2018-02-20 · 22,856 views
ផលប៉ះពាល់ និងវិធានការបញ្ឈប់ការជក់បារី
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
បារី គឺជាវិធីសាស្រ្តទូទៅបំផុតក្នុងការប្រើប្រាស់ថ្នាំជក់ ជាពិសេសវ័យជំទង់។ ការជ្រើសរើសជក់បារីអាចបណ្តាលមកពីកត្តាដូចជា ការអូសទាញពីមិត្តភក្តិ ការចង់ដឹងចង់សាកល្បង ការឃោសនាពាណិជ្ជកម្មបារី និង ការជក់លេងកម្សាន្ត។ ឥទ្ធិពលនៃការជក់បារី បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរសឹងតែគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ ព្រោះនៅក្នុងផ្សែងបារីមានសារធាតុគីមី ជាង៤០០០ប្រភេទ ដែលសារធាតុទាំងនោះគឺជាជាតិពុល និងជាតិដែលធ្វើឲ្យរលាកដល់កោសិកា។
ផលប៉ះពាល់នៃការជក់បារី ១.ប៉ះពាល់សុខភាព ថ្នាំជក់បង្កឱ្យមានជំងឺ ទាំងអ្នកជក់ និងអ្នករងការស្រូបផ្សែងផលិតផលថ្នាំជក់ពីគេ ដែលមានដូចជា ជំងឺមហារីកសួត មហារីកបំពង់រំលាយអាហារផ្នែកខាងលើ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ មិនតែប៉ុណ្ណោះ បារីអាចធ្វើឲ្យជ្រុះសក់ ភ្នែកទ្បើងបាយ ពុកធ្មេញ ហើមសួតពុកឆ្អឹង ជំងឺបេះដូង និង ខូចទឹកកាម។
២.ប៉ះពាល់បរិស្ថាន ឧស្សាហកម្មថ្នាំជក់បានប៉ះពាល់បរិស្ថានក្រោមទិដ្ឋភាពជាច្រើន។ កសិដ្ឋានថ្នាំជក់ ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ដែលបង្កបញ្ហាដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ សំណល់ដើមថ្នាំជក់ដែលផ្ទុកសារធាតុគីមីពុលចំនួន ៧,០០០ប្រភេទ និងផ្សែងផលិតផលថ្នាំជក់បង្កជាជំងឺមហារីក និងបំពុលបរិស្ថានផងដែរ។
ដើម្បីសម្រេចបាននូវការបញ្ឈប់ការជក់បារីដោយជោគជ័យ ចាំបាច់ត្រូវអនុវត្តនូវវិធានការ៧ជំហានដូចខាងក្រោម៖ ១-ត្រៀមខ្លួនឈប់ជក់បារី ២-ដល់ពេលឈប់ជក់បារី ៣-ឈ្នះលើការញៀននីកូទីន ៤-ជ្រើសរើសយកទម្លាប់ថ្មី ៥-រស់នៅដោយគ្មានផ្សែងបារី ៦-ឈប់ជក់បារីជារៀងរហូត ៧-ទទួលជ័យជំនះក្នុងជីវិត។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព