2018-05-12 · 5,443 views
សម្តីដ៏មានឥទ្ធិពលដែលអ្នកគួរនិយាយទៅកាន់កូនតូចឲ្យបានញឹកញាប់
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សម្ដីក៏ដូចជាពាក្យពេចន៍ដែលអ្នកនិយាយទៅកាន់កូនរបស់អ្នក ជាពិសេសក្មេងតូចគឺសុទ្ធតែមានឥទ្ធិពលដល់ពួកគេ ដែលស្របពេលជាមួយគ្នាគឺអាចជះឥទ្ធិពលដល់ទំនាក់ទំនងរវាងលោកអ្នក និងកូនផងដែរ។ ដោយហេតុថា ក្មេងងាយនឹងទទួលការប៉ះទង្គិចផ្លូវអារម្មណ៍ និងងាយចាប់យកនូវអ្វីដែលពួកគេបានឃើញ និងឮ ដូចនេះហើយ អ្នកគួរមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យពេចន៍ ពិសេសក្នុងការសន្ទនាប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាសម្តីខ្លះដែលអ្នកគួរនិយាយឲ្យបានជាប្រចាំ ដើម្បីបង្កើតនូវផលវិជ្ជមានដល់ទំនាក់ទំនងរវាងអ្នក និងកូន ដែលក្នុងនោះមានដូចជា ៖
«ប៉ាម៉ាក់ស្រឡាញ់កូន» អត្ថន័យ គឺវិសេសវិសាលណាស់ ហើយវាប្រៀបបានជាកម្លាំងចិត្តមួយដល់កូនរបស់អ្នក ដែលអាចធ្វើឲ្យគេទទួលបានអារម្មណ៍ ក៏ដូចជាឥទ្ធិពលនៃក្តីស្រឡាញ់ពីអ្នកផងដែរ ដែលនេះ គឺមានន័យថា «អ្នកស្រឡាញ់គេក្នុងនាមជាសមាជិកគ្រួសារដ៏ជិតស្និទ្ធ និងគួរឲ្យស្រឡាញ់មួយរូប»។
«កូនឯង រៀនឆាប់ចេះណាស់!» ការរៀនសូត្រអ្វីមួយដែលថ្មី ជាជំនាញដ៏ពិសេសមួយរបស់កូនក្មេង ហើយពេលខ្លះវាប្រៀបបានជាសកម្មភាពនៃការលេងកម្សាន្តរបស់គេដែរដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍ថាខ្លួនឯងកំពុងរៀន តែក៏អាចរីកចម្រើន និងសប្បាយក្នុងពេលតែមួយ។ មិនថាលទ្ធផលដែលគេធ្វើបានល្អ ឬមិនល្អយ៉ាងណានោះទេ សូមកុំភ្លេចនិយាយសរសើរពួកគេ មុននឹងផ្តល់នូវមតិយោបល់រិះគន់ក្នុងន័យស្ថាបនាផ្សេងៗ។
«អរគុណ» កុំភ្លេចថា អ្នកជាគំរូរបស់កូនអ្នក ហេតុនេះហើយ ប្រសិនបើចង់បង្រៀនឲ្យពួកគេចេះអំពីការគួរសម ឬការថ្លែងនូវអំណរដល់អ្នកដទៃ អ្នកត្រូវធ្វើវាជាមុនសិន ហើយការដែលនិយាយជាប្រចាំចំពោះគេ នឹងធ្វើឲ្យពួកគេចំណាំមើល និងអនុវត្តតាមអ្នក។ ជាក់ស្តែង ទម្លាប់នៃការមានអំណរចំពោះអ្វីៗ និងមនុស្សល្អៗនៅជុំវិញខ្លួនជាជំនាញក្នុងទំនាក់ទំនងសង្គមមួយដ៏ចាំបាច់។
«សុំទោស» ស្រដៀងនឹងពាក្យ«អរគុណ»ដែរ អ្នកប្រាកដជាចង់ឲ្យកូនអ្នកចេះគួរសមចំពោះអ្នកដទៃ ដូចនេះហើយ មិនថាជាកំហុសតូច ឬធំនោះទេ អ្នកត្រូវហ៊ាននិយាយពាក្យ«សុំទោស» និងបង្ហាញដោយចិត្តស្មោះ នោះកូនរបស់អ្នកនឹងព្យាយាមនិយាយដូចគ្នា រាល់ពេលដែលគេកសាងកំហុសអ្វីមួយ។
«តើកូនគិតបែបណាដែរ ប្រសិនបើយើង…?» ការសួរសំណួរបែបនេះ ជាជំហានមួយក្នុងការបង្ហាញនូវកិច្ចសហការក្នុងក្រុមគ្រួសារ ហើយអ្នកក៏អាចដឹងឮអំពីមតិយោបល់ថាតើពួកគេយល់ព្រម ឬមានយោបល់យ៉ាងណាដែរ។ វាក៏ប្រៀបបាននឹងលំហាត់ប្រាណក្នុងការគិតមួយសម្រាប់ពួកគេ ដែលអាចឲ្យកូនរបស់អ្នករៀនធ្វើការសម្រេចចិត្ត និងមានទំនួលខុសត្រូវចំពោះជម្រើស ក៏ដូចជាការសម្រេចចិត្តរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងអាចធ្វើឲ្យគេគិតថា គេជាចំណែកមួយដ៏សំខាន់ហើយយោបល់របស់គេក៏មានតម្លៃផងដែរ។
«តោះ!អាន…» ការអានសៀវភៅឲ្យកូនអ្នកស្តាប់ ឬការបង្រៀនកូនរបស់អ្នកឲ្យរៀនអាន ជួយពង្រឹងជំនាញជាច្រើនដល់ពួកគេ ស្របពេលដែលពង្រឹងនូវទំនាក់ទំនងរវាងអ្នកទាំងពីរឲ្យកាន់តែរឹងមាំផងដែរ។ការអាន ជាការរៀនដែលបើកបង្ហាញកូនរបស់អ្នកទៅកាន់ពិភពលោក ជីវិត និងគំនិតជាច្រើន ដែលចាំបាច់សម្រាប់ជីវិត។
«នរណាក៏ធ្លាប់ខុស ក៏មានបញ្ហាដែរ» បញ្ហា និងកំហុសតែងតែកើតមានហើយនរណាក៏ធ្លាប់ជាចំណែកនៃបញ្ហា ឬកំហុសដែរ តែការទទួលស្គាល់ការពិត និងរៀនសូត្រអំពីកំហុសដែលបានប្រព្រឹត្តទាំងនោះ ទើបជាអ្វីដែលមិនមែនមនុស្សគ្រប់គ្នាធ្វើបាន។ រាល់ពេលដែលកូនរបស់អ្នកធ្វើអ្វីខុសឆ្គង ឬមិនបានដូចក្តីប្រាថ្នានោះ សូមលើកឡើងនូវមេរៀនណាមួយដែលអ្នកធ្លាប់ឆ្លងកាត់កន្លងមក ហើយពន្យល់ប្រាប់ពួកគេឲ្យចេះប្រឈម និងដោះស្រាយនឹងវាប្រកបដោយប្រសិទ្ធភាព។
© 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ