2018-05-19 · 21,429 views
អ្វីជាសញ្ញាណនៃស្រែងលើស្បែក?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ស្រែងជាជំងឺសើស្បែកមួយប្រភេទងាយឆ្លង ដែលបង្កដោយមេរោគផ្សិតឈ្មោះថា “ឌែម៉ាតូហ្វីត” (Dermatophyte) ។ វាអាចកើតលើមនុស្សគ្រប់វ័យ នៅលើគ្រប់កន្លែងទាំងអស់នៃខ្លួនប្រាណ ជាពិសេសច្រើននៅត្រង់កន្លែងស្បែកផ្អឹបគ្នាមានលក្ខណៈបិទបាំង ឧស្សាហ៍បែកញើស សើម ហើយពុំសូវប៉ះនឹងពន្លឺថ្ងៃ ដូចជានៅតាមក្រលៀន ក្លៀក ចង្វែកគូថ ឬចន្លោះម្រាមដៃជើងជាដើម។ របៀបបង្ករោគ ជំងឺនេះបង្កដោយមេរោគ Trichophyton, Microsporum និង Epidermophyton តែមេរោគដែលច្រើនជួបជាងគេ នៅប្រទេសកម្ពុជាយើងគឺ Trichophyton។ មេរោគទាំងនេះឆ្លងនៅពេលដែលមាន ការប៉ះគ្នាផ្ទាល់រវាងស្បែក និងស្បែក ជាមួយនឹងមនុស្សឬសត្វដែលមានកើតជំងឺស្រែង។ វាក៏អាចឆ្លងបានផងដែរ នៅពេលប្រើសម្ភារៈ ឧបករណ៍ប្រើប្រាស់ផ្សេងៗរួមគ្នាដែលមានផ្ទុកមេរោគដូចជា សម្លៀកបំពាក់ កន្សែង ក្រមា មួក ស្រោមជើង ស្រោមដៃ ស្បែកជើង។ ម្យ៉ាងទៀត វាអាចឆ្លងតាមរយៈការប៉ះផ្ទាល់ជាមួយធូលី ដែលមានផ្ទុកមេរោគនេះពិសេសច្រើនជួបប្រទះនៅប្រទេសមានអាកាសធាតុក្តៅហើយសើម។ រោគសញ្ញា រោគសញ្ញានៃជំងឺស្រែងសម្គាល់ដោយរមាស់មានរាងជារង្វង់ បន្ទះមូល ឬពងក្រពើ ដោយមានក្រមរស្រកាៗ ហើយគែមជុំវិញរាងខ្ពស់ និងក្រហមជាងផ្នែកកណ្ដាល ដែលមានលក្ខណៈដូចស្បែកធម្មតា ឬអាចមានក្រមរស្តើងតិចតួច។ ជួនកាល ពេលខ្លះដោយសារអ្នកជំងឺ បានប្រើប្រាស់ថ្នាំលាបផ្សេងៗ នាំឲ្យរូបរាងក៏មិនច្បាស់ អាចច្រឡំនឹងជំងឺសើស្បែកផ្សេងទៀត។ ការធ្វើរោគវិនិច្ឆ័យ គេអាចធ្វើរោគវិនិច្ឆ័យជំងឺស្រែងតាមរយៈ ៖ •មើលដោយភ្នែកផ្ទាល់ទៅតាមសញ្ញាដែលចេញលើស្បែក (គ្លីនិក) •កោសយកក្រមរដែលនៅគែមនោះយកទៅពិនិត្យ ក្នុងមីក្រូទស្សន៍ ដើម្បីវិភាគរកមើលមេរោគផ្សិត (KOH) •បណ្ដុះមេរោគដោយកោសក្រមរទៅបណ្ដុះរកមេរោគ (Culture) •ច្រឹបយកស្បែកដែលសង្ស័យមានស្រែងនោះទៅវិភាគ (Skin Biopsy)។ ផលវិបាក ជំងឺស្រែង ជាជំងឺសើស្បែកឆ្លង មិនបង្កឲ្យមានគ្រោះថ្នាក់ទេ តែវាធ្វើឲ្យរំខានដល់ការរស់នៅរបស់អ្នកជំងឺដូចជា រមាស់ អេះ នាំឲ្យដាច់រលាត់ស្បែកជាប់មេរោគ ហើយពេលដែលគាត់អេះកន្លែងផ្សេងទៀតនាំឲ្យឆ្លងមេរោគ។ លើសពីនេះទៅទៀត បើរួមផ្សំនឹងអ្នកមិនបានអនាម័យផងនោះ វាអាចមានបង្កបន្ថែមនូវមេរោគបាក់តេរីធ្វើឲ្យមានខ្ទុះ និងហើម ដែលទាមទារនូវការព្យាបាលត្រឹមត្រូវទើបអាចជាបាន។ ម្យ៉ាងទៀត បើសិនជំងឺនេះ កើតនៅលើក្រចក នាំឲ្យក្រចកខូចទ្រង់ទ្រាយ ហើយបើកើតមាននៅលើស្បែកក្បាល វាធ្វើឲ្យសក់ជ្រុះ។ ការព្យាបាល •ករណីកើតលើស្បែកតែមួយកន្លែងតិចតួច អាចប្រើថ្នាំប្រភេទជាក្រែមសម្លាប់ពពួកផ្សិតដូចជា Miconazole ឬ Clotrimazole ,Ketoconazole លាបលើស្បែកមានបញ្ហា ពីរដងក្នុង១ថ្ងៃរយៈពេល៣ ទៅ៤សប្តាហ៍។ បើការលាបថ្នាំមិនបានធូរស្រាល អ្នកជំងឺគួរទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យជំនាញសើស្បែក។ •ប្រសិនបើកើតមាននៅច្រើនកន្លែង នោះការព្យាបាលទាមទារប្រើថ្នាំលេបទៅតាមកម្រិត និងតាមទីតាំងនៃជំងឺ ហើយអ្នកជំងឺគួរទៅពិនិត្យ និងព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញសើស្បែក។ វិធីសាស្រ្តការពារជំងឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ដោយងូត ទឹកសម្អាតខ្លួនជាមួយសាប៊ូ និងចៀសវាងឲ្យខ្លួនប្រាណនៅសើមយូរពេកក្រោយពីងូតទឹក ជាពិសេសហាមស្លៀកសម្លៀកបំពាក់សើមផ្អឹបជាប់ខ្លួនយូរពេក។ ប្រុងប្រយ័ត្នលើការប៉ះពាល់ ការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកកើតជំងឺស្រែងដោយផ្ទាល់ ព្រោះអាចឆ្លងមេរោគ។ ដំបូន្មានពីវេជ្ជបណ្ឌិតជំនាញ ចំពោះលោកអ្នកដែលកើតជំងឺស្រែង គួរអញ្ជើញជួបជាមួយគ្រូពេទ្យជំនាញផ្នែកជំងឺសើស្បែក ដើម្បីទទួលការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស ឯកទេសជំងឺសើស្បែក-កាមរោគ និងជានាយផ្នែករងជំងឺស្បែកនៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត