម្ពាធគ្រួសារ និងកត្តាជីវភាព។ ម៉្យាងទៀត ក្នុងរយៈពេលចុងក្រោយនេះ យើងឃើញថាមានស្ត្រីមួយចំនួន​បានធ្វើអត្តឃាត ដោយសារស្វាមីរបស់ខ្លួនបង្កើតទំនាក់ទំនងស្នេហាជាមួយនារីដទៃ(ផិតក្បត់នាង)។

ប្រតិកម្មផ្លូវចិត្ត នៅពេលឃើញមនុស្សជាទីស្រឡាញ់ធ្វើអត្តឃាត
បើយោងតាមបទពិសោធន៍នៃការសិក្សាយោបល់ផ្នែកផ្លូវចិត្ត លោកក៏បានមានប្រសាសន៍បន្ថែមថា «នៅពេលមនុស្សម្នាក់ បានឃើញមនុស្សជាទីស្រឡាញ់​របស់ខ្លួនបានធ្វើអត្តឃាតនៅនឹងមុខ មនុស្សនោះនឹងប្រឈមមុខការប៉ះពាល់ផ្លូវចិត្ត»។ ការប៉ះពាល់ផ្លូវចិត្ត អាចធ្វើឲ្យគាត់មានអារម្មណ៍បាក់ស្បាតទៅជាខ្លាច ទៅជាភ័យ។​​ ម៉្យាងទៀត គាត់ក៏អាចមានអារម្មណ៍សោកសង្រែង មានអារម្មណ៍ថាបាត់បង់អ្វីគ្រប់យ៉ាង ក្នុងជីវិតរបស់គាត់ ក៏ចាប់ផ្តើមដកថយក្នុងសង្គម៕

អត្ថបទដោយ៖​ ​លោក ​ហឿ សេថុល អ្នកឯកទេស ពិគ្រោះយោបល់ផ្លូវចិត្ត និងជាអ្នកចិត្តសាស្ត្រ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់