2017-12-09 · 5,598 views
[ខ្លឹម] វីតាមីនសេចំពោះស្ត្រីអស់រដូវ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
បម្រែបម្រួលដែលកើតមានឡើងនៅដំណាក់កាលអស់រដូវ និងក្បែរអស់រដូវរបស់ស្ត្រី សុទ្ធសឹងតែអាចចូលរួមផ្តល់ឲ្យស្ត្រីនូវបទពិសោធន៍អាក្រក់ជាច្រើនដែលជះឥទ្ធិពលដល់គុណភាពជីវិត។ ដូចនេះ ការថែទាំដែលជាក់លាក់គួរតែត្រូវបានធ្វើឡើង ដើម្បីទ្រទ្រង់ផាសុកភាពក្នុងពាក់កណ្តាលជីវិតក្រោយរបស់ពួកគាត់។ ការគាំទ្រផ្នែកផ្លូវចិត្ត ការធ្វើលំហាត់ប្រាណ របបអាហារ ក៏ដូចជាឱសថបំប៉នជាដើម ត្រូវបានពិចារណាក្នុងការរួមបញ្ចូលជាចាំបាច់ជាមួយនឹងការព្យាបាលចំពោះស្ត្រីអស់រដូវ។
តួយ៉ាង ជម្រើសនៃឱសថបំប៉នមួយចំនួនត្រូវបានលើកយកមកពិភាក្សាជាបន្តបន្ទាប់ទាក់ទិននឹងការជួយគាំទ្រយ៉ាងប្រសើរដល់ការព្យាបាលដោយអ័រម៉ូន ក៏ដូចជាការកាត់បន្ថយរោគសញ្ញារំខាន និងការប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀតនៅពេលអស់រដូវ ជាពិសេសឱកាសក្នុងការកាត់បន្ថយកម្រិតអ័រម៉ូនដែលត្រូវប្រើប្រាស់ផងដែរ។
ក្នុងឱសថបំប៉នជាច្រើន វីតាមីនសេក៏ត្រូវបានអ្នកជំនាញលើកមកបកស្រាយចំពោះសុខភាពរបស់ស្រ្តីអស់រដូវផងដែរ។ ការសិក្សាបានបង្ហាញថាអាស៊ីតអាស្កូបប៊ិច ឬវីតាមីនសេជាសារធាតុដ៏សំខាន់សម្រាប់ការកកើតនៃកោសិកាឆ្អឹងដោយសារតែវាជាអ្នកភ្ញោចProcollagen ដែលជំរុញឲ្យមានការផលិតកូឡាជែន (collagen) និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់របស់កោសិកាឆ្អឹងថ្មីៗ ក៏ដូចជាការពារការរសាត់នៃឆ្អឹងដែលជាមូលហេតុនៃការពុកឆ្អឹងផងដែរ។ ដោយឡែក ចំពោះស្ត្រីអស់រដូវដែលមានកង្វះនូវអ័រម៉ូនអឺស្ត្រូសែន សម្ពាធនៃអុកស៊ីតកម្មគឺជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យមានការថយចុះនូវភាពយឺតនៃសរសៃឈាម និងជំរុញឲ្យមានការប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ វីតាមីនសេ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយដែលត្រូវបានប្រើប្រាស់ក្នុងការចូលរួមជំរុញមុខងាររបស់ជញ្ជាំងសរសៃឈាម (Endothelial function) និងរក្សាលំនឹងកូឡេស្តេរ៉ុល (Cholesterol homeostasis) ជាពិសេសចំពោះស្ត្រីដែលមានកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ ជាចុងក្រោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិតមានជាដំបូន្មានសម្រាប់ស្ត្រីគ្រប់រូបដែលកំពុងប្រឈមមុខនឹងបញ្ហានៃការអស់រដូវនេះថា គួរមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកជំងឺផ្សេងទៀតដូចជា ជំងឺមហារីកជាដើម រីឯការធ្វើលំហាត់ប្រាណក៏ចាំបាច់រាប់បញ្ចូលក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ៕
ស្វែងយល់បន្ថែម៖ សារធាតុបំប៉នសំខាន់ៗសម្រាប់សុខភាពស្ត្រីនៅអំឡុងពេល និងក្បែរអស់រដូវ
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស