CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-01-12 · 7,215 views

[ខ្លឹមៗ] ជ្រុះសក់កម្រិតណា ទើបមិនធម្មតា?ដោយសារមូលហេតុអ្វីខ្លះ?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

សក់ប្រមាណពី 50 ទៅ 100 សរសៃ ត្រូវបានជ្រុះជារៀងរាល់ថ្ងៃ ហើយត្រូវបានគេចាត់ទុកជាធម្មតាសម្រាប់មនុស្សទូទៅ។ ប៉ុន្តែ ស្ត្រីជាញឹកញាប់អាចមានជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភចំពោះការជ្រុះសក់នេះជាងបុរស។ យ៉ាងណាមិញ សក់របស់អ្នកមានការដុះលូតលាស់ជា៣ដំណាក់កាលផ្សេងគ្នារួមមាន៖ ដំណាក់កាលលូតលាស់មានប្រហែលជា៩០% និងមានរយៈពេលច្រើនឆ្នាំ ហើយនៅដំណាក់កាលសម្រាកដែលជាទូទៅ មានរយៈពេលពី២ ទៅ ៣ខែ និងដំណាក់កាលចុងក្រោយ គឺការជ្រុះសក់ពីឫស ហើយក៏មានការដុះសក់ថ្មីជាបន្តបន្ទាប់។

បញ្ហាជ្រុះសក់នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់ និងបញ្ហាស្ត្រេសរបស់ពួកគាត់ បូករួមនឹងកត្តាចម្បងដែលបណ្ដាលឲ្យសក់ជ្រុះជាច្រើនទៀតមានដូចជា៖ -បញ្ហាស្ត្រេស៖ ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ។ -កត្តាបុរស ឬតំណពូជ៖ បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យារកំណើត ឬក្រោយពេលសម្រាល។ -ការខ្វះអាហារូបត្ថម្ភ៖ បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីន ដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។ -ជំងឺក្រពេញ៖ ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។ -ការប្រើប្រាស់ថ្នាំ៖ ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា អាស្ពឺរីន(Aspirin) អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ (Betablocker) ក៏ជាមូលហេតុមួយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។ -កត្តាជំងឺ៖ ជំងឺផ្លូវចិត្ត(Trichotillomania)ជាជំងឺដែលតែងកើតលើក្មេងអាយុ៨ ទៅ១៣ ឬ១៤ឆ្នាំដោយអ្នកជំងឺចូលចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន (Polycystic ovarian) ។ -ការតុបតែងសក់៖ ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។

ជាចុងក្រោយនេះ លោកសាស្ត្រាចារ្យ ម៉ី ស៊ីថាច បម្រើការនៅមន្ទីរពេទ្យព្រះកុសមៈ ជាប្រធានផ្នែកនៃមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺសើស្បែកនៃសាកលវិទ្យាសាស្ត្រសុខាភិបាល និងទទួលបន្ទុកបណ្តុះបណ្ដាលជំងឺសើស្បែក បានមានប្រសាសន៍ថា «ការព្យាបាលបញ្ហានេះ ត្រូវព្យាបាលពីមូលហេតុខាងដើមជាមុនសិន ដូចនេះ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញ ព្រោះការប្រើប្រាស់ថ្នាំបាញ់តែមួយមុខអាចនឹងមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលបញ្ហារបស់អ្នក» ៕

ស្វែងយល់បន្ថែម៖ ដោះស្រាយបញ្ហាជ្រុះសក់ជាមួយសាស្ត្រចារ្យ ម៉ី ស៊ីថាច

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ