2018-05-07 · 7,343 views
ភាពជោគជ័យនៃសិក្ខាសាលាទីមួយរបស់និស្សិតទន្តសាស្រ្ត រៀបចំដោយសមាគមនិស្សិតទន្តសាស្រ្តអាសុីប៉ាសីុហ្វិកកម្ពុជា
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធាននៃសមគមទន្តពេទ្យកម្ពុជា និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យអន្តរជាតិ ទន្តបណ្ឌិត ហង្ស សុមេធ ស្ថាបនិកនៃសមាគមនិស្សិតទន្តសាស្ត្រកម្ពុជា និងលោក ជាង ប៉េងលាង ប្រធាននៃសមាគមនិស្សិតទន្តសាស្ត្រកម្ពុជា ព្រមជាមួយនឹងវាគ្មិនកិត្តិយសជាច្រើនរូប កម្មវិធីសិក្ខាលាលើកដំបូងបង្អស់រៀបចំឡើងដោយ Asia Pacific Dental Students Association (APDSA) Cambodia កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ដោយមានវត្តមានអ្នកចូលរួមជានិស្សិតទន្តសាស្ត្រប្រមាណជា១០០នាក់ ពីសាកលវិទ្យាល័យ៥ក្នុងប្រទេសកម្ពុជា រួមជាមួយនឹងទន្តពេទ្យមួយចំនួនផងដែរ ដោយមានការតាំងបង្ហាញនូវផលិតផលរបស់ក្រុមហ៊ុនចំនួន៨ ដែលក្នុងនោះក៏មានហេលស៍ថាម ខប និងក្រុមហ៊ុនផ្គត់ផ្គង់នូវសម្ភារៈបរិក្ខាទន្តសាស្រ្តផងដែរ។
ទោះបីនេះជាការរៀបចំជាលើកដំបូងក្តី ប៉ុន្តែលទ្ធផលដែលទទួលបាន គឺពិតជាគួរជាទីគាប់ចិត្ត និងល្អប្រសើរលើសពីការរំពឹងទុកទៅទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងស្មោះអស់ពីចិត្តក្នុងការរៀបចំនូវកម្មវិធីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍ និងចំណេះដឹងដ៏សម្បូរបែបជូនដល់អ្នកចូលរួមជាមិត្តរួមវិស័យនេះ ក្នុងកម្មវិធីសិក្ខាសាលារយៈពេល១ថ្ងៃពេញនេះ ក្រោមប្រធានបទ «The Peak of Dentistry» ។ កញ្ញា ឡៅ រីណា ជាប្រធាននៃ APDSA Cambodia និងជាតំណាងនៃក្រុមការងារជាអ្នករៀបចំកម្មវិធីផ្ទាល់ ក៏បានលើកឡើងផងដែរថា«ការខិតខំប្រឹងប្រែងរបស់យើងពិតជាផ្តល់នូវលទ្ធផលជាផ្លែផ្កា ដោយយើងសង្កេតឃើញថា អ្នកចូលរួមបានទទួលនូវអ្វីដែលជាគោលដៅរបស់យើងដោយក្តីរីករាយ ហើយយើងពិតជាមិនអាចភ្លេចបាននូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការឧបត្ថម្ភគាំទ្រពីសំណាក់ភ្ញៀវកិត្តិយស វាគ្មិនកិត្តិយស និងក្រុមហ៊ុនដៃគូជាអ្នកឧបត្ថម្ភផងដែរ»។
លោក យ៉ានណែត បណ្ឌិតដានីគែល ដែលបានចូលរួមជាអ្នកចូលរួម និងជាផ្នែកមួយនៃក្រុមការងាររៀបចំកម្មវិធីផងនោះ បានឲ្យដឹងថា«ក្នុងនាមជាអ្នកចូលរួមមួយរូប ខ្ញុំពិតជារៀនបានច្រើនអំពីចំណេះដឹង និងបទពិសោធន៍អំពីវាគ្មិនកិត្តិយស តាមរយៈគន្លឹះ និងវិធីសាស្ត្រពិសេសៗដែលជួយឲ្យទទួលបានជោគជ័យលើដំណើរជីវិតជានិស្សិតផ្នែកនេះ សម្រាប់ជូនដល់និស្សិតទន្តសាស្ត្រជំនាន់ក្រោយដូចជារូបខ្ញុំផ្ទាល់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាចំណែកមួយនៃការរៀបចំកម្មវិធី ខ្ញុំពិតជាបានឆ្លងកាត់នូវការជម្នះលើខ្លួនឯងក្នុងការបំពេញកាតព្វកិច្ចជាអ្នកដឹកនាំក្រុមមួយរូប (ដែលខ្ញុំមិនធ្លាប់គិតថាអាចធ្វើបានពីមុនមក) ហើយវា គឺបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំក្នុងការសាកល្បងនូវអ្វីដែលថ្មី មានការប្រាស្រ័យទាក់ទង និងស្គាល់មិត្តភក្តិថ្មីជាអ្នកនៅក្នុងវិស័យតែមួយនៃសាកលវិទ្យាល័យខុសគ្នា។ អ្វីដែលពិសេសជាងគេ គឺហ្គេមពង្រឹងស្មារតីជាក្រុមដែលត្រូវបានរៀបចំឡើង ដើម្បីលុបបំបាត់នូវភាពទើសទាល់រវាងអ្នកទើបស្គាល់គ្នាថ្មី ព្រមទាំងបង្កនូវបរិយាកាសប្បាយរីករាយ ក៏ដូចជាបង្កើតនូវការរួបរួមគ្នាជាថ្លុងមួយផងដែរ។ ខ្ញុំពិតជាពេញចិត្ត និងមានមោទនភាពដែលបានចូលរួមកម្មវិធីលើកនេះ…»
រីឯអ្នកចូលរួមមួយរូបទៀត គឺ កញ្ញា ទុយ ដាវីន ជានិស្សិតឆ្នាំទី5ផ្នែកទន្តសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏បានប្រាប់ដល់ក្រុមការងារយើងផងដែរថា កញ្ញាបានទទួលនូវចំណេះដឹងថ្មីៗជាច្រើនរួមមានការត្រៀមខ្លួនសម្រាប់ការសិក្សានៅក្រៅប្រទេស វិធីសាស្ត្រសិក្សាដោយជោគជ័យ និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ ផ្តោតពិសេសលើការសិក្សាផ្នែកទន្តសាស្ត្រ ដោយវាគ្មិនគ្រប់រូបជាមួយនឹងបទពិសោធន៍នៃភាពជោគជ័យក្នុងអាជីពការងារ សុទ្ធតែផ្តល់នូវកម្លាំងជម្រុញទឹកចិត្ត និងបង្ហាញជូននូវចក្ខុវិស័យដ៏ល្អប្រសើរអំពីអនាគតនៃវិស័យទន្តសាស្ត្រនៅកម្ពុជា។ កញ្ញាក៏បានបញ្ជាក់ផងដែរថា«ខ្ញុំប្រាកដជាចូលរួមកម្មវិធីនេះនៅឱកាសក្រោយទៀត ដោយហេតុថានេះជាសិក្ខាសាលាប្រចាំឆ្នាំដ៏ធំមួយ និងផ្តល់គុណប្រយោជន៍ដល់អ្នកចូលរួម។ ហើយខ្ញុំពិតជាសូមសរសើរដល់ក្រុមការងារដែលបានរៀបចំនូវពេលវេលាដ៏ពិសេសនេះឡើងជាមួយនឹងទំនួលខុសត្រូវ និងឆន្ទៈយ៉ាងមុតមាំក្នុងការបំពេញនូវកាតព្វកិច្ចរបស់ពួកគាត់»។
គួរបញ្ជាក់ផងដែរថា APDSA Cambodia ជាផ្នែកមួយនេះ APDSA International ដោយមានចក្ខុវិស័យធំក្នុងការពង្រឹងនូវគុណភាពនៃការអប់រំផ្នែកទន្តសាស្ត្រនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងពីសំណាក់ទន្តពេទ្យដែលធ្លាប់បានទទួលការសិក្សានៅក្រៅប្រទេស រួមមានការបង្ហាញនូវជំនាញទន់ និងភាពជាអ្នកដឹកនាំក្នុងវិស័យទន្តសាស្ត្រ។ មិនត្រឹមតែប៉ុណ្ណោះ APDSA Cambodia ក៏មានគោលដៅក្នុងការជួយដល់សហគមន៍ និងលើកកម្ពស់វិស័យទន្តសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើង តាមរយៈការពង្រឹងនូវកិច្ចសហការរវាងអ្នកផ្គត់ផ្គង់សម្ភារៈបរិក្ខារទន្តសាស្ត្រ និងអ្នកប្រកបវិជ្ជាជីៈក្នុងវិស័យនេះផ្ទាល់ ព្រមទាំងជម្រុញ និងលើកទឹកចិត្តដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងបន្តការសិក្សាកម្រិតអនុបណ្ឌិត និងបណ្ឌិតផងដែរ។ ជាមួយនឹងទស្សនវិស័យដែលបានលើកឡើងខាងលើនេះ សិក្ខាសាលាក្រោមប្រធានបទ «The Peak of Dentistry» ក៏បានលេចចេញនូវវត្តមានឡើង ហើយក្រុមការងារក៏បានសន្យាថានឹងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ…
លោកអ្នកក៏អាចតាមដានបាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ APDSA Cambodia …
Photos Credit : APDSA Cambodia