រស់នៅជាមួយបំលាស់ប្តូរក្នុងវ័យអស់រដូវរបស់ស្ត្រី ដោយសារធាតុចិញ្ចឹមពីសណ្តែកសៀង
ទោះបីជាការប្រើប្រាស់ឱសថជាអ័រម៉ូនជំនួស (HRT)នៅតែចាត់ទុកថាជាការការពារ ក៏ដូចជាការព្យាបាលសម្រាប់បន្ធូរបន្ថយអាការៈរបស់ស្ត្រីអស់រដូវមកដល់បច្ចុប្បន្ន តែសារធាតុធម្មជាតិជាច្រើនត្រូវបាននាំមកដោយការស្រាវជ្រាវថ្មីៗជាមួយនឹងការពេញនិយមប្រើប្រាស់យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ សារធាតុធម្មជាតិទាំងនោះភាគច្រើនមានតម្លៃថ្លៃ និងមានប្រសិទ្ធភាពខុសប្លែកពីគ្នា ដូចនេះមានតែសារធាតុមួយចំនួនតូចប៉ុណ្ណោះត្រូវបានបង្ហាញអំពីអត្ថប្រយោជន៍ទៅលើសុខភាពយ៉ាងជោគជ័យ ដែលក្នុងនោះរួមមានទាំងសារធាតុ Isoflavones ពីសណ្តែកសៀងផងដែរ។
តើ Isoflavones របស់សណ្តែកសៀងជាអ្វី?
Isoflavones ត្រូវបានចាត់ទុកថាជាអ័រម៉ូនអឺស្ត្រូសែនរបស់រុក្ខជាតិ ដោយសារវាមានរចនាសម្ព័ន្ធប្រហែលនឹងអឺស្ត្រូសែនដែលមានក្នុងខ្លួនមនុស្ស ក៏ប៉ុន្តែ វាមិនផ្តល់ជាផលរំខានដូចជាអ័រម៉ូនឡើយ ដោយសារសមត្ថភាពក្នុងការជ្រើសរើសជាលិកាភ្ជាប់របស់វា។
តើ Isoflavonesមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះស្ត្រីអស់រដូវ?
1.អាការៈក្តៅក្រហល់ក្រហាយ
ភាពក្តៅស្អុះស្អាប់ និងបែកញើសពេលយប់ គឺជាសញ្ញារំខានបំផុតដែលធ្វើឲ្យស្ត្រីអស់រដូវភាគច្រើនត្រូវសម្រេចចិត្តទទួលយកការព្យាបាល។ ការថយចុះនៃអាការៈនេះ ត្រូវបានសង្កេតឃើញចំពោះស្ត្រីដែលមានរបបអាហារសម្បូរដោយ Isoflavones ពីសណ្តែកសៀង។ ភស្តុតាងជាច្រើនពីការសិក្សាបានបញ្ជាក់អំពីប្រសិទ្ធភាពរបស់Isoflavonesក្នុងការការពារអាការៈក្តៅក្នុងខ្លួននេះតាំងពីអំឡុងពេលត្រៀមអស់រដូវផងដែរ។ការប្រើប្រាស់ក្នុងកម្រិត ៤០ ទៅ ៨០ មីលីក្រាមនៃ Isoflavones ក្នុងមួយថ្ងៃត្រូវបានចាត់ទុកថាជាកម្រិតសមរម្យ។
2.ជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹង គឺជាមូលហេតុចម្បងគេនៃអាការៈស្ពឹកស្រពន់ និងឈឺចុករួយនៅតាមសន្លាក់ ជាពិសេសគឺជង្គង់ចំពោះស្ត្រីអស់រដូវ។ ការព្យាបាលជាច្រើនលើបញ្ហានេះរួមទាំងការវះកាត់ផងដែរពុំអាចជំនួសរបបអាហារដែលត្រឹមត្រូវ និងការរក្សាសន្ទស្សន៍ម៉ាស់របស់រាងកាយ (BMI) ឲ្យស្ថិតក្នុងកម្រិតធម្មតាបានឡើយ។ ដូចនេះហើយទើប Isoflavones ត្រូវបានចាត់ទុកជាវិធីការពារជំងឺពុកឆ្អឹងដ៏សំខាន់ចំពោះស្ត្រីអស់រដូវ។
3.បញ្ហាមេតាបូលិក និងសន្ទស្សន៍ម៉ាស់របស់រាងកាយ (BMI)
ភស្តុតាងពីការសិក្សាថ្មីៗបានបង្ហាញថា បញ្ហាលើសទម្ងន់ និងបណ្តុំរោគសញ្ញាមេតាបូលិកដែលអាចកើតមានចំពោះស្ត្រីអស់រដូវរហូតដល់ ៣ដងលើសពីស្ត្រីធម្មតា អាចធ្វើឲ្យមានភាពកាន់តែធ្ងន់ធ្ងរនៃជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាពធន់នឹងអាំងស៊ុយលីន លើសសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺបេះដូង។ តាមរយៈការសិក្សា សកម្មភាពនៃ Isoflavones ប្រឆាំងទៅនឹងការរលាកដែលអាចបង្កជាជំងឺបេះដូងត្រូវបានបង្ហាញឡើង។
4.ជំងឺមហារីក
អឺស្ត្រូសែនពីរុក្ខជាតិ ដូចជា Isoflavones នេះត្រូវបានចាត់ទុកថាមានអត្ថប្រយោជន៍ខ្ពស់ចំពោះការការពារជំងឺមហារីក ដោយសារវាជាភ្នាក់ងារដែលអាចមានសកម្មភាពលុះត្រាមានការរីកលូតលាស់នៃកោសិកាមហារីក ការទប់នៃ Tyrosine kinase សកម្មភាពនៃ DNA topoisomerase ការទប់ដំណើរការរាតត្បាតនៃសរសៃឈាមចិញ្ចឹមកោសិកាមហារីក ក៏ដូចជាឥទ្ធិពលប្រឆាំងទៅនឹងអុកស៊ីតកម្ម ដែលសុទ្ធតែឆ្លើយតបនឹងកោសិកាមហារីក។
5.បន្លាស់ប្តូរនៃស្បែក
ភាពផ្លាស់ប្តូរនៃស្បែកអាស្រ័យនឹងអាយុរួមមានដូចជាការថយចុះនៃកម្រាស់ស្បែក ភាពស្ងួតនៃស្បែក ភាពជ្រីវជ្រួញ និងការកើននៃការរាតត្បាតនៃដំបៅជាដើម។ កាន់តែអាក្រក់នោះគឺ ភាពអស់រដូវធ្វើឲ្យដំណើរការបន្លាស់ប្តូរនេះកើតមានកាន់តែរហ័សដោយសារកង្វះអ័រម៉ូនអឺស្ត្រូសែន។Genistein គឺជា Isoflavones នៅក្នុងសណ្តែកសៀងដែលទើបនឹងត្រូវបានដឹងថាជាភ្នាក់ងារធម្មជាតិដែលដើរតួក្នុងការការពារការប្រែប្រួលរបស់ស្បែកក្នុងវ័យអស់រដូវ ក៏ដូចជាចំពោះអ្នកដែលវះកាត់អូវែ ដោយមិននាំមកជាមួយនូវផល-រំខានដូចនឹងអឺស្ត្រូសែនជំនួសឡើយ។
6.ជំងឺបាក់ទឹកចិត្ត
ជំងឺបាក់ទឹកចិត្ត ត្រូវបានដឹងថាជាបញ្ហាសុខភាពមួយក្នុងចំណោម១១ ដែលកើតមានច្រើនបំផុតចំពោះស្រ្តីអស់រដូវ ហើយវាជាបញ្ហាចម្បងមួយដែលប៉ះពាល់ដល់គុណភាពនៃការរស់នៅ និងបង្កើនការប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ ក៏ដូចជាការស្លាប់ ដែលទាក់ទងនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកជាដើម។ Isoflavones គឺជាសារធាតុដែលត្រូវបានផ្តោតយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងឥទ្ធិពលប្រឆាំងការធ្លាក់ទឹកចិត្តរបស់វាជាពិសេសប្រសិនបើប្រើរួមជាមួយឱសថ Sertraline ឬ Fluoxetine។
7.ភ្នាសរំអិលនៃទ្វារមាស
ភ្នាសនៃទ្វារមាស និងស្បែក នឹងបាត់បង់សំណើមទៅតាមអាយុ ពិសេសនៅវ័យអស់រដូវ ដោយវាប្រែទៅជាស្ងួត ហើយឆាប់ប្រតិកម្មជាមួយនឹងការរលាក និងប្រឈមនឹងការរួមត្បៀតនៃទ្វារមាសផងដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាចជួយបង្កើនតុល្យភាពនៃកោសិកា និងសម្រួលដល់បញ្ហារួមនៃទ្វារមាស។ ដោយឡែក ពុំមានការបង្ហាញណាមួយអំពីផលមិនល្អទៅលើការបញ្ចេញអ័រម៉ូនស្ត្រី ឬក៏មុខងារថ្លើម និងក្រលៀនឡើយ។
Isoflavones ពីសណ្តែកសៀងគឺជាសារធាតុចិញ្ចឹមដែលផ្តល់នូវប្រសិទ្ធភាពដ៏ប្រសើរជាងគេក្នុងការប្រើប្រាស់ឆ្លាស់ជាមួយការព្យាបាលដោយឱសថអ័រម៉ូនចំពោះស្ត្រីអស់រដូវ។ ស្របជាមួយនឹងការព្យាបាលជំងឺជាក់លាក់មួយចំនួន ការប្រើប្រាស់ Isoflavones ក៏ចាំបាច់ក្នុងការជួយជំរុញគុណភាពជីវិតរបស់ស្ត្រីអស់រដូវផងដែរ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ