2017-11-06 · 4,523 views
៧យ៉ាងដើម្បីថែរក្សាសម្រស់ភ្នែកនៅរដូវភ្លៀង
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មិនមែនត្រឹមតែស្បែកមុខទេដែលអ្នកត្រូវថែរក្សា អំឡុងនៃរដូវភ្លៀងធ្លាក់ កែវភ្នែករបស់អ្នកក៏ជាផ្នែកដែលមិនគួរមើលរំលងដូចគ្នា ដោយវាផ្តល់ឲ្យអ្នកនូវភាពស្រស់ស្អាតពីពន្លឺត្រចង់មុតថ្លានិងគ្មានជំងឺ។ដូចនេះហេលស៍ថាមសូមលើកបង្ហាញនូវចំណុចខ្លះៗដែលអ្នកគួរអនុវត្តដើម្បីរក្សាសម្រស់ភ្នែករបស់អ្នកនៅរដូវភ្លៀងនេះ៖
•កុំញី ឬជូតភ្នែកដោយដៃមិនស្អាត ព្រោះវាអាចនឹងធ្វើឲ្យឆ្លងមេរោគមួយចំនួនទៅក្នុងភ្នែក របស់អ្នក។ ជាការពិតទម្លាប់នេះច្រើនកើតឡើង ចំពោះក្មេង ដូចនេះ មាតាបិតាគ្រប់រូបចាំបាច់ត្រូវ រក្សាក្មេងឲ្យឆ្ងាយពីកន្លែងដក់ទឹក។
•ប្រសិនបើអ្នកទទឹកខ្លួនដោយទឹកភ្លៀងក្នុងពេលធ្វើដំណើរ អ្នកត្រូវចាំថាពេលទៅដល់ផ្ទះ ឬកន្លែងណាមួយ អ្នកគួរលាងភ្នែករបស់អ្នកជាមួយទឹកស្អាត និងជូតសម្អាតជាមួយកន្សែងស្ងួត ជាចាំបាច់។
•ពាក់វ៉ែនតាជាប្រចាំនូវរាល់ពេលចេញក្រៅ ព្រោះការពាក់វ៉ែនតាមិនមែនសម្រាប់តែការពារកម្តៅថ្ងៃនោះទេ។ ក្នុងករណីអ្នកមានទម្លាប់ ចូលចិត្តពាក់លែន អ្នកគួរតែសម្អាតវាជាប្រចាំនិងទៀងទាត់ ដើម្បីចៀសវាងការងាយចម្លងមេរោគ។
•បើមាននរណាម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហាភ្នែក ត្រូវចៀសវាងនូវការប្រើប្រាស់របស់ផ្ទាល់ខ្លួន ដូចជាកន្សែង ឬកន្សែងដៃរួមគ្នាដាច់ខាត។
•បង្កើនភាពស៊ាំការពាររាងកាយ ដោយចៀសវាងការញ៉ាំអាហារខាងក្រៅញឹកញាប់ ហើយបែរមកញ៉ាំអាហារដែលចម្អិនដោយខ្លួនឯងនៅផ្ទះបន្លែស្រស់ធម្មជាតិ និងផ្លែឈើតាមរដូវកាល ជាការប្រសើរបំផុត។
•ករណីមានរមាស់ភ្នែក ដំបូងអ្នកគ្រាន់តែ លាងសម្អាតភ្នែកជាមួយទឹកត្រជាក់ បើមិនមាន ការធូរស្រាល សូមចៀសវាងនូវការប្រើប្រាស់ថ្នាំបន្តក់ភ្នែកដោយខ្លួនឯង។ អ្នកគួរទៅជួបជា-មួយគ្រូពេទ្យដើម្បីឲ្យគាត់ចេញវេជ្ជបញ្ជាត្រឹមត្រូវ ក្នុងការប្រើប្រាស់ថ្នាំ។
•ត្រូវលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូដុំជាប្រចាំ ពិសេសក្នុងរដូវភ្លៀង ព្រោះវាអាច សម្លាប់មេរោគបានរហូតដល់៩៩%។ ក្រៅពីនេះ អ្នកក៏អាចប្រើអាល់កុលលាងបានដូចគ្នា ដែលវាផ្តល់នូវប្រសិទ្ធភាពបានរហ័ស ប៉ុន្តែគ្រាន់តែវាមិនមានប្រសិទ្ធភាពសម្រាប់វីរុសប៉ុណ្ណោះ។
ជានិច្ចកាល ការការពារតែងតែប្រសើរជាងការព្យាបាល ដូចនេះអ្នកចាំបាច់ត្រូវធ្វើតាមការណែនាំខាងលើ នោះអ្នកនឹងទទួលបាននូវការរក្សាសម្រស់ភ្នែកយ៉ាងមានប្រសិទ្ធភាព។