2018-03-28 · 20,916 ដងមើល
ងាយៗ បំបាត់ការឈឺចាប់ ពេលមានរដូវ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ស្ត្រីគ្រប់រូបសុទ្ធតែបានជួបប្រទះនៅការឈឺចាប់ពោះឬចុករោយខ្នងរៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច អ្នកខ្លះមានការឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំ។ ជាការពិតណាស់ វានឹងបាត់ទៅវិញនៅក្នុង២ឬ៣ថ្ងៃបន្ទាប់។ គ្មានវិធីសាស្ត្រណាដែរអាចបំបាត់ការឈឺចាប់នេះទាំងស្រុងនោះទេ ។ មានតែវីធីសម្រាលការឈឺចាប់តែប៉ណ្ណោះ។ ដើម្បីកាត់បន្ថយការឈឺចាប់ទាំងនោះ ហេលស៍ថាមនឹងបង្ហាញវីធីមួយចំនួន៖
១. ប្រើប្រាស់ថង់កំដៅ ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធខ្លាំងក្នុងការបំបាត់ការឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក អាចប្រសើរជាងការប្រើប្រាស់ថ្នាំទៀតផង។ អ្នកអាចប្រើប្រាស់ថង់ទឹកក្ដៅ ដែរវាបញ្ចេញកំដៅរហូតដល់១២ម៉ោង ស្អំលើនៅលើសម្លៀកបំពាក់ ឬផ្ទាល់លើស្បែក នៅលើខ្នង និងពោះផ្នែកខាងក្រោយ។ ថង់ទឹកក្ដៅលក់នៅលើទីផ្សារមានច្រើនទម្រង់ ធំឬតូចទៅតាមយើងត្រូវការ ដែរប្រភេទខ្លះអ្នកអាចពាក់វាទៅតាមខ្លួន។
២. ផឹកទឹកក្ដៅ វិធីមួយទៀតគឺបរិភោគទឹកក្ដៅ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្ដៅ ឬទឹកក្ដៅឧណ្ហៗធ្វើឲ្យចលនារត់របស់ ឈាមបានល្អហើយទៅកាន់កន្លែងសាច់ដុំរមួលដើម្បីបន្ថយការឈឺចាប់។
៣. ធ្វើការម៉ាស្សា អ្នកអាចសម្រួលសាច់ដុំតឹងណែនបានដោយធើ្វការម៉ាស្សា។ ចូរដាក់ដៃរបស់អ្នកលើពោះ ឬខ្នង បន្ទាប់មកសង្កត់ហើយច្របាច់តិចៗនៅត្រង់កន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែរមានការឈឺចាប់ខ្លាំង។ អ្នកអាចស្វែងរកជំនួយ ពីអ្នកដទៃតែត្រូវប្រាកដថាកុំសង្កត់ខ្លាំងពេក។
៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា មនុស្សស្រីមួយចំនួនធំមានអារម្មណ៍ថាការឈឺចាប់មានការអន់ថយ ប្រសិនបើពួកគាត់កាត់បន្ថយប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេ។ ចៀសវាងផលិតផលទាំងពីរខាងលើជាដាច់ខាត បើមានការឈឺចាប់ខ្លាំង។ អ្នកអាចជំនូសកាហ្វេបានដោយផឹកតែខ្មៅជំនួសវិញ ព្រោះវាក៏មានជាតិកាហ្វេអ៊ីនខ្លះដែរសម្រាប់ដាស់ស្មារតីនៅពេលព្រឹក។
៥. ធ្វើលំហាត់ប្រាណ ការសិក្សាបានបង្ហាញថាលំហាត់ប្រាណអាចសម្រួលដល់សាច់ដុំកុំអោយឈឺចាប់។ អ្នកអាចដើរឬ ធ្វើយោគៈនៅពេលមានការឈឺចាប់។ សកម្មភាពទាំងនេះពិតជាអាចជួយស្ត្រីបានច្រើន។
៦. បរិភោគខ្ញី វិធីសាស្ត្រមួយទៀត គឺការបរិភោគ ឬផឹកទឹកខ្ញី។ ខ្ញីជាឱសថបំបាត់ភាពឈឺចាប់ពេលមានរដូវ ថែមទាំងលុបបំបាត់ភាពនឿយហត់ និងអាចជួយឲ្យរដូវមកទៀង។ ចិតខ្ញី២ទៅ៣ចំណិត ដាំជាមួយទឹកមួយពែង រយៈពេល៥នាទីបន្ទាប់មកលាយជាមួយទឹកក្រូចឆ្មា និងទឹកឃ្មុំ។ ផឹក៣ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចបៀមស្ករ រស់ជាតិខ្ញីផងដែរ។