2018-05-09 · 8,321 views
ពក ក ជាជំងឺតពូជពិតមែនឬទេ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ពក ក ជាការរីកធំនៃក្រពេញទីរ៉ូអ៊ីត។ កាលមុនគេសង្កេតឃើញពកក កើតមានចំពោះតែមនុស្សចាស់ភាគច្រើន តែឥឡូវពកក ឃើញកើតមានច្រើនផងដែរចំពោះក្មេងៗ ពិសេសគឺក្មេងខ្លះមានអាយុ ត្រឹម៩ឆ្នាំប៉ុេណ្ណាះ ក៏ឃើញមានជំងឺនេះដែរ។មូលហេតុដែលនាំឲ្យមានជំងឺពកក ៨០% បណ្តាលមកពី កង្វះជាតិអុីយ៉ូត។ មូលហេតុផ្សេងទៀតមានដូចជា តំណពូជប្រហែល៥% Grave's disease,Hashimoto's disease, មហារីកក្រពេញទីរ៉ូអ៊ីតរលាកក្រពេញទីរ៉ូអ៊ីត ស្រ្តីមានផ្ទៃពោះជាដើមសុទ្ធតែជាមូលហេតុដែលអាចបង្កជាជំងឺពកក។អ្នកមិនចូលចិត្តញ៉ាំអាហារសម្បូរជាតិអ៊ីយ៉ូត ឬអ្នកមានឳពុកម្តាយកើតជំងឺពកក សុទ្ធតែជាក្រុមដែលងាយប្រឈមនឹងជំងឺនេះជាងគេ។
សញ្ញាណាខ្លះកើតមានលើអ្នកជំងឺពកក? ភាគច្រើននៃអ្នកជំងឺពកកអាចសង្កេតឃើញសញ្ញាមួយចំនួនដូចជា៖ • ដុំហើមនៅនឹងកផ្នែកខាងក្រោម និងខាងមុខ • មានអារម្មណ៍តឹងក • អាចមានក្អក ពេលខ្លះស្អក • ពិបាកលេបអាហារ • ពិបាកដកដង្ហើម • ពេលលេបទឹកមាត់មានដុំឡើងចុះនៅនឹងកដែលអាចដឹងដោយដាក់ដៃលើចំណុចនោះ។
តើពកកត្រូវធ្វើរោគវិនិច្ឆ័យដូចម្តេច? អ្នកជំងឺអាចធ្វើរោគវិនិច្ឆ័យច្បាស់លាស់ដោយពឹងផ្អែកលើអេកូសាស្ត្រ(Echography) ដើម្បីអាចវាស់ទំហំ ចំនួនដុំ ឬក៏សមាសធាតុរបស់ដុំ ដែលអាចជា ទឹក ដុំសាច់រឹង និងអាចចម្រុះ។ ការថតអេកូសាស្ត្រក៏អាចឲ្យដឹងផងដែរថា ពកនេះជាប្រភេទធំ ស្មើសាច់ ឬមានដុំ រដិបរដុបមិនស្មើសាច់។ ចំពោះមុខ ជំងឺពកក ចាំបាច់ត្រូវពិនិត្យផងដែរដោយចៀសមិនផុតនូវកម្រិត T3 T4 និងTSH ។
ជំងឺពកកត្រូវព្យាបាលដោយរបៀបណា? ការព្យាបាលដ៏ត្រឹមត្រូវនៃអ្នកជំងឺពកក ធ្វើឡើងតាម២របៀប រួមមានដោយការវះកាត់ ឬប្រើប្រាស់ថ្នាំ។ ចំពោះការព្យាបាលដោយវះកាត់ អាចជួបផលវិបាកខ្លះៗ សម្រាប់ពេលមុនដូចជា អ្នកជំងឺ ស្អកថប់ស្ទះដង្ហើម ឬហូរឈាមក្រោយវះកាត់ជាដើម។ប៉ុន្តែ តាំងពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន ការវះកាត់ពុំដែលមានបញ្ហាទាំងអស់នេះកើតមានឡើងទៀតទេ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាល្អ និងទាន់សម័យ។
ដើម្បីការពារ ឬកាត់បន្ថយការកើតមានជំងឺពកកគ្រប់គ្នាគប្បីបង្កើនការទទួលទានអាហារមានជាតិអ៊ីយ៉ូតតដូចជា អំបិលអុីយ៉ូត អាហារសមុទ្រ ឬបន្លែ ផ្លែឈើដុះតាមបណ្តោយឆ្នេរសមុទ្រ ដែលសម្បូរអ៊ីយ៉ូតច្រើន។
សូមកុំធ្វេសប្រហែស គួរអញ្ជើញទៅជួបគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់ដើម្បីទទួលការព្យាបាលមួយល្អ ត្រឹមត្រូវ និងចៀសផុតពីផលវិបាកទាំងឡាយដែលអាចនឹងកើតមាន។ គួរបញ្ជាក់ផងដែរថា ជំងឺពកកមិនអាចព្យាបាលដោយការដុតនឹងប៉ុយ ឬធូបបាននោះទេ។
បកស្រាយដោយ ៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែក ត្រចៀក ច្រមុះ បំពង់ក វះកាត់ ក្បាល និង ក ព្រមទាំងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស និងជាប្រធានសមាគមត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និង ក កម្ពុជា