CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-03-02 · 34,117 views

ឱសថអាំងស៊ុយលីន(Insulin)​ ចំពោះអ្នកជំងឺទឹកនោមផ្អែម

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

លោកអ្នកកំពុងអនុវត្តជំហានដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយប្រើឱសថអាំងស៊ុយលីនតាមរយៈការចាក់ ឬផាប់។ អាំងស៊ុយលីនអាចជួយលោកអ្នកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរឡើង និងរក្សាសុខភាពរយៈពេលវែង។ អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ត្រូវតែប្រើអាំងស៊ុយលីនដាច់ខាត ព្រោះកោសិកាបេតានៃលំពែងរបស់គាត់ត្រូវបានបំផ្លាញអស់។ ចំណែកអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ2 អាចគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ពួកគេជាមួយនឹងថ្នាំគ្រាប់ប៉ុន្តែក៏ត្រូវការប្រើអាំងស៊ុយលីនផងដែរ។

ចំណុចយល់ដឹងអំពីអាំងស៊ុយលីន - ចូរយកអាំងស៊ុយលីនតាមខ្លួនឱ្យជាប់លាប់ - ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីន លាយបញ្ចូលគ្នាដូចជា NPH ឬ ព្រីម៉ិចអាំងស៊ុយលីន(Premixed 30/70, 70/30, 50/50 ដូចជាប្រភេទ Mixtard) ដំបូងត្រូវរមៀលវាលើបាតដៃថ្នមៗអោយសព្វមុនពេលប្រើ - ពិនិត្យមើលរូបរាងអាំងស៊ុយលីនមុនពេលប្រើវា។ កុំប្រើវាប្រសិនបើមើលទៅខុសប្រក្រតី (បើមានដុំនៅក្នុងវា ឬ មើលទៅប្រែពណ៍កករនៅពេលវារងថ្លា) - រក្សាអាំងស៊ុយលីនឱ្យនៅកន្លែងត្រជាក់ស្ងួត (នៅសីតុណ្ហភាពបន្ទប់ កុំអោយត្រូវពន្លឺថ្ងៃដោយផ្ទាល់ ឬក្នុងទូទឹកកក មិនមែនកន្លែងកករឹង) - បោះចោលអាំងស៊ុយលីនបន្ទាប់ពីបើកប្រើបានមួយខែ បើទោះបីជាអាំងស៊ុយលីននៅសល់ក្នុងដបក៏ដោយ - នៅពេលធ្វើដំណើរសូមរក្សាអាំងស៊ុយលីនអោយជាប់លាប់ជាមួយ ដោយទុកក្នុងធុងទឹកក - ចាក់អាំងស៊ុយលីនក្នុងកន្លែងផ្សេងៗគ្នា (យ៉ាងហោចណាស់៥សង់ទីម៉ែតពីកន្លែងមួយទៅកន្លែងមួយចុងក្រោយគេ) - ប្រសិនបើលោកអ្នកមានសំណួរ ឬការព្រួយបារម្ភអំពីអាំងស៊ុយលីនសូមទូរស័ព្ទទៅគ្រូពេទ្យរបស់លោកអ្នក ឬអ្នកផ្តល់សេវាសុខភាព - កុំរំលងការចាក់អាំងស៊ុយលីនលុះត្រាតែមានការណែនាំរបស់គ្រូពេទ្យ ឬអ្នកផ្តល់សេវាសុខភាព។

តារាងពេលវេលាអាំងស៊ុយលីន -អាំងស៊ុយលីនបាសាល(Basal insulin): អាំងស៊ុយលីនទាំងនេះធ្វើការរយៈពេលពី 8 ទៅ 24 ម៉ោង ហើយអាចមិនត្រូវប្រើជាមួយអាហារនោះទេ។ -អាំងស៊ុយលីនបូលីស(Bolus insulin): អាំងស៊ុយលីនទាំងនេះចាប់ផ្តើមធ្វើការយ៉ាងលឿន និងមានសកម្មភាពខ្លី ហើយជាធម្មតាត្រូវបានគេប្រើជាមួយអាហារ(ចាក់ហើយហូប)ដើម្បីការពារការកើនឡើងខ្ពស់នៃជាតិស្ករនៅក្នុងឈាម។

គ្រូពេទ្យនឹងប្រាប់លោកអ្នកថា គួរប្រើអាំងស៊ុយលីនប្រភេទអ្វីខ្លះ ចំនួនប៉ុន្មាន ប្រើពេលណានិងប៉ុន្មានដងក្នុងមួយថ្ងៃ។

ពិនិត្យមើលប្រសិទ្ធភាពរបស់អាំងស៊ុយលីន លោកអ្នកមិនអាចគ្រប់គ្រងជាតិស្ករដោយមិនបានត្រួតពិនិត្យមើលថា តើអាំងស៊ុយលីនកំពុងធ្វើការ និងថាតើរាងកាយរបស់លោកអ្នកឆ្លើយតបទៅនឹងសកម្មភាពប្រចាំថ្ងៃដែរឬទេ។ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក អំពីពេលណាដែលគួរពិនិត្យមើលជាតិស្ករក្នុងឈាម និងគោលដៅចង់បានចំនួនប៉ុន្មាន ហើយបន្ទាប់មកកត់ត្រាទុកក្នុងតារាងជាតិស្ករ ដែលមានកាលបរិច្ឆេទ និងពេលវេលា មានចំនួនប៉ុន្មានដងក្នុងមួយសប្តាហ៍ មុនអាហារ ឬ២ម៉ោងក្រោយអាហារ អាចពេលព្រឹក ថ្ងៃ ល្ងាច ឬយប់មុនចូលគេង។

គោលដៅជាតិស្ករចង់បាន ព្រឹកមុនអាហារ ៖ -គោលដៅជាតិស្ករជាស្តង់ដា 80-130 mg/dl -គោលដៅជាតិស្កររបស់លោកអ្នក (ចូរសរសេរទីនេះ) ____________________ ២ម៉ោងក្រោយចាប់ផ្ដើមអាហារ -គោលដៅជាតិស្ករជាស្តង់ដា <180 mg/dl -គោលដៅជាតិស្កររបស់លោកអ្នក (ចូរសរសេរទីនេះ) ____________________

ពេលយប់មុនចូលគេង -គោលដៅជាតិស្ករជាស្តង់ដា 110-150 mg/dl -គោលដៅជាតិស្កររបស់លោកអ្នក (ចូរសរសេរទីនេះ)____________________

សូមទូរស័ព្ទទៅកាន់គ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពទឹកនោមផ្អែមរបស់លោកអ្នក ប្រសិនបើ - ជាតិស្ករក្នុងឈាមកាន់តែចុះទាបដោយគ្មានមូលហេតុដូចជាការរំលងអាហារ ឬធ្វើសកម្មភាពច្រើនជាងធម្មតា។ - កម្រិតជាតិស្ករក្នុងឈាមតែងតែឡើងខ្ពស់ជាងកម្រិតគោលដៅចង់បានក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។

កំណត់ចំណាំ ៖  ចំពោះពាក្យចចាមអារ៉ាមមួយចំនួនដែលអ្នកជំងឺបានយល់ខុសថាឱសថអាំងស៊ុយលីន គឺប្រើនៅដំណាក់កាលចុងក្រោយនៃជំងឺ ឬប្រើមិនបានយូរទេអ្នកជំងឺនឹងស្លាប់។ តាមធាតុពិត នាបច្ចុប្បន្ននេះ អាំងស៊ុយលីនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិភពលោក ដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមអោយបានល្អប្រសើរ។ វេជ្ជបណ្ឌិតរបស់លោកអ្នកនឹងពន្យល់ប្រាប់ ថាតើនៅពេលណាដែលលោកអ្នកត្រូវការចាក់អាំងស៊ុយលីន ហើយវាអាស្រ័យទៅលើស្ថានភាពជំងឺ និងផលវិបាកទឹកនោមផ្អែមដែលបានកើតឡើង។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម នៅទីនេះ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ