តើអ្នកគួរតាមដាន ស្ថានភាពជំងឺទឹកនោមផ្អែមយ៉ាងណាខ្លះ?
ដោយសារជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ នោះការព្យាបាលត្រូវទាមទារធ្វើឡើងពេញមួយជីវិត ហើយក្រៅពីការប្រើប្រាស់ឱសថដើម្បីសម្រួលដល់ស្ថានភាពជំងឺ ការអនុវត្តជីវភាពប្រចាំថ្ងៃឲ្យមានផាសុកភាពក៏ត្រូវរួមបញ្ចូលផងដែរ។ ដោយឡែកអ្នកជំងឺអាចនឹងជួបប្រទះនូវអាការៈមួយចំនួនទៀត ដែលប្រហែលជាមិនអាចបែងចែកថាបណ្តាលមកពីជំងឺ ឬយ៉ាងណា ដូចទៅនឹងករណីអ្នកជំងឺម្នាក់តាមរយៈការបកស្រាយខាងក្រោម
សំណួរ ៖ ខ្ញុំអាយុ ៥២ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៥៥ និងទម្ងន់ ៧៨គីឡូក្រាម ជាមេផ្ទះ។ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺទឹកនោមផ្អែមប្រភេទ ២ រយៈពេលជាង ១០ ឆ្នាំមកហើយ។ ខ្ញុំត្រូវប្រើប្រាស់ថ្នាំជាប្រចាំ និងមានការផ្លាស់ប្តូរខ្លះ តែបច្ចុប្បន្នកំពុងប្រើប្រាស់ថ្នាំ Zoliget៣០mg/៤mg ក្នុងកម្រិត១គ្រាប់ក្នុងមួយថ្ងៃ។ ជាទូទៅ ខ្ញុំមានទម្លាប់គ្រប់គ្រងរបបអាហារបានល្អ និងហាត់ប្រាណជារៀងរាល់ព្រឹក ក៏ប៉ុន្តែនៅតែឧស្សាហ៍មានអាការៈល្ហិតល្ហៃក្នុងខ្លួននិងឈឺក្បាល។ តើអាការៈនេះមានជាប់ទាក់ទងនឹងជំងឺរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរធ្វើយ៉ាងណាចំពោះបញ្ហានេះ?
ចម្លើយ ៖ ផ្អែកតាមទិន្នន័យនៃទម្ងន់ និងកម្ពស់ ឃើញថាអ្នកជំងឺមានបញ្ហាលើសទម្ងន់ច្រើន ដែលទម្ងន់ពិតប្រាកដគួរមានត្រឹមតែ ៥០.៥ គីឡួក្រាមតែប៉ុណ្ណោះ។ ចំពោះការសន្និដ្ឋានលើអាការៈដែលកើតមានឡើង គឺទាមទារឲ្យមានសម្មតិកម្មបន្ថែមលើកម្រិតសម្ពាធឈាម ដែលសម្ពាធឈាមរបស់អ្នកជំងឺទឹកនោមផ្អែមជាទូទៅគឺត្រូវស្ថិតនៅក្រោម១៤០/៩០mmHg ចំណែកការគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អគឺមុនអាហារគួរស្ថិតក្នុងចន្លោះតែ ៨០-១៣០ ហើយក្រោយអាហារ (២ ម៉ោងក្រោយ) ត្រូវតិចជាង ១៨០។ បើទោះបីអ្នកជំងឺបានប្រើប្រាស់ថ្នាំ ឬមានទម្លាប់ប្រចាំថ្ងៃល្អយ៉ាងណានោះ អាការៈល្ហិតល្ហៃអាចជាប់នឹងកត្តាផ្សេងមួយចំនួនទៀតដូចជាសម្ពាធឈាម កម្រិតជាតិស្ករ និងជាតិខ្លាញ់ ដូច្នេះអ្នកជំងឺគួរតាមដានស្ថានភាពជំងឺរៀងរាល់ ៣ ទៅ ៦ ខែម្តងជាមួយវេជ្ជបណ្ឌិត។ ម៉្យាងទៀតការធ្វើតេស្តរកកម្រិត HbA1c ក៏គួរត្រូវបានធ្វើការតាមដានផងដែរ ដើម្បីបញ្ជាក់ថាការប្រើប្រាស់ថ្នាំ និងការព្យាបាលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ គួរបញ្ជាក់ផងដែរថា ក្នុងករណីជំងឺមានដល់រយៈពេល១០ឆ្នាំមកហើយ នោះមុខងារលំពែងនឹងមានសភាពខ្សោយខ្លាំង ដែលការប្រើប្រាស់ថ្នាំតែមួយមុខអាចនឹងគ្មានប្រសិទ្ធភាព។
បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ