CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-10-16 · 5,329 views

ផ្កាខាត់ណាពណ៌បៃតង

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ផ្កាខាត់ណាពណ៌បៃតង  (Broccoli)   ជារុក្ខជាតិមួយប្រភេទដែលស្ថិតក្នុងអំបូរ   Cruciferousមានប្រភពមកពីប្រទេស អុីតាលី។ វាផ្ទុកនូវ សារធាតុចិញ្ចឹមល្អៗដែលផ្តល់ប្រយោជន៍ជាអនេកដល់រាងកាយរបស់យើងព្រមជាមួយនឹងកាល់ឡូរីទាបបំផុត។ ៥ចំណុចខាងក្រោមនេះនឹងបញ្ជាក់បានកាន​'តែច្បាស់អំពីអត្ថប្រយោជន៍ដែលមិនគួរមើលរំលងរបស់ផ្កាខាត់ណាពណ៌បៃតង។

១. ប្រឆាំងនឹងជំងឺមហារីក សារធាតុគីមីម្យ៉ាងដែលធ្វើឲ្យបន្លែនេះមានរសជាតិល្វីងមានឈ្មោះថា Sulforaphane ជាសារធាតុ ដែលអាចបង្អាក់សកម្មភាពរបស់អង់ស៊ីម Histone deacetylase (HDAC) មានតួនាទីក្នុងការផលិតកោសិកាមហារីក។ ការសិក្សាថ្មីៗនេះបានបង្ហាញថាសារធាតុ Sulforaphane អាចពន្យារ ឬក៏បញ្ឈប់ជំងឺមហារីកមួយចំនួនដូចជាមហារីកស្បែក​ បំពង់អាហារ ក្រពេញប្រូស្តាតជាដើម។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវវីតាមីនបេ៩ (Folate)ដែលដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាដែលនាំឲ្យកើតជំងឺមហារីក​សុដន់។ ការស្រូបយកវីតាមីនបេ ៩ បានគ្រប់គ្រាន់​តាមរយៈចំណីអាហារអាចធានាបាននូវការការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ក្រពះលំពែង និងមហារីកមាត់ស្បូនផងដែរ។

២.  ជួយដល់សុខភាពឆ្អឹង ផ្កាខាត់ណាពណ៌បៃតងដែលចិតរួចត្រឹមតែមួយពែងអាចផ្តល់នូវវីតាមីនកា (Vitamin K) ៩២មីក្រូកាម និងកាល់ស្យូម(Calcium) ៤៣ មីលីក្រាមដែលអាចបំពេញតម្រូវការរបស់រាងកាយជាប្រចាំថ្ងៃ។ ដោយហេតុថា វីតាមីនកា មានតួនាទីការពារនិង ប្រឆាំងនូវការពុកផុយរបស់ឆ្អឹង រីឯកាល់ស្យូមគឺជាសារធាតុរ៉ែមួយប្រភេទដែលអាចជួយការពារ​ និងថែមទាំងធ្វើឲ្យឆ្អឹងលូតលាស់បាន​ល្អទៀតផង។

៣.  ធ្វើឲ្យក្មេងជាងវ័យ នៅក្នុងផ្កាខាត់ណាពណ៌បៃតងចិតរួចត្រឹមតែមួយពែងផ្តល់នូវវីតាមីនសេ (VitaminC)ដល់ទៅ៨១មីលីក្រាមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតសារធាតុកូឡាជែន (Collagen) ជាអ្នកទ្រទ្រង់ដ៏សំខាន់របស់ស្បែកនិងអាចជួយការពារស្បែកប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យជាតិពុលផ្សេងៗនិងកាត់បន្ថយភាពជ្រីវជ្រួញ។លើសពីនេះ​វាក៏មានផ្ទុកនូវវីតាមីន(AនិងE)ដែលជាតួឯកសំខាន់ផងដែរក្នុងការធ្វើឲ្យស្បែកមានសុខភាពល្អ។

៤.  រំលាយអាហារ និងបន្សាបជាតិពុល ផ្កាខាត់ណាពណ៌បៃតងពិតជាសម្បូរនូវជាតិកាកសរសៃ (Fiber) ដែលអាចការពារពីការទល់លាមកធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អហើយនិងជួយជំរុញដល់រាងកាយរបស់យើងឲ្យបញ្ចេញនូវសារជាតិពុលផ្សេងៗទៅតាមទឹកនោម​និងលាមក។

៥.  ការពារពីជំងឺរ៉ាំរ៉ៃ តាមរយៈកម្មវិធីមួយរបស់សាកលវិទ្យាល័យ Kentucky នៃចក្រភពអង់គ្លេសបានបង្ហាញថាការ ស្រូបយកជាតិកាកសរសៃ (Fiber) តាមរយៈ ចំណីអាហារបានច្រើនអាចកាត់បន្ថយការវិវឌ្ឍនៃជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង​ ទឹកនោមផ្អែម ដាច់សរសៃឈាមក្នុងខួរក្បាល លើសជាតិខ្លាញ់ លើសឈាម  និងជំងឺក្រពះពោះវៀន។Fiber អាចជួយបញ្ចុះសម្ពាធឈាម និងកម្រិត​- កូឡេស្តេរ៉ុល និងជំរុញឲ្យអាំងស៊ុយលីន ធ្វើការបានល្អហើយថែមទាំងជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។

សរុបរួមមកផ្កាខាត់ណាពណ៌បៃតងពិតជា  ផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយរបស់យើង។ ដូចនេះយើងគួរគប្បីទទួលទានវាឲ្យបានច្រើន​ ហើយណែនាំ និងចែករំលែកចំណេះដឹងមួយនេះដល់អ្នករាល់គ្នាដែលនៅជុំវិញខ្លួនអ្នក ជាកត្តាមួយដែលនាំប្រជាជនយើងមានសុខភាពល្អគ្រប់ៗគ្នា។

ឯកសារយោង 1.    http://www.medicalnewstoday.com/articles/266765.php 2.    https://en.wikipedia.org/wiki/Broccoli

អត្ថបទដោយ ៖ មួង ពេជ្រចិន្តា និស្សិតផ្នែកឱសថសាស្រ្ដឆ្នាំទី៣ នៃសាកលវិទ្យាល័យ ន័រតុន

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ