2018-05-10 · 17,854 views
តើកូនអ្នក អាចប្រឈមនឹងជំងឺគ្រុនឈាមកម្រិតណា?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ដូចម្តេចដែលហៅថាជំងឺគ្រុនឈាម? គ្រុនឈាមជាជំងឺឆ្លងមួយប្រភេទ បង្កឡើងដោយវីរុសដាំង កើតជាពិសេសនៅរដូវភ្លៀង និងអាចប្រឈមចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង និងមនុស្សចាស់។ ជាក់ស្តែង ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាញីមានផ្ទុកនូវមេរោគគ្រុនឈាមខាំ ដែលវាមានបែងចែកជា២ប្រភេទ៖ • Aedes aegypti ជាប្រភេទមូសខ្លាញី ខាំនៅក្នុងផ្ទះ • Aedes albopictus ជាប្រភេទមូសខ្លាញីខាំនៅក្រៅផ្ទះ។ បុគ្គលដែលមានកត្តាប្រឈមខ្លាំងជាមួយនឹងជំងឺគ្រុនឈាមខ្ពស់បំផុត រួមមាន ៖ • កុមារអាយុក្រោម១ឆ្នាំ • ហូរឈាមធ្ងន់ធ្ងរ • មានស្ហុករយៈពេលយូរ • កុមារដែលធាត់លើសទម្ងន់ • កុមារដែលមានជំងឺពីកំណើត • ស្ត្រីមានផ្ទៃពោះ • មនុស្សចាស់។ សញ្ញានៃក្មេងកើតជំងឺគ្រុនឈាមស្តែងឡើង ដូចជា៖ • មានក្តៅខ្លួន និងប្រវត្តិក្តៅខ្លួនខ្លាំង ពី៣៩-៤០អង្សា ក្នុងរយៈពេលពី២ទៅ៧ថ្ងៃ • មិនឆ្លើយតបនឹងថ្នាំប៉ារ៉ាសេតាម៉ុលដែលប្រើដើម្បីបញ្ចុះកម្តៅ • មានអាការៈសន្លឹម មិនលេង ញ៉ាំមិនបានអស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក និងរង្វង់ភ្នែក ឈឺចុកចាប់រាងកាយ កន្ទួលរោលលើស្បែក និងមានសញ្ញានៃការហូរឈាមផ្សេងៗ។
គ្រុនឈាមចំពោះកុមារមានការវិវឌ្ឍ និងយន្តការដូចម្តេច? ដំបូង មូសខ្លាញីមិនមានមេរោគគ្រុនឈាមនោះទេប៉ុន្តែវាអាចចម្លងបានលុះត្រាតែវាបានខាំបឺតឈាមអ្នកជំងឺដែលមានផ្ទុកមេរោគគ្រុនឈាមក្នុងដំណាក់កាលក្តៅខ្លួន បន្ទាប់មករយៈពេលពី៧-១០ថ្ងៃក្រោយ ទើបវាអាចខាំចម្លងទៅកុមារមួយទៀតបាន ក្រោយមកទៀតរយៈពេលពី៥-៨ថ្ងៃ ទើបកុមារនោះមានស្តែងចេញនូវរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ។ ជំងឺគ្រុនឈាមមានយន្តការពីរសំខាន់គឺ បង្កឲ្យមានការជ្រាបចេញនៃប្លាស្មាពីក្នុងសរសៃឈាម និងមានការហូរឈាម ដែលអាចធ្វើឲ្យកុមារបាត់បង់ជាតិទឹកនៅក្នុងខ្លួន រហូតដល់មានស្ហុក (ជីពចរខ្សោយហើយញាប់ ត្រជាក់ចុងដៃចុងជើង បែកញើសស្អិត ការបំពេញសរសៃឈាមកាពីលែយូរលើសពី៣វិនាទី និងមានសម្ពាធឈាមធ្លាក់ទាប) ដែលងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រសិនបើកុមារមានសញ្ញានេះយូរលើសចាប់ពី៤ម៉ោងទៅ នោះនឹងបង្កឲ្យកុមារប្រឈមនឹងការខ្សោយនូវសរីរាង្គមួយចំនួនមានដូចជា ថ្លើម សួត បេះដូង និងតម្រងនោមជាដើម ដែលអាចធ្វើឲ្យកុមារបាត់បង់អាយុជីវិតបាន។ តើធ្វើដូចម្តេច ដើម្បីដឹងថាជាជំងឺគ្រុនឈាម? ករណីសង្ស័យថាកុមារមានជំងឺគ្រុនឈាម គ្រូពេទ្យនឹងតម្រូវឲ្យកុមារពិនិត្យឈាម មើលលើអេម៉ូក្រាម និងតេស្តមួយទៀតហៅថា NS1 អាចមើលដឹងថាកុមារមានមេរោគគ្រុនឈាមបានលឿននៅដំណាក់កាល២-៥ថ្ងៃដំបូងដែលក្មេងក្តៅខ្លួនខ្លាំង ប៉ុន្តែមិនអាចបែងចែកចេញអំពីកម្រិត និងដំណាក់កាលរបស់ជំងឺនោះទេ។ តើធ្វើដូចម្តេច ដើម្បីដឹងពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម? ជំងឺគ្រុនឈាមត្រូវបានបែងចែកចំណាត់ថ្នាក់ជា៤កម្រិតធំៗ អាស្រ័យលើរោគសញ្ញា និងដំណាក់កាលរបស់វា៖ • កម្រិតទី១ ៖ ស្តែងចេញជាសញ្ញាហូរឈាមដោយការធ្វើឡាសេតេស្តវិជ្ជមាន (កន្ទួលក្រហមក្រោមស្បែក) និង ជាំលើស្បែកដោយសារការចាក់ថ្នាំ • កម្រិតទី២ ៖ គ្រុនឈាមកម្រិតទី១ រួមផ្សំជាមួយសញ្ញានៃការហូរឈាមដោយឯងៗដូចជាឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ក្អួតឈាម និងបន្ទោបង់ឈាម ជាដើម • កម្រិតទី៣ ៖ គ្រុនឈាមកម្រិតទី១ និងកម្រិតទី២ រួមផ្សំជាមួយនឹងកុមារមានជីពចរខ្សោយហើយញាប់ ត្រជាក់ចុងដៃចុងជើង បែកញើសស្អិត ការបំពេញសរសៃឈាមកាពីលែយូរលើសពី៣វិនាទីនិងមានសម្ពាធឈាមធ្លាក់ទាប • កម្រិតទី៤ ៖ ជីពចរ និង សម្ពាធឈាមកុមារយកមិនបាន។
តើកុមារគ្រុនឈាមត្រូវព្យាបាលរបៀបណា? រហូតដល់បច្ចុប្បន្ននេះ ពុំមានឱសថ ឬការព្យាបាលណាមួយជាក់លាក់ចំពោះកុមារដែលមានជំងឺគ្រុនឈាមនោះទេ ប៉ុន្តែជំងឺនេះអាចធ្វើការព្យាបាល តាមដំណាក់កាលនីមួយៗ និងរោគសញ្ញាដែលកើតមានឡើង។ ជាឧទាហរណ៍ ប្រសិនបើក្មេងក្តៅខ្លួន គ្រូពេទ្យនឹងផ្តល់ថ្នាំបញ្ចុះកំដៅ ឬបើកុមារមានក្អួតផ្តល់ថ្នាំបំបាត់ក្អួតជាដើម។ សំខាន់បំផុត ការព្យាបាលជំងឺគ្រុនឈាមត្រូវពឹងផ្អែក លើការធ្វើរោគវិនិច្ឆ័យ ប្រសិនបើធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា នោះកុមារនឹងទទួលបានការព្យាបាលមួយត្រឹមត្រូវសមស្រប ហើយអត្រាស្លាប់ចំពោះកុមារមានជំងឺគ្រុនឈាមក៏ត្រូវបានកាត់បន្ថយដូចគ្នាផងដែរ។ ឱសថ និងអាហារអ្វីខ្លះ ត្រូវប្រើដោយប្រុងប្រយ័ត្ន ឬចៀសវាង? គួរបញ្ជាក់ថា បើកុមារមានអាការៈក្តៅខ្លួននៅរដូវភ្លៀង ឬជារដូវគ្រុនឈាម ហើយសង្ស័យថាកុមារមានជំងឺគ្រុនឈាម អាណាព្យាបាល ឬអ្នកថែទាំកុមារត្រូវចៀសវាងនូវការប្រើប្រាស់ថ្នាំ Aspirin ឬIbuprofen ព្រោះវាអាចបង្កផលវិបាកឲ្យកុមារមានហូរឈាមកាន់តែខ្លាំង បើគាត់ពិតជាមានជំងឺគ្រុនឈាម។ ក្នុងអំឡុងពេលទទួលការព្យាបាលនេះ កុមារគួរទទួលទានអាហារទន់ៗ ហើយញ៉ាំតិចៗ និងច្រើនដង ចៀសវាងហូបអាហារ ឬទឹកភេសជ្ជៈដែលមានពណ៌ក្រហម ឬក្រមៅ(ដោយហេតុថាពណ៌អាហារទាំងនេះអាចច្រឡំជាមួយនឹងឈាម)។
ធ្វើបែបណា ដើម្បីការពារកុមារពីជំងឺគ្រុនឈាម? • ឪពុកម្តាយ ឬអាណាព្យាបាលត្រូវជ្រើសរើសកន្លែងណាដែល កុមារដេក ឬលេង ឬរៀន ឬហូបអាហារ ដោយមិនឲ្យមូសខ្លាខាំបាន៖ -រក្សាកុមារតូចដេកនៅក្នុងមុងជានិច្ច -ទីធ្លាកុមារលេងត្រូវមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់។ • សម្អាតទីធ្លាជុំវិញផ្ទះ និងក្នុងផ្ទះឲ្យបានស្អាតជាពិសេសកន្លែងមានទឹកដក់ដែលអាចជាជម្រកនៃមូសខ្លា • ចិញ្ចឹមត្រីក្នុងពាងឲ្យស៊ីដង្កូវទឹក ឬគ្របពាងទឹកជាប្រចាំ ឬដាក់ថ្នាំអាបែតបើមាន • ស្លៀកសម្លៀកបំពាក់វែងៗឲ្យកុមារ • ប្រើស្រៃ្ពយ៍បាញ់លើស្បែកកុមារការពារមូសខាំ។
ប្រសិនបើមាតាបិតាគ្រប់រូបបានជួបនឹងរោគសញ្ញាសង្ស័យចំពោះកូនៗដូចរៀបរាប់ខាងលើ រួមមានអាការៈសន្លឹម មិនលេង ញ៉ាំមិនបាន អស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក និងរង្វង់ភ្នែក ឈឺចុកចាប់រាងកាយ កន្ទួលរោលលើស្បែក និងមានសញ្ញានៃការហូរឈាមផ្សេងៗ គួរប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ក្តាន់ យុវឌ្ឍនា ឯកទេសជំងឺឆ្លង និងគ្រុនឈាម នៃ មន្ទីរពេទ្យកុមារជាតិ