2018-03-27 · 9,989 views
ជាគ្រូពេទ្យល្អ តាមក្បួនក-អ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ខាងក្រោមនេះ ជាក្បួនតម្រាក្រៅផ្លូវការ ដែលត្រូវបានចងក្រងដោយលោកគ្រូពេទ្យម្នាក់នេះ ជាមួយនឹងមិត្តរួមវិជ្ជាជីវៈមួយរូប... បើមានអ្វីខុសឆ្គង សូមធ្វើការណែនាំផង... រួមគ្នា បំពេញកាតព្វកិច្ចក្នុងវិជ្ជាជីវៈសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺប្រកបដោយប្រសិទ្ធភាព!!!
ក - កុំឲ្យតម្លៃលើអ្វីផ្សេងច្រើនជាងភាពប្រសើរនៃសុខភាពអ្នកជំងឺ ខ - ខុសអ្វី ខុសបានតែហាមខុសក្បួនព្យាបាល គ - គោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ឃ- ឃ្មាតខ្មីសិក្សាបន្ថែមទាំងចំណេះដឹង និងចំណេះធ្វើ ង- ងូតទឹក រក្សាអនាម័យខ្លួនឲ្យបានស្អាតបាតជានិច្ច ច - ចង់ចេះ ចង់ដឹង ចង់ជួយ ចង់ឃើញស្នាមញញឹមអ្នកជំងឺ ឆ- ឆ្លើយតបនឹងសំណួររបស់អ្នកជំងឺឲ្យបានសមរម្យ ជ- ជួួយសង្គ្រោះ និងព្យាបាលអ្នកជំងឺដោយគុណធម៌ ឈ- ឈឺជាម្តេចក្តី ពេទ្យទាំងប្រុសស្រី ត្រូវតែរឹងមាំ ញ- ញញឹមរក្សាជំហរ ទោះបីជានឿយហត់យ៉ាងណា ដ- ដរាបណាជំងឺនៅមានសង្ឃឹម ត្រូវព្យាយាមដល់ទីបំផុត ឋ- ឋានៈត្រឹមជាមនុស្សធម្មតាដែលដណ្តើមអ្នកជំងឺចេញពីយមរាជ ឌ- (អត់មានទេ...) ឍ- (អត់មានទេ…) ណ- ណែនាំអ្នកជំងឺពីក្បួនថែទាំសុខភាព ត- តែងតែពន្យល់ពីសភាពជំងឺ និងការព្យាបាលទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារ ថ- ថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់ ទ- ទោះជាមានរឿងអ្វីកើតឡើង ត្រូវឈរលើឆន្ទៈជាគ្រូពេទ្យជានិច្ច ធ- ធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយ ន- នាំមកនូវក្តីសង្ឃឹម ស្នាមញញឹម សុខភាពរឹងមាំ និង សុខុមាលភាពជូនដល់អ្នកជំងឺ ប- បង្កើតទំនុកចិត្តរវាងអ្នកជំងឺ និងគ្រូពេទ្យ ផ- ផ្តល់ឱកាសដល់អ្នកជំងឺក្នុងការសួរសំណួរ ព- ព្យាបាលអ្នកជំងឺដោយគ្មានការរើសអើង ភ- ភ្លេចអ្វី ភ្លេចបាន តែហាមភ្លេចស្តេតូ ម- មិនទុកអ្នកជំងឺឲ្យនៅឈឺចាប់ យ- យកចិត្ត(អារម្មណ៍)អ្នកជំងឺដាក់ក្នុងចិត្ត(អារម្មណ៍)ខ្លួនឯង រ- រក្សាស្មារតីឲ្យបានរឹងមាំគ្រប់កាលៈទេសៈ ល- លំៗយកតែលុយមិនមែនជាគ្រូពេទ្យល្អទេ វ- វិនិច្ឆ័យជំងឺឲ្យបានល្អិតល្អន់ ស- សរសេរអក្សរមិនស្អាតក៏មិនអីដែរ តែឲ្យតែមើលយល់ ហ- ហ្វឹកហាត់ពង្រឹងជំនាញរបស់ខ្លួន ឡ- ឡិកឡក់ ឡេះឡោះ មិនមានក្នុងវចនានុក្រមរបស់គ្រូពេទ្យឡើយ អ- អនុវត្តតាមជំនាញដែលខ្លួនចេះ