2018-05-08 · 5,541 views
សំណួរដែលសួរញឹកញាប់អំពីជំងឺមហារីក
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សំណួរទី១ ៖ តើជំងឺមហារីកជាជំងឺឆ្លងឬទេ? ចម្លើយ ៖ ជំងឺមហារីក មិនមែនជាជំងឺឆ្លងទេ ដូចនេះ សូមកុំបារម្ភ ប្រសិនបើសមាជិកគ្រួសាររបស់អ្នក ឬមិត្តភក្តិជិតស្និទ្ធមានកើតជំងឺមហារីក ពីព្រោះអ្នកនឹងមិនអាចឆ្លងជំងឺនេះដោយផ្ទាល់នោះឡើយ។
សំណួរទី២ ៖ តើផ្នែកណាខ្លះនៃរាងកាយរបស់យើងដែលអាចកើតជំងឺមហារីកបាន? ចម្លើយ ៖ ជាអកុសល ដុំមហារីកអាចកើតមាននៅលើគ្រប់សរីរាង្គ និងជាលិកានៃរាងកាយរបស់យើង។ ចំពោះមនុស្សធំ ដុំមហារីកដែលអាចកើតមានញឹកញាប់ជាងគេបំផុតគឺ មហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំនិងបាត មហារីកក្រពេញប្រូស្តាត មហារីកក្រពះ មហារីកថ្លើម មហារីកមាត់ស្បូន និងតួស្បូន មហារីកបំពង់អាហារ មហារីកប្លោកនោម មហារីកលំពែង។
រីឯចំពោះកុមារ (រាប់បញ្ចូលទាំងទារកទើបនឹងកើត និងទារក) ព្រមទាំងក្មេងជំទង់ ក៏អាចប្រឈមនឹងការកើតមានមហារីកផងដែរ ដែលញឹកញាប់បំផុតគឺ៖ - មហារីកគ្រាប់ឈាម (Leukaemias) - ដុំមហារីកនៅជាលិកា lymphatic (Lymphomas) ដែលរួមមាន ក្រពេញ Lymph (lymph nodes) និងសរីរាង្គអណ្តើក (spleen) ជាដើម - មហារីកខួរក្បាល - មហារីកលើជាលិកាទន់ និងឆ្អឹង (Sarcomas) - មហារីកពីកំណើតដូចជា មហារីកលើកោសិកាបង្កកំណើត (រួមមាន មហារីក Teratoma ដែលជាមហារីករួមផ្សំគ្នាដោយជាលិកាច្រើនប្រភេទ) មហារីកតម្រងនោម មហារីកស្រទាប់រេទីន(បាតភ្នែក) និងមហារីកថ្លើមជាដើម។
គួរបញ្ជាក់ថា គ្រប់ដុំមហារីកទាំងអស់ដែលត្រូវបានរកឃើញ ក្រោយពេលធ្វើរោគវិនិច្ឆ័យហើយសុទ្ធតែទាមទារឲ្យមានការព្យាបាលឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ