2018-01-08 · 11,975 views
ហេតុអ្វីមានការឈឺចាប់ និង ឈាមក្រហមស្រស់ពេលបន្ទោបង់?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ហេតុអ្វីមានការឈឺចាប់ និង ឈាមក្រហមស្រស់ពេលបន្ទោបង់ ? តើលោកអ្នកធ្លាប់មានការឈឺចាប់ និងមានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ឫទេ ?
ប្រជាជនទូទៅតែងតែយល់ថា រាល់គ្រប់រោគសញ្ញាដែលកើតមាននៅតំបន់ទ្វារលាមកសុទ្ធតែជាជំងឺឫសដូងបាត ។ ក៏ប៉ុន្តែការពិតទៅ មានជំងឺផ្សេងៗទៀតជាច្រើនក្រៅពីជំងឺឫសដូងបាត ។ រោគសញ្ញាខាងលើនេះអាចបណ្ដាលមកពីមូលហេតុជាច្រើន ដែលក្នុងចំណោមនោះការដាច់រលាត់ទ្វារលាមក (Fissure anale) គឺជាមូលហេតុដែលជួបញឹកញាប់ជាងគេ ។
I- តើការដាច់រលាត់ទ្វារលាមក (Fissure anale) ជាអ្វី ? Fissure anale គឺជាការដាច់រលាត់ស្បែកនៃច្រកទ្វារលាមកដែលបង្កឲ្យមានការឈឺចាប់ខ្លាំងនិង មានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ ។ ជំងឺនេះអាចកើតមានលើមនុស្សប្រុសស្រី គ្រប់វ័យ សូម្បីតែកូនក្មេងតូចៗ ។
II- មូលហេតុនៃការដាច់រលាត់ទ្វារលាមក មូលហេតុសំខាន់ៗមាន3គឺ៖ 1-លាមករឹង 2-រាករូសខ្លាំង 3-ស្ត្រីទើបនឹងសម្រាលរួច មូលហេតុកម្រផ្សេងៗទៀតដូចជា៖ ជំងឺកាមរោគ របេង មហារីកបាត រលាកពោះវៀនរ៉ាំរ៉ៃ(Maladie de Cronh) ។ល។
III- តើវាជាជំងឺធ្ងន់ធ្ងរដែរឫទេ ? ភាគច្រើននៃជំងឺនេះមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ និងអាចព្យាបាលជាសះស្បើយ។ ក៏ប៉ុន្តែអាចកើតមានឡើងវិញ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការបន្ទោបង់ទៀត។ ប្រសិនបើជំងឺនេះទើបតែកើតមាន វាអាចនឹងជាសះស្បើយយ៉ាងងាយ។ ប៉ុន្តែក្នុងករណីដែលលោកអ្នកមានអាការៈបែបនេះជាប់មករហូតចាប់ពីពីរខែឡើងទៅ យើងហៅថាជាការរលាត់ដាច់រ៉ាំរ៉ៃដែលតម្រូវឲ្យមានការព្យាបាលត្រឹមត្រូវ។
IV-ការធ្វើរោគវិនិច្ឆ័យ ដោយសារតែរោគសញ្ញាមានភាពស្រដៀងគ្នារវាងជំងឺផ្សេងៗ នៅនឹងបាត ការធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានការសាកសួរយ៉ាងល្អិតល្អន់គួបផ្សំនឹងការពិនិត្យយ៉ាងម៉ត់ចត់។ រោគសញ្ញាសំខាន់ៗរួមមាន៖ 1- ឈឺចាប់ ឬ ក្រហាយផ្សាពេលកំពុង និងបន្ទាប់ពីបន្ទោបង់ 2- មានឈាមពណ៌ក្រហមស្រស់បន្តិចបន្តួចតាមបាតពេលបន្ទោបង់ 3- រមាស់ទ្វារលាមក
V-វិធីព្យាបាល 1-ការព្យាបាលដោយថ្នាំ ការព្យាបាលដោយថ្នាំ គឺជាជម្រើសទីមួយសម្រាប់ការរលាត់ដាច់ថ្មីៗក៏ដូចជារ៉ាំរ៉ៃ។ គោលការណ៍ដែលសំខាន់ជាងគេបំផុតក្នុងការព្យាបាលជំងឺនេះ គឺព្យាបាលមូលហេតុនៃជំងឺ (លាមករឹង រាករូស កាមរោគ របេង ។ល។)។ ហើយក៏មានថ្នាំលាបជួយឲ្យឆាប់សះ និងថ្នាំលេបបំបាត់ការឈឺចាប់។
2-ការវះកាត់ ការព្យាបាលអាចឈានទៅដល់ការវះកាត់ក្នុងករណី៖ 1-ជំងឺរ៉ាំរ៉ៃមិនជាសះស្បើយ បន្ទាប់ពីការព្យាបាលដោយការប្រើថ្នាំ 2-ការដាច់រលាត់ដែលបង្ករោគ ឬក្លាយជាបូស 3-មានរោគសញ្ញាដែលសង្ស័យថាជាជំងឺមហារីកបាត
VI-វិធីបង្ការកុំឲ្យកើតជំងឺនេះ វិធីការពារ គឺការបរិភោគបន្លែផ្លែឈឺ ទឹកស្អាតឲ្យបានច្រើន និងហាត់ប្រាណ ដើម្បីបង្ការលាមករឹង ឬរាក។
សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 017 55 33 17 / 070 55 33 17 / 066 55 33 17