ញ៉ាំស្រាទំពាំងបាយជូរជំនួយសុខភាពដល់ទៅ៦យ៉ាង
តើអ្នកមានអារម្មណ៍ថាមិនគួរគប្បីនឹងទទួលទានស្រាទំពាំងបាយជូរ Vino មួយកែវនៅពេលរាត្រីមែនទេ? អ្នកឯកទេសអនុញ្ញាតឱ្យលោកពេញលេញក្នុងការទទួលទានស្រាទំពាំងបាយជូរ ដើម្បីសុខភាព។ តោះ! លើកកែវឡើងទាំងអស់គ្នា ដើម្បីគុណប្រយោជន៍សុខភាពដ៏អស្ចារ្យនៃស្រាទំពាំងបាយជូរ!!
វាធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញ
យោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុងសៀវភៅសិក្សាពីជាតិស្រវឹងនិងការញៀនស្រា បានឱ្យដឹងថាការទទួលទានស្រាទំពាំងបាយជូរត្រឹមតែមួយកែវធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញចំពោះក្រសែភ្នែកអ្នកដទៃ។ ក្រុមអ្នកសិក្សាស្រាវជ្រាវគិតថា ជាតិស្រវឹងក្នុងកម្រិតទាប(ការទទួលទានច្រើនមិនផ្ដល់គុណប្រយោជន៍នោះទេ)អាចផ្ដល់ឲ្យអ្នកនូវស្នាមញញឹមដ៏ត្រេកត្រអាល និងស្រទន់គួរជាទីទាក់ទាញ តើនរណាមិនចង់បានស្នាមញញឹមបែបនេះនោះ?
វាល្អប្រសើរសម្រាប់សុខភាពបេះដូងអ្នក
ស្របពេលក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងស្រាទំពាំងបាយជូរ និងសុខភាពបេះដូងនោះ ការសិក្សាកាលពីមុនៗជាច្រើនបានសម្លឹងមើលតែគុណប្រយោជន៍របស់ស្រាទំពាំងបាយជូរចំពោះពលរដ្ឋស្បែកសប៉ុណ្ណោះ។ ក៏បុន្ដែ ការសិក្សាថ្មីមួយស្ដីអំពីការវិវឌ្ឍនៃអាយុ និងរបបសារធាតុចិញ្ចឹមបានត្រួតពិនិត្យមើលស្រ្ដីមកពីជាតិសាសន៍ផ្សេងៗគ្នាចំនួនជិត ៣០០០នាក់ហើយបានរកឃើញដំណឹងល្អមួយចំនួនថា ការទទួលទានស្រាទំពាំងបាយជូរក្នុងកម្រិតល្មមអាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង ដែលគុណប្រយោជន៍នេះសម្រេចបានដោយសារបរិមាណសារធាតុpolyphenol នៅក្នុងស្រាទំពាំងបាយជូរ។
វាអាចជួយរក្សាសាច់ដុំរបស់អ្នកឲ្យរឹងមាំ
ក្រុមអ្នកសិក្សាស្រាវជ្រាវសញ្ជាតិបារាំងបានស្រាវជ្រាវរកឃើញថា សារធាតុ Resveratrol ដែលជាសមាសធាតុនៃស្រាទំពាំងបាយជូរ(ដែលមានទំនាក់ទំនងក្នុងការកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលមិនល្អ និងការពារស្រទាប់ខាងក្នុងនៃសរសៃឈាមបេះដូង) អាចជួយរក្សាម៉ាស់សាច់ដុំរបស់អាកាសយានិកបានយ៉ាងល្អប្រសើរ។
ព្រោះមូលហេតុអ្វី?អាកាសយានិកតែងពើបប្រទះនូវបញ្ហាសុខភាពជាច្រើនពីភាពអសកម្មរបស់កម្លាំងស្រូបទាញនៃផែនដីក្នុងកម្រិតសូន្យ។ ដើម្បីផ្ដិតយកសភាពគ្មានទម្ងន់របៀបដូចគ្នានេះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានព្យួរជើងក្រោយទាំងពីរបស់សត្វកណ្ដុរ។ កណ្ដុរចំនួនពាក់កណ្ដាលត្រូវបានដាក់ឲ្យទទួលសារធាតុ Resveratrol ហើយកណ្ដុរពាក់កណ្ដាលទៀតមិនដាក់ឲ្យទទួលសារធាតុនេះនោះទេ។ ក្រុមកណ្ដុរដែលមិនបានទទួលសារធាតុ Resveratrol មានការស្រកចុះម៉ាស់សាច់ដុំកម្លាំង និងដង់ស៊ីតេឆ្អឹងខណៈពេលក្រុមកណ្ដុរដែលទទួលសារធាតុ Resveratrol អាចរក្សាសាច់ដុំឲ្យនៅរឹងមាំដដែល។
វាអាចការពារការចុះខ្សោយការចងចាំ
យោងតាមទស្សនាវដ្ដីនៃការសិក្សាស្រាវជ្រាវស្ដីអំពីវិទ្យាសាស្រ្ដសរសៃប្រសាទបានឱ្យដឹងថា យុវជនលើសទម្ងន់ដែលទទួលទានឱសថបន្ថែមសារធាតុ Resveratrol រយៈពេល៦ខែមានការចងចាំរយៈពេលខ្លីប្រសើរជាងដៃគូរបស់គេដែលប្រើថ្នាំសាកល្បង។ ដោយសារស្រាទំពាំងបាយជូរមានសារធាតុផ្សំដូចគ្នានេះទើបវាអាចបញ្ចេញប្រសិទ្ធភាពដូចគ្នានៅក្នុងខួរក្បាលរបស់អ្នក។
វាជួយប្រឆាំងនឹងដង្កូវស៊ីធ្មេញ
អ្នកធ្លាប់លឺពីគុណប្រយោជន៍នេះហើយមែនទេ? ទោះបីជាទំពាំងបាយជូរមានផ្ទុកជាតិស្ករខ្ពស់ក៏ដោយ ប៉ុន្ដែសមាសធាតុដែលបានមកពីទាំងទំពាំងបាយជូរ និងគ្រាប់របស់វា ពិតជាល្អប្រសើរសម្រាប់ធ្មេញរបស់អ្នក ពីព្រោះវាជួយឲ្យធ្មេញរបស់អ្នកចៀសផុតពីបាក់តេរីដែលបណ្ដាលឲ្យមានកំណកនៅក្នុងធ្មេញនេះ បើយោងតាមទស្សនាវដ្ដីកសិកម្ មនិងគីមីចំណីអាហារ។
វាជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់
ទស្សនាវដ្ដីមួយសិក្សាអំពីសុខភាពរបស់ស្រ្ដីបានរកឃើញថា ស្រាក្រហមនៅពេលយើងទទួលទានវាក្នុងកម្រិតល្មមអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់ចំពោះស្រ្ដី។ លោកស្រី Sass បានមានប្រសាសន៍ថា «នេះ គឺជាលទ្ធផលស្រាវជ្រាវដ៏សំខាន់មួយ ពីព្រោះវាបានគ្របដណ្ដប់ទៅលើជំនឿជាយូរណាស់មកហើយថា ជាតិស្រវឹងគ្រប់ប្រភេទទោះជាទទួលទានក្នុងកម្រិតល្មមក៏អាចបង្កើនគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់ដែរ។ ខណៈពេលជាតិស្រវឹងត្រូវបានគេដឹងថា ធ្វើឲ្យកើនឡើងកម្រិតអ័ម៉ូនអ៊ីដ្រូសែន (ដំណឹងអាក្រក់នៅពេលនិយាយដល់គ្រោះថ្នាក់នៃជំងឺមហារីកសុដន់) ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាស្រាក្រហមជួយបញ្ចុះកម្រិតអ័ម៉ូនអ៊ីដ្រូសែន(ដំណឹងល្អសម្រាប់គ្រោះថ្នាក់ជំងឺមហារីកសុដន់)»។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ