CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-12-21 · 16,524 views

ជំងឺមុខក្រហម មានទាំងប្រភេទងាយ និងពិបាកព្យាបាល...

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ជំងឺមុខក្រហម គឺជាជំងឺរលាកសើស្បែកម្យ៉ាងដែលស្បែកមុខឡើងក្រហមចំណុចកន្ទួលក្រហម និងកន្ទួលក្រហមមានខ្ទុះ  និងមានឃើញនូវសរសៃឈាមតូចឆ្មារៗលើមុខជាពិសេសលើថ្ពាល់  ថ្ងាស  ច្រមុះ ចង្កា ករណីខ្លះអាចមានលើសែ្បកក្បាល ត្រចៀកកនិងផ្នែកខាងលើនៃដងខ្លួន។ ជំងឺនេះអាចច្រឡំនឹងជំងឺមុនជំងឺប្រតិកម្មអាលែ្លកហ្ស៊ីស្បែកឬជំងឺស្បែកផ្សេងៗ ទៀត។ ជំងឺមុខក្រហមកើតលើអាយុចន្លោះពី៣០ឆ្នាំទៅ​៥០ឆ្នាំ​ភាគច្រើនកើតលើស្រ្តីជាងបុរសតែបើកើតលើបុរសជាទូទៅមានដុំពករលាក និងការរីកប៉ោងធំនៃក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។

មូលហេតុ មូលហេតុនៃការរកឃើញនេះមិនត្រូវបានគេដឹងនោះទេប៉ុន្តែវាអាចដោយសារតែការរួមបញ្ចូលគ្នានៃកត្តាតំណពូជ និងបរិស្ថាន។កត្តាមួយចំនួនអាចបង្កឬធ្វើឲ្យជំងឺមុខក្រហមធ្ងន់ធ្ងរដោយការបង្កើនលំហូរឈាមទៅលើផ្ទៃនៃស្បែករបស់ អ្នក។ កត្តាមួយចំនួននេះរួមមាន៖ • ភេសជ្ជៈក្តៅ និងហឹរ • ជាតិអាល់កុល • សីតុណ្ហភាពត្រជាក់ ឬក្តៅខ្លាំង • ពន្លឺព្រះអាទិត្យ ឬខ្យល់ • ការរំជួលអារម្មណ៍ • ថ្នាំដែលពង្រីកសរសៃឈាម រួមទាំងថ្នាំសម្ពាធឈាមមួយចំនួន • ការលាបថ្នាំ ឬគ្រឿងសម្អាងដែលមានជាតិគ័រទីកូអ៊ីតរយៈពេលយូរ ក្នុងហេតុផលព្យាបាលជំងឺឬកែសម្ផស្ស ឬមួយការចាក់ឬលេបថ្នាំជាតិសេ្តរ៉យ(Steroid) ម្តងហើយម្តងទៀត។

សញ្ញា និងរោគសញ្ញា ដោយសារជំងឺមុខក្រហមមានសញ្ញានិងរោគសញ្ញាជាច្រើនអ្នកវិទ្យាសាស្ត្របានកំណត់ជំងឺមុខក្រហមជាបួនប្រភេទ។

១ ប្រភេទErythematotelangiectatic Rosacea ៖ មានការរលាកក្រហមនៃស្បែកជាប្រចាំរួមជាមួយការកើតឡើងនូវសរសៃឈាមតូចឆ្មារៗលើស្បែក។

២ ប្រភេទPapulopustular Rosacea ៖ មានកន្ទួលពងៗ ឬខ្ទុះត្រង់គល់រោម តែគ្មានគ្រាប់-មុនដូចជំងឺមុនទេ។

៣ ប្រភេទPhymatous Rosacea ៖ ជាទូទៅមានដុំពករលាក និងការរីកប៉ោងធំក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។

៤ Ocular Rosacea ៖ ភ្នែក និងត្របកភ្នែក ក្រហម ស្ងួតរោលជួនកាលរមាស់ រលាក និងមានអារម្មណ៍ថាមានអ្វីមួយក្នុងភ្នែក។ រោគវិនិច្ឆ័យ(គ្លីនិក) -ផ្អែកលើសញ្ញាគ្លីនិក និងប្រវត្តិជំងឺ៖ កន្លែងស្បែកមានបញ្ហាកាន់តែធ្ងន់នៅពេលរងពន្លឺថ្ងៃ ពេលញុាំកាហ្វេ ស្រា និង គ្រឿងហឹរ។

ការព្យាបាល -ត្រូវការពារមុខពីពន្លឺថ្ងៃដូចជាពាក់មួកការពារ ឬប្រើឆ័ត្រពេលប៉ះនឹងកំដៅថ្ងៃ ឬ ប្រើប្រាស់ក្រែមការពារកំដៅថ្ងៃ -ចៀសវាងហូបកាហេ្វក្តៅ ស្រា គ្រឿងហឹរ -ចៀសវាងប្រើថ្នាំមានជាតិសេ្តរ៉យ(Steroid) ដោយគ្មានការណែនាំពីគ្រូពេទ្យ -ប្រើឱសថប្រភេទលាប និងលេប។

ចំពោះប្រភេទជំងឺមុខក្រហម ដែលពិបាកព្យាបាលអាចព្យាបាលដោយវិធីវះកាត់ឬដោយប្រើម៉ាស៊ីនឡេសែ។  ក្នុងករណីចាំបាច់គួរទៅទទួលសេវាពិគ្រោះ  និងព្យាបាលជំងឺពីគ្រូពេទ្យជំនាញឬមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្នែកជំងឺសើស្បែកផ្ទាល់ ដើម្បីទទួលបាននូវការព្យាបាលដ៏សមស្រប និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្តទំនើបទាន់សម័យ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស វេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក និងកាមរោគ  និងជានាយផ្នែក​​រងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ