ជាធម្មតាខួរឆ្អឹងមានតួនាទីផលិតនូវកោសិកាពូជដើមរបស់គ្រាប់ឈាមចំនួនរាប់រយពាន់លានជារៀងរាល់ថ្ងៃ ហើយវាក៏ជាទីតាំងដែលអនុញ្ញាតឲ្យកោសិកាពូជដើម (Hematopoietic stem cell) ទាំងនេះអាចរីកលូតលាស់ និងបំបែកខ្លួនជាច្រើនដំណាក់កាល មុននឹងប្រែក្លាយជាកោសិកាគ្រាប់ឈាមដែលអាចបំពេញមុខងារបាន។ កោសិកាឈាមដែលមានមុខងារទាំងនោះមានដូចជា កោសិកាឈាមក្រហមដែលមានមុខងារដឹកនាំអុកស៊ីសែន កោសិកាឈាមសដែលមាននាទីការពាររាងកាយពីជំងឺ និងផ្លាកែតដែលមាននាទីជួយឲ្យឈាមកកនៅពេលមានរបួស តែនៅពេលមានជំងឺមហារីកឈាមកើតឡើង មុខងារនៃកោសិកាឈាមទាំងនេះក៏ត្រូវបានបាត់បង់។
ជំងឺមហារីកឈាម (Leukemia) ដែលប្រជាជនខ្មែរភាគច្រើននិយមហៅថាជំងឺឈាមសស៊ីឈាមក្រហម ជាការកើនឡើងនូវប្រភេទកោសិកាខ្ចី (Blast Cell) មិនមែនជាការកើនឡើងកោសិកាឈាមស។ ជំងឺនេះត្រូវបានបែងចែកជា២ប្រភេទធំៗគឺ ប្រភេទមហារីកឈាមធ្ងន់ធ្ងរ ឬស្រួចស្រាវ ដែលអាចងាយនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប្រភេទមហារីកឈាមរ៉ាំរ៉ៃ ដែលមិនសូវស្តែងចេញជារោគសញ្ញាគ្រោះថ្នាក់ភ្លាមៗនោះទេ។
និយមន័យនៃជំងឺមហារីកឈាមស្រួចស្រាវ
វាជាជំងឺកាចសាហាវ និងធ្ងន់ធ្ងរ ដែលកើតឡើងពីការវិវឌ្ឍមិនប្រក្រតីនៃកោសិកាពូជដើមរបស់គ្រាប់ឈាម (Hematopoietic stem cell) នៅក្នុងខួរឆ្អឹងដោយសារតែមានការបង្អាក់លើការវិវឌ្ឍនៃកោសិកាខ្ចីដែលគេហៅថា កោសិកាប្លាស (Blast Cell) ជាហេតុធ្វើឲ្យវាមិនអាចវិវឌ្ឍជាកោសិកាមានមុខងារពេញលេញបន្តទៀតបាន។ ជាទូទៅជំងឺនេះត្រូវបានបែងចែកជា ២ប្រភេទបន្តទៀតគឺ Acute Myeloid Leukemia (AML) និងAcute Lymphoid Leukemia (ALL)។
មូលហេតុចម្បង និងកត្តាប្រឈម
រហូតមកទល់ពេលបច្ចុប្បន្ននេះ មិនទាន់មានអ្នកប្រាជ្ញនៅលើសកលលោកណាម្នាក់បានដឹងអំពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺនេះឡើយ។ ប៉ុន្តែ វាអាចទាក់ទងនឹងកត្តាប្រឈមមួយចំនួនក្នុងនោះមានដូចជា៖
• តំណពូជ៖ ជាទូទៅអ្នកដែលមានសាច់ញាតិកើតជំងឺមហារីកឈាម អាចនឹងមានឱកាសប្រឈមនឹងការកើតជំងឺនេះ ខ្ពស់ជាងអ្នកដែលគ្មានសាច់ញាតិកើតបញ្ហានេះ
• លក្ខខណ្ឌនៃការរស់នៅ៖ ទីតាំងរស់នៅដែលមានបរិស្ថានមិនស្អាត មានដូចជា ការបង្ហូរចោលនូវកាកសំណល់មិនល្អនៃរោងចក្រដែលមានផ្ទុកសារធាតុគីមី និងផ្សែងពុល
• លក្ខខណ្ឌការងារ៖ អ្នកដែលធ្វើការក្នុងរោងពុម្ព ជ្រលក់ទឹកថ្នាំ ការពុលដោយការប្រើប្រាស់ថ្នាំការប្រើប្រាស់ថ្នាំកសិកម្មផ្សេងៗ ការប៉ះផ្ទាល់ដោយមិនមានសម្លៀកបំពាក់ ឬសម្ភារៈការពារត្រឹមត្រូវ
• ការប្រើប្រាស់ថ្នាំ៖ អ្នកដែលធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំ ឬកាំរស្មីដើម្បីកម្ចាត់មេរោគមហារីកពីមុនមក ឬប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ លើសកម្រិត និងរយៈពេលយូរ ដូចជាប្រភេទថ្នាំផ្សះ (Antibiotic) Chloramphenicol។ គួរបញ្ជាក់ផងដែរថា ប្រជាជនគ្រប់វ័យទាំងអស់មិនថា ប្រុស ឬស្រី ក្មេង ឬចាស់សុទ្ធតែអាចកើតជំងឺនេះបានដូចគ្នា។ គ្រាន់តែ កូនក្មេងប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ ALL ជាង AML ចំណែកមនុស្សចាស់ប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ AML ជាង ALL។
រោគសញ្ញា និងយន្តការជំងឺ
ដោយសារកោសិកាប្លាស (Blast Cell) មិនអាចវិវឌ្ឍបន្តទៀតបាន នោះកោសិកាដែលមានមុខងារពេញលេញថ្មីៗ ដូចជា កោសិកាឈាមក្រហម កោសិកាឈាមស និងផ្លាកែត នឹងមិនអាចកើតឡើងបានល្អ ឬកើតឡើងបានខ្លះ មិនគ្រប់ចំនួនដើម្បីបំពេញមុខងារធម្មតារបស់វា។ ហេតុការណ៍នេះ បណ្តាលឲ្យរាងកាយទាំងមូលនឹងអាចប្រឈមនឹងបញ្ហាយ៉ាងច្រើនទាក់ទងកង្វះខាតកោសិកាមានមុខងារ និងការកើនឡើងនៃកោសិកាខ្ចី ដែលរោគសញ្ញាទាំងនោះរួមមាន៖
• កង្វះកោសិកាឈាមក្រហម៖ អ្នកជំងឺអាចហត់អស់កម្លាំង ស្លេកស្លាំង ឈឺក្បាល ហុឹងត្រចៀក និងអាចឈានដល់ការគាំងបេះដូងក្នុងករណីធ្ងន់ធ្ងរ
• កង្វះកោសិកាឈាមស៖ ធ្វើឲ្យអ្នកជំងឺងាយរងនឹងការចម្លងរោគពីខាងក្រៅ
• កង្វះកោសិកាផ្លាកែត៖ អ្នកជំងឺប្រឈមខ្ពស់ក្នុងការហូរឈាមដែលអាចស្តែងចេញជាការហូរឈាមខ្មៅតាមលាមក ឬអាចស្តែងចេញជាអាការៈដូចជា Stroke ប្រសិនបើមានការដាច់សរសៃឈាមក្នុងខួរក្បាល
• ការកើនឡើងកោសិកាខ្ចី (Blast Cell)៖ ជាប្រភេទកោសិកាធំៗ ដែលវាបណ្តាលឲ្យមានការស្ទះលំហូរឈាម ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ករណីស្ទះលំហូរឈាមនៅសរីរាង្គសំខាន់ៗដូចជា ខួរក្បាល បេះដូង សួត និងតម្រងនោម(Leukostasis Syndrome) ដែលអាការៈទាំងនោះអាចស្តែងចេញជា ការស្ទះសរសៃឈាមខួរក្បាលដោយកោសិកាឈាម (Stroke Ischemic by Blast) ការស្ទះនៅសរសៃឈាមសួត (PulmonaryEmbolism) ដែលអាចស្តែងចេញជាហត់ ដង្ហក់ គាំងបេះដូង (myocardial infarction) និងអាចបណ្តាលឲ្យខូចតម្រងនោមជាដើម។ ក្នុងករណីខ្លះ អ្នកជំងឺអាចមានរោគសញ្ញាដទៃទៀតដូចជាហើម ឬចេញឈាមតាមអញ្ចាញធ្មេញ ឈាមច្រមុះ ភ្នាសក្នុងកញ្ចក់ភ្នែកឡើងក្រហមដោយមានហូរឈាម ហើម ឬរីកកូនកណ្តុរ ថ្លើមរីកធំ និងសរីរាង្គអណ្តើករីកធំផងដែរ។
ការធ្វើរោគវិនិច្ឆ័យ
ជាធម្មតា ក្រុមគ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើតេស្តដូចជា៖
• ការបូមឈាម៖ វិធីសាស្រ្តដែលងាយក្នុងការកំណត់រកអត្តសញ្ញាណកោសិកា និងរាប់ចំនួនប្រភេទកោសិកាឈាមដែលមាននៅក្នុងចរន្តឈាម។ ប៉ុន្តែ ការធ្វើតេស្តឈាមតែមួយមុខមិនទាន់គ្រប់គ្រាន់ដើម្បីកំណត់បានថា ជាជំងឺមហារីកឈាមស្រួចស្រាវនោះទេ។
• ការបូមយកទឹកខួរឆ្អឹង (Bone Marrow Aspiration /Myelogram)៖ ដើម្បីបញ្ជាក់ពីស្ថានភាព ឬបញ្ហានៃការវិវឌ្ឍរបស់កោសិកាខួរឆ្អឹង និងកំណត់រកចំនួនកោសិកាប្លាស (Blast Cell) ក្នុងការបញ្ជាក់កាន់តែច្បាស់ថា ជាជំងឺមហារីកឈាមមែន ឬយ៉ាងណា។
• ការធ្វើ Flow Cytometry, Cytogenetic Analysis, Fluorescence In Situ Hybridization (FISH) Analysis៖ ជាវិធីសាស្រ្តថ្មីដែលអាចកំណត់បាននូវប្រភេទមហារីកឈាម និងធ្វើនិទស្សន៍ដើម្បីឲ្យដឹងជាមុននូវភាពជោគជ័យ និងបរាជ័យនៃការព្យាបាលពេលអនាគត។
ការព្យាបាល
នាពេលបច្ចុប្បន្ន ជំងឺមហារីកឈាមស្រួចស្រាវនេះមិនអាចត្រូវបានព្យាបាលឲ្យជាសះស្បើយ១០០% បានទាំងស្រុងភ្លាមៗឡើយ ដោយការព្យាបាលនេះមានគោលដៅបង្អាក់សកម្មភាពជំងឺ កម្ចាត់កោសិកាមហារីកឲ្យបាត់អស់ និងឲ្យដំណើរការខួរឆ្អឹងត្រលប់មកភាពប្រក្រតីឡើងវិញ (Complete Remission)។ បើអ្នកជំងឺទទួលបាននូវComplete Remission នេះលើសពី ៥ ឆ្នាំ យើងអាចសន្និដ្ឋានបានថា អ្នកជំងឺបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ការព្យាបាលនេះរួមមាន៖
• ការព្យាបាលផ្លូវចិត្ត៖ តាមរយៈការលើកទឹកចិត្តពន្យល់អំពីជំងឺឲ្យកាន់តែច្បាស់ទៅដល់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ ដើម្បីជួយផ្តល់កម្លាំងចិត្តបន្ថែមដល់អ្នកជំងឺ
• ការចាក់បញ្ចូលប្រភេទកោសិកាឈាមដែលខ្វះ មានដូចជា កោសិកាឈាមក្រហម ផ្លាកែត ឬការចាក់ថ្នាំដើម្បីបង្កើនកោសិកាស
• ការប្រើប្រាស់ថ្នាំគីមី៖ ដើម្បីឲ្យខួរឆ្អឹងបញ្ឈប់ការផលិតកោសិកាមហារីក និងជំនួសមកវិញនូវការផលិតគ្រាប់ឈាមល្អ ក្នុងគោលបំណងដើម្បីទទួលបាននូវ Complete Remission
• ការចាក់បញ្ចូល និងផ្សាំទឹកខួរឆ្អឹងថ្មី (Bone Marrow Transplantation)៖ គឺដើម្បីឲ្យទឹកខួរឆ្អឹងថ្មី អាចផលិតបាននូវប្រភេទកោសិកាឈាមដែលល្អវិញ។
ជាទូទៅ ការព្យាបាលអាចត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល ចំណាយរយៈពេលយូរដែលអាចមានរយៈពេលពី ៦ខែ ទៅ ២ឆ្នាំ (ទាំងការព្យាបាលដោយសម្រាកនៅមន្ទីរពេទ្យ និងការប្រើប្រាស់ថ្នាំបន្តនៅផ្ទះ) ព្រមទាំងចំណាយអស់ថវិកាច្រើនគួរសមអាស្រ័យទៅតាមប្រភេទ និងសភាពធ្ងន់ធ្ងររបស់ជំងឺដែលគាត់មាន។
ការតាមដានបន្ត
បន្ទាប់ពីការព្យាបាលនៅពេលអ្នកជំងឺទទួលបាន Complete Remission អ្នកជំងឺតម្រូវឲ្យធ្វើការតាមដានដោយការបូមឈាម បូមទឹកខួរឆ្អឹងរបស់គាត់ ដើម្បីវិភាគ និងបញ្ជាក់ពីសមត្ថភាពល្អក្នុងការផលិតគ្រាប់ឈាមឡើងវិញ។ អ្នកជំងឺត្រូវមកបន្តការតាមដាន តាមការណាត់ជួប និងពិគ្រោះជាមួយគ្រូពេទ្យដែលអាចមានរយៈពេលដល់ទៅ ៥ឆ្នាំ ឬលើសពីនេះ។
ផលវិបាក
ប្រសិនបើអ្នកជំងឺមិនបានមកទទួលការព្យាបាលឬមានភាពយឺតយ៉ាវក្នុងការមកទទួលការព្យាបាលដែលត្រឹមត្រូវនោះ អ្នកជំងឺអាចនឹងកើតមានជាផលវិបាកធ្ងន់ធ្ងរ និងអាចឈានដល់ការបាត់បង់ជីវិតដោយសារ កង្វះខាតអុកស៊ីសែន និងសារធាតុចិញ្ចឹមដើម្បីប្រើប្រាស់ ការបង្ករោគនៅក្នុងឈាម (Septicemia) ការហូរឈាមខ្លាំង (Hemorrhage) ការស្ទះសរសៃឈាមខួរក្បាល (Stroke Ischemic/ Stroke Hemorrhagic) ការត្បៀតឬស្ទះសរសៃឈាមបេះដូង ការស្ទះដំណកដង្ហើម និងការខូចតម្រងនោមជាដើម។
វិធីសាស្រ្តការពារខ្លួន
ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ អ្នកគួរអនុវត្តនូវវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖
• ចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុគីមីដែលចេញពីរោងពុម្ព ទឹកថ្នាំជ្រលក់ពណ៌ ថ្នាំកសិកម្មនានា តាមរយៈការពាក់ម៉ាស ស្រោមដៃ ស្រោមជើង ដែលអាចការពារបានជិតល្អ បូករួមជាមួយការស្លៀកពាក់ដែលគ្របដណ្តប់ពេញទាំងខ្លួនរាល់ពេលធ្វើកិច្ចការ
• គួរចៀសវាងការរស់នៅជិតតំបន់រោងចក្រដែលបង្ហូរកាកសំណល់គីមី និងឧស្ម័នពុលដែលមិនបានធ្វើប្រព្រឹត្តកម្មជាមុន
• ចៀសវាងការប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺផ្សេងៗដោយខ្លួនឯង ឬចៀសវាងការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ប្រើប្រាស់ថ្នាំលើសកម្រិត និងរយៈពេលយូរ ជាពិសេសប្រភេទថ្នាំផ្សះ (Antibiotic)។
សូមប្រជាជនទាំងអស់ ជាពិសេសបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់មានប្រវត្តិកើតមានជំងឺនេះត្រូវមកពិនិត្យសុខភាពឲ្យបានជាប្រចាំតាមក្បួនវេជ្ជសាស្រ្ត បើទោះបីជាអ្នកមិនទាន់ឈឺក៏ដោយ។ ម៉្យាងវិញទៀត អ្នកគួរស្វែងរកការព្យាបាលនៅទីកន្លែងណាដែលអាចមានលទ្ធភាព និងមានគ្រូពេទ្យជំនាញក្នុងការព្យាបាល ជាជាងទទួលការព្យាបាលមិនបានត្រឹមត្រូវដែលអាចប៉ះពាល់ដល់អាយុជីវិត ចំណាយពេលវេលា និងថវិកាច្រើន។យ៉ាងណាមិញ សូមឲ្យអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ទាំងអស់បន្តចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះបណ្តារោងចក្រណា ដែលមិនបានគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ ដែលអាចនឹងប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាជនក្បែរនោះផងដែរ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ វណ្ណារិទ្ធ ឯកទេសជំងឺមហារីក ជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ