2018-05-18 · 4,221 views
កូឡាជែន ល្អចំពោះសម្រស់ និងទម្ងន់អ្នក...
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
គ្រប់គ្នាអាចនឹងធ្លាប់បានប្រើប្រាស់ ស្គាល់ ឬយ៉ាងហោចណាស់ ក៏ធ្លាប់ឮពីកូឡាជែនដែរ មែនទេ? ជាការពិតណាស់ កូឡាជែន ជាប្រភេទវីតាមីនសម្បូរបែបម៉្យាងនៅក្នុងរាងកាយរបស់មនុស្ស រួមមានក្នុងឆ្អឹង សាច់ដុំ ស្បែក និងសរសៃពួរ។ វាជាសារធាតុម៉្យាង ជួយទ្រទ្រង់រាងកាយ បង្កើតជាទម្រង់មួយ ដើម្បីបង្កើននូវភាពរឹងមាំ និងរចនាសម្ព័ន្ធ ពិសេសគុណសម្បត្តិទៅលើផ្នែកផ្សេងៗនៃរាងកាយរួមមាន៖
១. បង្កើនភាពរឹងមាំ និងជួសជុលសក់ ស្បែក និងក្រចក ជ្រុះសក់ និងបញ្ហាស្បែកមួយចំនួន អាចភាគច្រើនបណ្តាលមកពីការមិនដំណើរការនៃមុខងារទីរ៉ូអ៊ីត ក៏ដូចជាដំណើរការធម្មតានៃភាពជ្រីវជ្រួញដែលតែងកើតមានឡើងតាមអាយុ។ វ័យកាន់តែចាស់ អ្នកប្រហែលសម្គាល់ថាស្បែករបស់អ្នកមានការថយចុះនូវភាពរលាស់នៃស្បែក ហើយវិវឌ្ឍទៅជាជ្រួញ។ មួយវិញទៀតអ្នកក៏អាចប្រហែលធា្លប់មានក្រចកឡើងអង្កាញ់ ឆ្នូត ឬក្រចកងាយបាក់ដែរ ហើយសក់របស់អ្នកក៏ប្រហែលជាអាចចាប់ផ្តើមស្តើង ស្ងួត និងមិនសូវត្រង់។ ទាំងនេះ ព្រោះតែការផលិតកូឡាជែនតាមធម្មជាតិត្រូវបានថយចុះតាមអាយុរបស់អ្នក។ ដូចនេះ ការបង្កើនបរិមាណកូឡាហ្សែន អាចជួយឲ្យស្បែកមានភាពរឹងមាំ និងទន់រលោងដោយសារវាមានលទ្ធភាពក្នុងការបង្កើតកោសិកាថ្មី និងការជួសជុលកោសិកាចាស់ៗ។ តាមការសិក្សាថ្មីៗ ក៏បានបង្ហាញថាអាហារបំប៉នកូឡាហ្សែនមានប្រសិទ្ធភាពប្រឆាំងនឹងការជ្រុះសក់ក្នុងករណីមួយចំនួន។ មនុស្សភាគច្រើនអាចនឹងមិនបានដឹងទេថា ការបន្ថែមការញ៉ាំកូឡាជែនក្នុងរបបអាហារ អាចជួយបន្ថយស្នាមសង្វារ ជួយបង្កើនការរក្សាសំណើម និងភាពរលាស់នៃស្បែក។ ២. គ្រប់គ្រងទម្ងន់ កូឡាជែនក៏អាចជួយគ្រប់គ្រងទម្ងន់របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ដែលមនុស្សមួយចំនួនប្រហែលមិនធ្លាប់បានដឹង។ ជាក់ស្តែង Glycine និង អាស៊ីតអាមីណេបង្កើតទម្រង់នៃសាច់ដុំ ដោយបម្លែងគ្លុយកូសទៅជាថាមពល។ ប្រភេទជាលិកាសាច់ដុំគ្មានខ្លាញ់ ផ្តល់ឲ្យមេតាបូលីសរបស់អ្នកកើនឡើង ដោយហេតុថាសាច់ដុំដុតបំផ្លាញកាឡូរីបន្ថែមជាជាងខ្លាញ់។ មានអំណះអំណាងខ្លះក៏បានបង្ហាញផងដែរថា កូឡាជែនអាចជួយកាត់បន្ថយចំណង់នៃការឃ្លានបន្ទាប់ពីអ្នកបន្ថែមរបបអាហារបានរហូតដល់២០%។