Isoflavones ពីសណ្តែកសៀងជាមួយនឹងមុខងារ និងអត្ថប្រយោជន៍ដ៏សម្បើមចំពោះសុខភាព
ជាប្រភពនៃប្រូតេអ៊ីនដ៏មានគុណភាពដែលអាចជំនួសទឹកដោះគោ និងសាច់ដែលមានតម្លៃថ្លៃ ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ សណ្តែកសៀងត្រូវបានគេស្រាវជ្រាវដោយផ្តោតយ៉ាងខ្លាំងលើសមាសធាតុផ្សំរបស់វាជាពិសេសគឺIsoflavones។ Isoflavonesជាសមាសធាតុដ៏អស្ចារ្យមួយដែលត្រូវបានដឹងថាការបរិភោគរយៈពេលវែង អាចការពារនូវភាពចាស់ជរាបាន ដោយសាររចនាសម្ព័ន្ធដែលស្រដៀងទៅនឹងអ័រម៉ូនអឺស្រ្តូសែនរបស់រាងកាយ។
អត្ថប្រយោជន៍នៃ Isoflavones ពីសណ្តែកសៀងGenistein និង Daidzeinប្រភេទធំៗទាំងពីររបស់ Isoflavones ត្រូវបានចាត់ទុកថាជាសារធាតុសារវន្តសម្រាប់សុខភាពដោយវានាំ មកនូវអត្ថប្រយោជន៍ដ៏សម្បើមដោយក្នុងនោះ រួមមាន៖
1. ការសម្រួលរោគសញ្ញារំខានរបស់ស្ត្រីអស់រដូវ
Isoflavones អាចជួយសម្រួលនូវបញ្ហាសុខភាពដែលទាក់ទងនឹងអ័រម៉ូនអឺស្ត្រូសែនបានជាច្រើនជាពិសេសគឺ រោគសញ្ញានៅពេលមុនអស់រដូវ (ភាពក្តៅក្រហល់ក្រហាយ) និងក្រោយអស់រដូវ(ពុកឆ្អឹង)។ ប្រសិទ្ធភាពរបស់វាទៅលើរោគសញ្ញានៃការអស់រដូវគឺផ្អែកទៅលើកម្រិតប្រើប្រាស់ (បច្ចុប្បន្ន កម្រិតប្រើគឺ ៦០ ទៅ ៨០មីលីក្រាម/ថ្ងៃ) ។
2. ឥទ្ធិពលលើជំងឺសាច់ដុះក្រៅស្បូន (Endometriosis)
ក្នុងការសិក្សាមួយដែលបានធ្វើឡើងនៅប្រទេសជប៉ុន និងបានចុះលើព្រឹត្តិបត្រព័ត៌មាន Epidemiology journal ក្នុងឆ្នាំ ២០០៧ បានបង្ហាញថាកម្រិតកាន់តែខ្ពស់នៃសារធាតុ genis-tein និងdaidzein ពីសណ្តែកសៀងនៅក្នុងប្រព័ន្ធបង្ហូរនោមមានទំនាក់ទំនងជាមួយនឹងការថយចុះនៃការប្រឈទៅនឹងសាច់ដុះក្រៅស្បូនដំណាក់កាលធ្ងន់ធ្ងរ ។
3. ឥទ្ធិពលលើបណ្តុំរោគសញ្ញាដុំសាច់ក្នុងអូវែ (PCOS)
ការប្រើIsoflavoneពីសណ្តែកសៀងរយៈពេល១២សប្តាហ៍ចំពោះស្រ្តីមានបណ្តុំរោគសញ្ញាសាច់ដុះនៅក្នុងអូវែត្រូវបានរកឃើញថាធ្វើឲ្យការប្រឈមនឹងជំងឺដែលទាក់ទងនឹងភាពខុសប្រក្រតីនេះ (ទឹកនោមផ្អែមប្រភេទ២ជំងឺសរសៃឈាមបេះដូងមហារីកស្រទាប់ស្បូន និងភាពមិនប្រក្រតីនៃដំណើរអូវុល) មានភាពប្រសើរឡើង នេះបើតាមការសិក្សាលើស្ត្រី ៧០ នាក់ (១៨ឆ្នាំ ដល់ ៤០ឆ្នាំ) នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Kashan ប្រទេសអ៊ីរ៉ង់។
4. ឥទ្ធិពលលើជំងឺពុកឆ្អឹង
ជំងឺនេះកើតឡើងចំពោះស្ត្រី និងជាចម្បងកើនឡើងជាមួយនឹងអាយុ និងកង្វះនៃអ័រម៉ូន។ តាមការសិក្សាIsoflavone អាចបន្ថយ ការបាត់បង់ឆ្អឹងចំពោះការប្រើលើសពី ៦ ទៅ ២៤ ខែ។Isoflavone ត្រូវបានសន្និដ្ឋានថាអាចបង្កើនការស្រូបមកវិញនូវកាល់ស្យូមរបស់ឆ្អឹង ក៏ដូចជាបន្ថយនូវការបញ្ចេញ ចោលនៃជាតិរ៉ែរបស់ឆ្អឹង។
5. ឥទ្ធិពលលើជំងឺប្រព័ន្ធសរសៃឈាមបេះដូង
Isoflavones អាចកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងតាមរយៈការបន្ថយកម្រិតរបស់ជាតិខ្លាញ់អាក្រក់ (LDL) និងទ្រីគ្លីសេរីត។ មុខងារការពារបេះដូងនៃgenisteinត្រូវបានសង្កេតឃើញតាមរយៈសមត្ថភាពរបស់វាក្នុងការបន្ថយសម្ពាធឈាមចំពោះស្ត្រីក្រោយអស់រដូវ។
6. ឥទ្ធិពលចំពោះជំងឺទឹកនោមផ្អែម
ជាង ១០ឆ្នាំមកហើយដែលការសិក្សាបានបង្ហាញថា genistein អាចព្យាបាល ក៏ដូចជាបន្ថយការប្រឈមទៅនឹងជំងឺទឹក នោមផ្អែមប្រភេទ២យ៉ាងគួរឲ្យកត់សម្គាល់Isoflavonesអាចបង្កើនការបញ្ចេញអាំងស៊ុយលីនដោយមិនធ្វើឲ្យប្រែប្រួលដល់ការចាប់យកជាតិស្ករពីឈាមមកប្រើដោយជាលិកា និងកំហាប់នៃ adiponectin ឡើយ។
7. ឥទ្ធិពលលើការលើសទម្ងន់
Isoflavones ត្រូវបានជឿថាអាចកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ និងការចែកចាយជាលិកាខ្លាញ់បាន ដែលមាន ន័យថាវាមានអានុភាពខ្លាំងក្នុងការការពារ និងព្យាបាលការ លើសទម្ងន់។ ការប្រើប្រាស់ Isoflavones រយៈពេល ១២ សប្តាហ៍ក៏បានបង្ហាញពីអត្ថប្រយោជន៍លើជំងឺរឹងសរសៃឈាម និងមុខងារជញ្ជាំងសរសៃឈាមផងដែរ។
8. ឥទ្ធិពលលើជំងឺមហារីក
តាមទ្រឹស្តី Isoflavones អាចបន្ថយការប្រឈមនឹងជំងឺមហា រីកភ្ញោចដោយអឺស្ត្រូសែនដោយក្នុងនោះ រួមបញ្ចូលនូវមហារីកសុដន់មួយចំនួន។ វាក៏អាចរារាំងការកកើតនៃរ៉ាឌីកាល់សេរីដែលអាចបង្កជាមហារីកផងដែរ។ ក្រៅពីនេះ វាអាចបន្ថយការប្រឈមនឹងមហារីកពោះវៀនធំ(មហារីកលំដាប់ទី ៣ លើពិភពលោក) បាន ២៣% ទៀតផង។
9. មុខងារក្នុងការរៀនសូត្រ និងចងចាំ
Isoflavones មានឥទ្ធិពលយ៉ាងល្អលើមុខងារនៃការរៀនជាពិសេសទាក់ទងនឹងការចងចាំពាក្យចំពោះស្រ្តីក្រោយអស់រដូវ។ Genisteinជាមួយនឹងសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់វាអាចការពារប្រឆាំងនឹងជំងឺខូចខាតកោសិកាខួរក្បាលក៏ដូចជាការពារពីការពុលដោយប្រតិកម្មកើតឡើងពី H2O2ដែលបំផ្លាញកោសិកាខួរក្បាលផងដែរ។
10. សុខភាពស្បែក
ការប្រើប្រាស់ Isoflavone aglycones ត្រូវបានដឹងថាអាច ជួយដល់បញ្ហាចាស់ជរានៃស្បែក។ឯធាតុចម្រាញ់របស់វាអាចជួយរារាំងការកកើតនៃកោសិកាស្បែកដែលងាប់ដោយ UVB ក៏ដូចជាបន្ថយការបញ្ចេញ H2O2 នៅក្នុងកោសិកាផងដែរ ដែលមានន័យថាវាអាចបន្ថយអុកស៊ីតកម្ម និងភាពឡើងក្រាស់នៃស្រទាប់ epiderm របស់ស្បែកបាន។
សុវត្ថិភាពនៃ Isoflavones ពីសណ្តែកសៀង
អ្នកជំនាញពី The US Center for the Evaluation of Risks to Human Reproduction បានបង្ហាញអំពីផលរំខានដែលសឹងតែអាចផាត់ចោលបានចំពោះមនុស្សជាទូទៅដែលប្រើប្រាស់ genistein ។ គួរបញ្ជាក់ថា កម្រិតប្រើដែលផលរំខានមិនត្រូវបានសង្កេតឃើញ (no observed adverse effect level) នៃ genistein គឺ ៥០ មីលីក្រាម/គីឡូក្រាមនៃទម្ងន់មនុស្ស/ ថ្ងៃ ដែលវាជាកម្រិតដែលខ្ពស់ជាងការប្រើប្រាស់ដោយមនុស្សទូទៅជាច្រើនដង។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ