2018-01-25 · 10,878 views
១០mg នៃឱសថ XARELTO® (Rivaroxaban) អាចជួយកាត់បន្ថយជំងឺឈាមកកក្នុងសរសៃវ៉ែន
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ បានយល់ស្របឲ្យមានការប្រើប្រាស់ឱសថ Rivaroxaban (Xarelto, Janssen Pharmaceuticals, Inc.) ក្នុងកម្រិត ១០មីលីក្រាមក្នុងមួយថ្ងៃជាប្រចាំ សម្រាប់ការការពារហានិភ័យនៃជំងឺឈាមកកក្នុងសរសៃវ៉ែន (Venous thromboembolism) ដែលជាជំងឺតែងកើតមានឡើងបន្ទាប់ពីការព្យាបាលជំងឺកំណកឈាមអស់រយៈពេល ៦ខែ។
លទ្ធផលការប្រើប្រាស់នេះ ពឹងផ្អែកលើទិន្នន័យនៃការសិក្សាគ្លីនិកពី EINSTEIN CHOICE បានបង្ហាញថា Factor Xa Inhibitor មានប្រសិទ្ធភាពរ៉ាប់រងក្នុងការកាត់បន្ថយនៃការកើតជំងឺឈាមកកក្នុងសរសៃវ៉ែន (Venous thromboembolism) ដោយការសិក្សានេះបានធ្វើឡើងលើអ្នកជំងឺដែលកំពុងទទួលការព្យាបាលជំងឺកំណកឈាមអស់រយៈពេល ៦ ទៅ១២ ខែ រួចតម្រូវឲ្យប្រើប្រាស់ឱសថ Xarelto អាចក្នុងកម្រិត ១០mg/១ថ្ងៃ និង២០mg/១ថ្ងៃ ជាប្រចាំ ចំណែកអ្នកជំងឺមួយផ្នែកទៀត ត្រូវបានប្រើប្រាស់ឱសថ Aspirin ១០០mg/១ថ្ងៃជាប្រចាំ ហើយគេសង្កេតឃើញថា អ្នកជំងឺប្រើប្រាស់ឱសថ Xarelto មានការថយចុះហានិភ័យនៃជំងឺឈាមកកក្នុងសរសៃឈាមវ៉ែន (Venous thromboembolism) បើប្រៀបធៀបចំពោះអ្នកជំងឺដែលប្រើប្រាស់ឱសថ Aspirin ។
ការអនុវត្តប្រើប្រាស់ឱសថត្រូវចាប់ផ្តើមដំបូងក្នុងកម្រិត ១៥mg ពីរដងក្នុងមួយថ្ងៃសម្រាប់ការកើតឡើងនៃជំងឺឈាមកកក្នុងសរសៃឈាមអស់រយៈពេល ២១ថ្ងៃ រួចបន្តចាប់ពី ២២ ដល់ ១៨០ថ្ងៃ នោះកម្រិតនៃការប្រើប្រាស់អាចត្រឹម ២០mg មួយដងក្នុងមួយថ្ងៃ ហើយចាប់ពីរយៈពេល ១៨០ថ្ងៃឡើងទៅ ការប្រើប្រាស់អាចស្ថិតក្នុងកម្រិត ១០mgក្នុងមួយថ្ងៃជាប្រចាំ។
គួរបញ្ជាក់ផងដែរ អ្នកធ្លាប់ទទួលបានការព្យាបាលជំងឺកំណកឈាម អាចមានហានិភ័យក្នុងអត្រា២០% ប្រឈមទៅជំងឺឈាមកកក្នុងសរសៃវ៉ែន (Venous thromboembolism) ក្នុងរយៈពេល៣ឆ្នាំ ចំណែកការសម្រេចរបស់ FDA រួមជាមួយការសិក្សាបែបគ្លីនិកជាភស្តុតាងបង្ហាញពីប្រសិទ្ធភាពរបស់ឱសថ Xarelto បើប្រៀបធៀបទៅនឹងឱសថ Aspirin សម្រាប់ការពារពីជំងឺឈាមកកក្នុងសរសៃវ៉ែននេះ។
ឯកសារយោង : FDA Approves New 10 mg Dosing for XARELTO® (rivaroxaban) to Reduce the Continued Risk of Venous Thromboembolism (VTE) [news release]. Titusville, NJ. Janssen Pharmaceuticals, Inc. October 30, 2017.