ដំណោះស្រាយបញ្ហាសក់ជាមួយនឹងការញ៉ាំអាហារងាយៗ
ប្រាថ្នាចង់បានសក់ស្រស់ស្អាត ក្រាស់រឹងមាំ និងទន់រលោងមែនទេ? ប៉ុន្តែបែរជាជួបបញ្ហាសក់ស្តើង មិនភ្លឺរលើបរលោង ហើយស្រួយទៅវិញ ដូច្នេះតើគួរធ្វើដូចម្តេចទៅ? ឈប់ខ្វល់ខ្វាយទៀតទៅ...ព្រួញមួយបាញ់បានចាបដល់ទៅពីរ បានទាំងញុំាអាហារឆ្ងាញ់ៗ ហើយថែមទាំងអាចជួយសុខភាពសក់ថែមទៀតផង។
ចូរតាមដានជាមួយអាហារ៦ប្រភេទដែលអាចជួយបំប៉នសក់របស់លោកអ្នកបានមួយផ្នែក ជាមួយហេលស៍ថាមទាំងអស់គ្នា...
ចង់បានសក់ភ្លឺរលោង?
ប្រភេទសាច់ត្រីដូចជា ត្រីសាម៉ុន ត្រីសាឌីន និងប្រភេទត្រីផ្សេងទៀតមានផ្ទុកនូវប្រភេទខ្លាញ់ត្រីអូមេហ្គា៣ ដែលសារធាតុនេះមានតួនាទីសំខាន់ទៅបើកគល់ឫសសក់ជួយឲ្យសក់ដុះលូតលាស់បានល្អ និងមានភាពភ្លឺរលោង។ ដោយសារតែខ្លួនរបស់យើងមិនអាចបង្កើតនូវខ្លាញ់ប្រភេទនេះបានទើបទាមទារឲ្យបរិភោគតាមចំណីអាហារ ឬថ្នាំជំនួយផ្សេងៗវិញ។
មានបញ្ហាសក់ជ្រុះ?
សារជាតិដែកមាននាទីការពារកុំឲ្យសក់ជ្រុះព្រោះវាចូលរួមយ៉ាងសំខាន់ក្នុងការដឹកនាំអុកស៊ីហែ្សនទៅចិញ្ចឹមឫសសក់។ តួយ៉ាង លោកអ្នកអាចរកសារជាតិដ៏ល្អបែបនេះបាននៅក្នុងអាហារ និងបន្លែមួយចំនួនដូចជា គ្រាប់ធញ្ញជាតិ សណ្តែកសៀង ស្ពៃ សាច់គោ និងបន្លែបៃតងផងដែរ។
មានបញ្ហាសក់ស្ងួត និងមិនភ្លឺរលោង?
ចង់បានសក់មានសំណើម និងភ្លឺ? ដំឡូងផ្អែម មានផ្ទុកនូវសារធាតុចិញ្ចឹមប្រឆាំងនឹងអុកស៊ីតកម្មម្យ៉ាង ដែលហៅថា Beta carotene វានឹងត្រូវបានបំលែងទៅជាវីតាមីនអេបន្ទាប់ពីទទួលទានចូល ហើយវីតាមីនប្រភេទនេះ មាននាទីការពារសក់កុំឲ្យសក់ស្ងួត និងមានសភាពស្រអាប់។
ក្នុងនោះផងដែរ វានឹងទៅជម្រុញក្រពេញសេបូម (ក្រពេញខ្លាញ់) នៅស្បែកក្បាលឲ្យបញ្ចេញសារធាតុប្រេងនៅលើសក់ ។ លោកអ្នកក៏អាចរកសារធាតុប្រភេទនេះនៅក្នុងបន្លែមួយចំនួនដូចជាការ៉ុត ល្ពៅ ស្វាយជាដើម។
ចង់បានសក់រឹងមាំ និងមានសុខភាពល្អ?
សារធាតុរ៉ែស័ង្កសីដែលមាននៅក្នុងអាហារសមុទ្រដូចជាក្តាម បង្កង អ័យស្ទ័រ និងសាច់គោ បានចូលរួមធ្វើឲ្យសក់មានសភាពរឹងមាំ ហើយសុខភាពល្អ សូម្បីតែរោមភ្នែកក៏ឲ្យដុះលូតលាស់លឿន និងការពារមិនឲ្យជ្រុះដែរ។
បញ្ហាសក់ផុយស្រួយ?
Walnut ជាប្រភពនៃវីតាមីនB7(Biotin) ដែលមានតួនាទីជួយពង្រឹងសក់របស់អ្នកឲ្យមានភាពរឹងមាំ កាត់បន្ថយសក់ជ្រុះ និងឲ្យសក់ដុះលូតលាស់លឿនថែមទៀងផង។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវវីតាមីន E ការពារការពុកផុយស្រួយនៃសរសៃសក់ដែលជាក្តីកង្វល់របស់លោកអ្នករាល់ពេលសិតសក់។
មានបញ្ហាសក់បែកចុង?
តែបៃតងត្រូវបានគេជឿជាក់ថាជាប្រភេទតែដែលមានសមត្ថភាពអាចព្យាបាលសក់បែកចុងយ៉ាងមានប្រសិទ្ធភាព ព្រោះវាមានផ្ទុកនូវសារធាតុវីតាមីនB5។ បន្ថែមពីនេះ វាក៏ជួយឲ្យសក់ទន់ និងមានដំណុះសក់ល្អ ដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម។ លោកអ្នកអាចទទួលលទ្ធផលគាប់ប្រសើរនេះតាមរយៈការផឹកតែបៃតងផ្ទាល់ជារៀងរាល់ថ្ងៃ។
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ