CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-10-11 · 7,403 views

សញ្ញាទាំង៦ ដែលនឹងប្រាប់ថាកុមារអាចមានជំងឺទឹកនោមផ្អែម!

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

តើជំងឺទឹកនោមផ្អែមដែលតែងត្រូវបានគេជឿថាជាប្រភេទជំងឺមនុស្សពេញវ័យនោះ អាចកើតមានលើកុមារ ឬកូនតូចរបស់អ្នកដែរឬទេ?កុមារស្ថិតក្នុងវ័យក្រោម ១៦ឆ្នាំ ក្នុងអត្រា ៩០ ទៅ៩៥ភាគរយអាចនឹងប្រឈមទៅនឹងជំងឺទឹកនោមផ្អែមប្រភេទ ១ នេះបើយោងតាមការសិក្សាស្រាវជ្រាវ។ ជំងឺប្រភេទនេះ កើតមានឡើងដោយសារសរីរាង្គលំពែងពុំមានលទ្ធភាពក្នុងការផលិតអ័រម៉ូន អាំងស៊ុយលីន សម្រាប់បំលែងជាតិស្ករយកមកប្រើប្រាស់ ដែលធ្វើឲ្យបរិមាណជាតិស្ករបន្សល់ក្នុងឈាមច្រើន។ ចំណែកមូលហេតុនៃជំងឺនេះទៀតសោត គឺមិនមានការបញ្ជាក់ច្បាស់លាស់នៅឡើយដោយវាប្រហែលជាអាចបណ្តាលមកពីការរួមផ្សំគ្នានៃការប្រែប្រួលនៃហ្សែន និងកត្តាខាងក្រៅផ្សេងមួយចំនួនទៀត។ ស្ថានភាពជំងឺអាចនឹងស្តែងឡើងជារោគសញ្ញាមួយចំនួន ដែលនឹងប្រាប់អ្នកតាមរយៈអត្ថបទខាងក្រោម ជាជំនួយអាចឲ្យស្វែងយល់ឲ្យបានច្បាស់ពីបញ្ហាសុខភាពកូនរបស់អ្នក។

1    ស្រេកទឹកខុសធម្មតា កុមារដែលសង្ស័យមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចនឹងមានតម្រូវការសារធាតុទឹកច្រើន និងញឹកញាប់។ វាកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមកើនឡើង នាំឲ្យមានការទាញយកសារធាតុរាវចេញពីកោសិកា។ កុមារអាចនឹងចង់ទទួលបាននូវសារធាតុដែលមានជាតិផ្អែម និងភេសជ្ជៈដែលត្រជាក់។

2    បត់ជើងតូចញឹកញាប់ ដោយសារចំណង់នៃការចង់បានសារធាតុទឹកច្រើននោះការបត់ជើងតូចក៏ញឹកញាប់ទៅតាមនោះដែរ។ ប្រសិនអ្នកសង្កេតឃើញកូនរបស់អ្នកបង្ហាញនូវការបញ្ចេញចោលច្រើនខុសធម្មតា វាអាចបង្កប់នូវមូលហេតុនៃជំងឺដែលអ្នកគួរតែយកចិត្តទុកដាក់។

3    ស្រកទម្ងន់ កុមារដែលមានជំងឺទឹកនោមផ្អែម នោះសារពាង្គកាយរបស់គេ មិនអាចបំប្លែងជាតិស្ករមកជាថាមពលបាននោះទេ ដែលនាំឲ្យមានការថយចុះនូវម៉ាសសាច់ដុំ និងជាតិខ្លាញ់។ ការស្រកទម្ងន់ ចំពោះកុមារដែលមានជំងឺទឹកនោមផ្អែមដែលមិនទទួលបានការព្យាបាល តែងតែកើតឡើងយ៉ាងឆាប់រហ័ស និងភ្លាមៗ។

4    បាត់បង់ថាមពល កុមារអាចស្តែងឡើងនូវភាពហត់ និងមិនសូវមានភាពរហ័សរហួន ដោយសារពួកគេខ្វះខាតថាមពលដែលបានពីការបំប្លែងនូវជាតិស្ករនៅក្នុងចរន្តឈាម សម្រាប់សាច់ដុំ និងសរីរាង្គផ្សេងៗ ដើម្បីប្រើប្រាស់។

5    ឃ្លានខុសធម្មតា នៅពេលដែលរាងកាយបាត់បង់ថាមពល ដោយសារការធ្លាក់ចុះកម្រិតនៃអាំងស៊ុយលីន កុមារអាចប្រឈមនឹងការកើនឡើងនៃចំណង់អាហារខ្លាំង។

6    ការប្រែប្រួលនៃគំហើញ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ធ្វើឲ្យមានការទាញយកទឹកចេញពីសរីរាង្គ រួមជាមួយនឹងការបាត់បង់សំណើមក្នុងភ្នែកផងដែរ ដែលបណ្តាលឲ្យការមើលមានភាពស្រវាំង និងបញ្ហាគំហើញមួយចំនួនផ្សេងទៀត។ យ៉ាងណាមិញ បញ្ហានេះអាចនឹងពិបាកក្នុងការប៉ាន់ស្មាន ដោយសារកុមារមិនទាន់អាចបែងចែកបានពីគំហើញធម្មតា ឬយ៉ាងណា តែអាចសង្កេតឃើញថាកុមារដែលមានផលវិបាកនៃគំហើញនេះធ្វើឲ្យពួកគេមិនអាចអានបាន។

ប្រសិនសង្កេតឃើញមាននូវសញ្ញាណាមួយនៃជំងឺទឹកនោមផ្អែមប្រភេទ ១ អ្នកពុំគួរពន្យារពេលក្នុងការធ្វើការណាត់ជួបជាមួយអ្នកឯកទេសផ្នែកកុមារជាដាច់ខាត ដោយហេតុថាទោះជាជំងឺនេះមិនអាចធ្វើការព្យាបាលបាន តែវាអាចគ្រប់គ្រងស្ថានភាពជំងឺ ធ្វើឲ្យកុមារមានជីវភាពរស់នៅទូទៅដូចកុមារដទៃទៀត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ