សញ្ញាអ្វីខ្លះបញ្ជាក់ថាកុមារកំពុងខ្វះជីវជាតិ?

   បើទោះបីកុមារមើលទៅហាក់ដូចជាមានសុខភាពមាំមួនតែពួកគេអាចកំពុងតែប្រឈមមុខនឹងវិបត្តិកង្វះជីវជាតិដោយហេតុថារោគសញ្ញានោះ មានភាពពិបាកក្នុងការសន្និដ្ឋាន។

រោគសញ្ញាកង្វះជីវជាតិអាចស្តែងមានឡើងហាក់មានស្ថានភាពធម្មតា ដែលអ្នកមិនបានចាប់អារម្មណ៍ នឹងចាត់វិធានការបានទាន់ពេលវេលា ជាលទ្ធផលការមើលរំលងនោះនាំឲ្យឈានទៅដល់បញ្ហាធ្ងន់ធ្ងរផ្សេងមួយចំនួនទៀតនៅថ្ងៃអនាគត។ ដោយសារវាជាបញ្ហាដែលគួរមានការយកចិត្តទុកដាក់ ទើប ហេលស៍ថាម នាំជូនអាណាព្យាបាលទាំងអស់នូវអត្ថបទខាងក្រោម ពីរោគសញ្ញាកង្វះខាតនូវជីវជាតិ ដែលប្រហែលជាអាចកើតឡើងលើកូនតូចៗរបស់អ្នក។

1. រវើរវាយ
 កុមារដែលមានសញ្ញារវើរវាយឬរសាប់រសល់អាចប្រាប់អ្នកពីបញ្ហាពិបាកក្នុងការរំលាយអាហាររបស់ពួកគេបង្កឲ្យរាងកាយមិនអាចធ្វើការស្រូបយកជីវជាតិបានគ្រប់គ្រាន់។តាមការសិក្សាកុមារអាចមានអាការៈបែបនេះបណ្តាលមកពីការបរិភោគអាហារកែច្នៃដែលរួមបញ្ចូលនូវសារជាតិពណ៌ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រភេទនេះ ជំនួសដោយរបបអាហារដែលជំនួយក្នុងប្រព័ន្ធរំលាយអាហារដូចជា  ល្ហុង ឬយាអ៊ួជាដើម។  

2. ស្បែក ឬសក់ស្ងួត 
 ស្ថានភាពបែបនេះ អាចបណ្តាលមកពីកង្វះវីតាមីន A D E និងK2។ ដូច្នេះអ្នកគួរបញ្ចូលនូវប្រភេទអាហារដែលមានវីតាមីនរលាយក្នុងខ្លាញ់ ឬប្រើប្រាស់ថ្នាំវីតាមីនជាគ្រាប់សម្រាប់ការបាត់បង់នោះ តែមុនពេលប្រើប្រាស់អ្នកគួរពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។

3. បញ្ហាការនិយាយ 
 ការនិយាយរបស់កុមារអាចនឹងមានភាពយឺតយ៉ាវ ដែលនេះបង្ហាញថាកុមារប្រហែលជាមិនទទួលបានវីតាមីន ប្រភេទB12 បានគ្រប់គ្រាន់នោះឡើយ។ ចំពោះបញ្ហានេះត្រូវបានណែនាំឲ្យមានការផ្លាស់ប្តូររបបអាហារដោយគួរបរិភោគ ស៊ុត ពពួកសាច់ដូចជា សាច់ជ្រូក  ត្រី  មាន់ជាដើម ជាជាងការប្រើប្រាស់ពពួកថ្នាំគ្រាប់។

4. បញ្ហាធ្មេញ 
  កុមារភាគច្រើនតែងតែឆ្លងកាត់បញ្ហាធ្មេញដែលគេហៅថាដង្កូវស៊ីធ្មេញជាញឹកញាប់។ជាធម្មតាគេតែងសន្និដ្ឋានថាវាបណ្តាលមកពីការញ៉ាំ អាហារដែលមានជាតិស្ករច្រើន យ៉ាងណាមិញ បញ្ហានេះក៏អាចកើតមានឡើងដោយសារការកង្វះនូវ សារជាតិរ៉ែនិងវីតាមីនដែលរលាយក្នុងខ្លាញ់មួយ
ចំនួនផងដែរដូច្នេះអ្នកជាអាណាព្យាបាលត្រូវតាមដានឲ្យបានជាក់លាក់ថាបញ្ហាដង្កូវស៊ីធ្មេញ  បង្កមកពីអ្វីឲ្យពិតប្រាកដ។

5. កម្លាំងកាយ និងខួរក្បាលចុះខ្សោយ
 ជាអាការៈបង្ហាញពីការថយចុះនូវជាតិដែក ដែលធ្វើឲ្យកុមារឆាប់អស់កម្លាំង និងខួរក្បាលមានភាពស្ពឹក។ យកល្អគួរឲ្យកុមារញ៉ាំអាហារពពួកសាច់ គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើស្ងួត ដើម្បីបង្រ្គប់ជាតិដែកក្នុងខ្លួនឡើងវិញ។

ប្រហែលជាមានបញ្ហាខ្លះដែលកំពុងកើតលើកូនតូចៗរបស់អ្នក តែអ្នកនៅតែអាចគ្រប់គ្រងបានប្រសិនវាស្ថិតក្នុងដំណាក់កាលដំបូង ដោយគ្រាន់តែបន្ថែម និងកែប្រែរបបអាហារឡើងវិញដូចទៅតាមការណែនាំខាងលើ ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់

profile.png
ស្រីនិច្ច ផ្ទះបង្អែម អម្បាញ់មិញ

កូនរបស់ខ្ញុំមានអាយុ៧ឆ្នាំហើយ មិនហូបបន្លែ ផ្លែឈើសោះ អោយញាុំគឺក្អួតតែម្តង ហើយមិនសូវឆ្លាតទេ និយាយស្ពឹកៗ ចរឹកដូចក្មេងអាយុ៣ឆ្នាំចឹង តើគួរធ្វើយ៉ាងមុិចទៅលោកគ្រូ

profile.png
Clinic Community អម្បាញ់មិញ

សម្រាប់ករណីរបស់កូនរបស់បង អាចបណ្តាលមកពីការលូតលាស់ខាងបញ្ញា មានសភាពយឺតយ៉ាវជាងការលូតលាស់រូបរាងកាយ ដែលអាចពាក់ព័ន្ធនឹងសភាពរបស់ក្មេេង ដែលបងគួរតែជូនកូនរបស់បងទៅធ្វើការពិនិត្យនៅមន្ទិរពេទ្យ ឬគ្លីនិកឯកទេសកុមារ ដូចជាមន្ទីរពេទ្យកុមារជាតិ ដើម្បីទទួលបានដំបូន្មានត្រឹមត្រូវ ​និងច្បាស់លាស់ពីគ្រូពេទ្យជំនាញចំពោះបញ្ហាសុខភាពរបស់កូនបង។ សូមអរគុណ...

ឆ្លើយតប