2017-09-15 · 16,192 views
[លែងឆ្ងល់] ហេតុអ្វីមានអារម្មណ៍ចង់ក្អួត ពេលដុសធ្មេញព្រឹកឡើង?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ក្រោកពីគេងមក ធ្វើអ្វីមុនគេ? មានទម្លាប់ពេលព្រឹកអ្វីខ្លះ ដែលតែងតែធ្វើជាប្រចាំ និងរៀងរាល់ព្រឹកនោះ?
តើមាននរណាខ្លះដែលងើបពីគេងមក ដឹងតែមិនភ្លេចរឿងទាញយកច្រាសដុសធ្មេញមកដុសធ្មេញ? ហើយមានថ្ងៃខ្លះ ឬជាញឹកញាប់ ក៏មានអារម្មណ៍ថាចង់ក្អួត? ដំបូងមិនអីទេ ក្រោកពីគេងមកធម្មតាទេ ហើយដល់ពេលកំពុងដុសៗធ្មេញ ចេះតែមានអារម្មណ៍ថាចង់ចង្អោរ?
តើធ្លាប់បានសួរនរណាម្នាក់អំពីបញ្ហានេះឬនៅ? ប្រាកដទេថា ចម្លើយដែលគេផ្តល់ជូនអ្នកនោះ អាចទុកចិត្តបាន?
តោះ! ធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយ ដែលជាការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ជាមួយគ្នា…
«ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីនេះ ប្អូនមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia។
ក្នុងករណីនេះ ប្អូនត្រូវមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យថាតើប្អូនមានរោគសញ្ញាប្រកាសអាសន្នដូចជាស្គមស្គាំង ស្លេកស្លាំងដុំពោះ បើមាន នោះគ្រូពេទ្យនឹងធ្វើការពិនិត្យដោយឆ្លុះក្រពះ (Fibroscopy) ដើម្បីពិនិត្យសាច់ក្រពះ និងច្រិបយកសាច់ក្រពះ ដើម្បីពិនិត្យរកមេរោគ Helicobacter pylori។ តែបើគ្មានសញ្ញាប្រកាសអាសន្នទេនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយថ្នាំ ហើយការរកវត្តមានមេរោគ នឹងធ្វើតាមតេស្តដង្ហើម ឬពិនិត្យលាមក។ សូមបញ្ជាក់ផងដែរថា ចំពោះការធ្វើតេស្តពិនិត្យរកមេរោគនេះ អ្នកជំងឺត្រូវមកជួបនឹងគ្រូពេទ្យសិន ដើម្បីចៀសវាងទទួលបានលទ្ធផលកំហុសអវិជ្ជមាន ពោលគឺប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ ឬថ្នាំក្រពះ(PPI) នោះលទ្ធផលនឹងបញ្ជាក់ថាអវិជ្ជមានទាំងពេលខ្លះមានវត្តមានរបស់មេរោគ។
ដូចនេះហើយ ប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ គ្រូពេទ្យនឹងឲ្យគាត់រងចាំរយៈពេល៤សប្តាហ៍សិន មុនធ្វើតេស្តរកមេរោគ ឯអ្នកជំងឺដែលបានប្រើថ្នាំក្រពះ គាត់រងចាំ ២សប្តាហ៍សិន ទើបពិនិត្យ។ មួយវិញទៀត តេស្តឈាមរកមេរោគក្រពះ Helicobacter pylori នេះ មិនត្រូវបានគេប្រើទេនៅក្នុងការអនុវត្តប្រចាំថ្ងៃពីព្រោះវាអាចផ្តល់លទ្ធផលខុស(False positive)។ តេស្តនេះ វាអាចវិជ្ជមានផងដែរ ប្រសិនបើអ្នកជំងឺគាត់បានឆ្លងបាក់តេរីផ្សេងដែលនៅក្នុងគ្រួសាររបស់ Helicobacterpylori ដែលជាធម្មតាវាមិនបង្ករជំងឺទេ ហើយតេសនេះនៅតែវិជ្ជមានរាប់ខែរាប់ឆ្នាំទោះបីមេរោគ ត្រូវបានសម្លាប់ក៏ដោយ។
ការពិតតេស្តប្រភេទ គេមិនប្រើក្នុងការព្យាបាលទេ តែគេប្រើសម្រាប់រកទិន្នន័យនៃអ្នកដែលមានមេរោគ Helicobacter pylori ទៅវិញទេ។»