2017-12-18 · 5,690 views
មហោស្រពបណ្ណាល័យកម្ពុជា លើកកម្ពស់គុណតម្លៃនៃបណ្ណាល័យ និងបង្កើនការយល់ដឹងពីSDGs
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មហោស្រពបណ្ណាល័យកម្ពុជាលើកទី១ ក្រោមប្រធានបទ «គិតអំពីបណ្ណាល័យ គិតអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» បានប្រព្រឹត្តទៅយ៉ាងជោគជ័យក្រោមការគាំទ្រ និងចូលរួមពីអ្នកចូលទស្សនាមកពីស្ថាប័ននានា រយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅឯបណ្ណាល័យជាតិ ក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៦។
ថ្វីត្បិតថាមហោស្រពនេះទើបតែមានវត្តមានជាលើកដំបូងបង្អស់នៅកម្ពុជាក៏ដោយ ក៏យើងសង្កេតឃើញថា កម្មវិធីដ៏មានគុណប្រយោជន៍នេះបានទទួលបានការចាប់អារម្មណ៍យ៉ាងក្រៃលែង ជាពិសេសអ្នកដែលស្រលាញ់ការអាន និងមានបំណងស្វែងយល់បន្ថែមពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)ពិសេសតួនាទីបណ្ណាល័យក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
យោងតាមរបាយការណ៍ផ្តល់ជូនដោយក្រុមការងាររៀបចំនូវមហោស្រពមួយនេះបានឲ្យដឹងថា មានបណ្ណាល័យជាដៃគូចំនួន១០បានធ្វើការចូលរួមដូចការរំពឹងទុក និងមានសៀវភៅប្រមាណ២៥៨ក្បាល ត្រូវបានផ្លាស់ប្តូរក្នុងកម្មវិធីផ្លាស់ប្តូរសៀវភៅ។ ប្រហែលជាធ្លាប់តែលឺអំពីកម្មវិធីផ្លាស់ប្តូរនិស្សិត តែនេះជាកម្មវិធីផ្លាស់ប្តូរសៀវភៅ ដែលប្រាកដណាស់ជាសកម្មភាពមួយដែលអ្នកស្រលាញ់ការអាន ស្រលាញ់សៀវភៅពេញចិត្ត ព្រោះថាវាជាឱកាសមួយដែលអាចឲ្យពួកគេធ្វើការស្វែងយល់ពីអ្វីដែលថ្មី តាមរយៈការអានសៀវភៅដែលខ្លួនបានផ្លាស់ប្តូរនោះ ដោយមិនចាំបាច់ចំណាយប្រាក់លើការទិញនូវសៀវភៅថ្មី។
បន្ថែមពីលើនេះផងដែរនៅក្នុងកម្មវិធីសំណួរ-ចម្លើយអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងមុខងាររបស់បណ្ណាល័យក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏មានការចូលរួមច្រើនផងដែរពីសំណាក់អ្នកទស្សនាគ្រប់វ័យ ជាពិសេសយុវវ័យដែលមានបំណងយល់ដឹងបន្ថែមអំពីប្រធានបទនេះ ដែលក្នុងនោះក្រុមការងារបានផ្តល់ដំណឹងថា គឺមានអ្នកចូលរួមក្នុងកម្មវិធីនេះដល់ទៅជាង១ពាន់ឯណោះ។
រីឯកម្មវិធីប្រកួតរូបថតវិញមហោស្រពបណ្ណាល័យកម្ពុជាលើកទី១ក៏បានរកឃើញអ្នកឈ្នះចំនួន១០រូបដែលទទួលបានរង្វាន់នៅក្នុងថ្ងៃមហោស្រពផ្ទាល់។ ទន្ទឹមនឹងគ្នាផងដែរពាក្យស្លោកចំនួន១៤ក៏ត្រូវបានជ្រើសរើសយ៉ាងសុក្រឹត្យនិងល្អិតល្អន់ពីវគ្គសួរសំណួរផងដែរ។
មហោស្រពលើកនេះជាចំណែកមួយដ៏មានសារសំខាន់ក្នុងការផ្សព្វផ្សាយនូវគុណតម្លៃនៃបណ្ណាល័យនិងគម្រោងនៃការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជាយើង ហើយក៏សង្ឃឹមថានឹងមានអ្នកចូលរួមគាំទ្រកាន់តែច្រើន និងបន្តចូលរួមក្នុងកម្មវិធីលើកក្រោយៗទៀត។
គូសបញ្ជាក់ថា មហាស្រពបណ្ណាល័យកម្ពុជាត្រូវបានផ្តួចផ្តើមគំនិតពីបណ្ណាល័យ១០រួមមាន បណ្ណាល័យ PUC បណ្ណាល័យ American Corner បណ្ណាល័យ CamEd បណ្ណាល័យ UC បណ្ណាល័យ RULE មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌ USA Education បណ្ណាល័យ AII បណ្ណាល័យ AIS និង បណ្ណាល័យបញ្ញវន្ត។