គន្លឹះ១១យ៉ាងចៀសវាងការរំខានស្មារតី

   កិច្ចការងារមួយដែលនឹងសម្រេចទៅបានដោយជោគជ័យ ទាមទារជាចាំបាច់នូវការប្រមូលផ្តុំស្មារតីក្នុងការប្រកបការងារឲ្យមូល   ប៉ុន្តែវាមិនងាយដូចជាមាត់និយាយនោះទេ  ព្រោះថានៅជុំវិញខ្លួនមនុស្សយើងរាល់ថ្ងៃនេះ គឺពោរពេញទៅដោយកត្តាផ្សេងៗជាច្រើន ជាពិសេសសំឡេងរំខានដែលចាប់ទាញចំណាប់អារម្មណ៍របស់យើង ជាហេតុនាំឲ្យបែកអារម្មណ៍។
 
សម្រាប់អ្នកដែលមានការប្តេជ្ញាចិត្តមុតមាំ និងស្មារតីខ្ពស់ វាអាចនឹងជារឿងមួយងាយស្រួលសម្រាប់ពួកគេក្នុងការរក្សាស្មារតីឲ្យនៅមូលនឹងការងារ។ ចំណែកឯអ្នកដែលងាយនឹងត្រូវទទួលរងការរំខានវិញ វាប្រហែលជាកិច្ចការមួយពិបាកបន្តិច តែសូមកុំព្រួយបារម្ភអ្វី...សូមសាកល្បងធ្វើតាមគន្លឹះ១១យ៉ាងខាងក្រោមនេះ...
 
១.បិទរាល់ឧបករណ៍ដែលបង្កសំឡេងរំខាន 
មជ្ឈដ្ឋាននៅជុំវិញខ្លួនជាកត្តាសំខាន់បំផុត វាមានឥទ្ធិពលជាងគេទៅលើស្មារតីរបស់យើងម្នាក់ៗ ហេតុដូច្នេះហើយ ធ្វើយ៉ាងណាបរិយាកាសដែលអ្នកប្រកបកិច្ចការ ជាបរិយាកាសដែលស្ងប់ស្ងាត់ដោយមិនមានសំឡេងរំខានពីទូរទស្សន៍ វិទ្យុ ឬឧបករណ៍តន្រ្តីផ្សេងៗ។
 
២.សរសេរ «អារម្មណ៍ស្ងប់» ហើយដាក់នៅជិតខ្លួន 
សរសេរបែបនេះ ហើយដាក់ក្រដាសនោះនៅកន្លែងណាដែលងាយនឹងមើលឃើញជាងគេ។ រាល់ពេលដែលអ្នកក្រឡេកឃើញវា អ្នកត្រូវទម្លាក់ស្មាចុះ ដោយប្រាកដថាមាត់មិនមានទំពារអ្វី ហើយរក្សាការគិតឲ្យស្ងប់។
 
៣.រៀបចំកន្លែងឲ្យមានសណ្តាប់ធ្នាប់
អ្វីដែលអ្នកមិនគួរមើលរំលង គឺការរៀបចំកន្លែងដែលអ្នកអង្គុយធ្វើការ។ សណ្តាប់ធ្នាប់ពីបរិយាកាសខាងក្រៅមាននាទីយ៉ាងសំខាន់ក្នុងការជួយបុគ្គលម្នាក់ៗឲ្យប្រមូលផ្តុំអារម្មណ៍ ដូច្នេះហើយ ត្រូវរៀបចំទីកន្លែងទាំងនោះឲ្យមានភាពទាក់ទាញ សណ្តាប់ធ្នាប់ ហើយអ្វីដែលមិនអាចខ្វះបាន គឺពន្លឺគ្រប់គ្រាន់។
 
៤.កាត់បន្ថយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ
កុំទម្លាប់ជឿជាក់ថា មនុស្សដែលឆ្លៀតធ្វើកិច្ចការងារច្រើនយ៉ាងក្នុងពេលតែមួយចំណេញឲ្យសោះ ថ្វីត្បិតថាអ្នកបានចំណេញពេលវេលាពិតមែន តែប្រសិទ្ធភាព និងគុណភាពនៃលទ្ធ-ផលការងារមិនដូចចិត្តឡើយ។ ដូចនេះហើយ អ្នកគួរចៀសវាងការធ្វើសកម្មភាពពីរក្នុងពេលតែមួយដូចជា កុំនិយាយទូរស័ព្ទស្របពេលលាងចាន ឬពិនិត្យអ៊ីម៉ែលស្របពេលស្តាប់ទូរស័ព្ទ ជាដើម។
 
៥.បិទសំឡេងរោទិ៍ចេញពីទូរស័ព្ទ 
សំឡេងដែលបន្លឺចេញពីទូរស័ព្ទដៃជាប្រភពដ៏ចម្បងមួយនៃការរំខាន ដែលងាយនឹងកើតឡើងជាងគេ ហើយវាក៏ជាដើមចងដែលធ្វើឲ្យអារម្មណ៍ច្រួលច្រាល និងមួរម៉ៅ។
 
៦.ទុកពេលវេលាសម្រាប់ខ្លួនឯង
វាជារឿងមួយល្អដែលអ្នកបានរៀបចំបញ្ជីនៃកិច្ចការងារដែលត្រូវធ្វើជាប្រចាំថ្ងៃ  ប៉ុន្តែអ្នកមិនគួរប្រញាប់ធ្វើវាទាំងអស់ក្នុងរយៈពេលមួយថ្ងៃពេញនោះទេ។ ខួរក្បាលមនុស្សក៏មិនខុសពីគ្រឿងអេឡិចត្រូនិចដែរ វាត្រូវការពេលសម្រាកខ្លះ ដើម្បីប្រមូលផ្តុំ ក៏ដូចជាបង្កើនថាមពលឡើងវិញ។
 
៧.ប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែក្នុងករណីចាំបាច់
អ្នកគួរតែប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែការស្រាវជ្រាវរកព័ត៌មានសំខាន់ៗ ឬធ្វើការទំនាក់ទំនងចាំបាច់ប៉ុណ្ណោះ ហើយកុំព្យាយាមការចុចចូលបន្តពីតំណមួយទៅតំណមួយទៀត ឬការរកមើលនេះមើលនោះដោយគ្មានគោលដៅ។
 
៨.បិទសារអេឡិចត្រូនិចពេលខ្លះ
ប្រសិនបើអ្នកធ្វើការងារច្រើនជាមួយនឹងសារអេឡិចត្រូនិច អ្នកក៏គួរកាត់បន្ថយពេលវេលាខ្លះជាមួយនឹងវា។
 
៩.បញ្ឈប់ការរាប់ចំនួន
ចៀសវាងការសម្លឹងមើលនាឡិកា កិច្ចសន្យា របាយការណ៍ធនាគារ និងរបស់ផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំនួន ដើម្បីឲ្យខួរក្បាល និងការគិតរបស់អ្នកបានផ្តោតលើកិច្ចការងារផ្សេងទៀត។
 
១០.ធ្វើលំហាត់ប្រាណ
វាជាការពិតដែលគេនិយាយតៗគ្នា ការសម្រាកជារឿយៗជួយឲ្យខួរ-ក្បាលស្រឡះល្អ និងអាចប្រមូលផ្តុំស្មារតីបានល្អ  ប៉ុន្តែវាក៏ត្រូវមានកម្រិតផងដែរ។
 
១១.កុំផ្តោតតែលើការងារ
មិនថាមានការងារសំខាន់ប៉ុណ្ណាត្រូវធ្វើនោះទេ អ្នកក៏ត្រូវមានចន្លោះ ពេលខ្លះសម្រាប់ធ្វើការងារខ្លះដើម្បីខ្លួនឯង ហើយរំដោះខ្លួនពីការខំប្រឹងប្រែងហួសកម្រិតនោះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការងារ អ្នកគួរមានភាពឆ្លាតវៃក្នុងការផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះរឿងណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់ខ្លួន។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់