CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-06-13 · 11,160 views

“ជំងឺដំបៅកញ្ចក់ភ្នែក”  គួរការពារប្រសើរជាងព្យាបាល

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ភ្នែក គឺជាសរីរាង្គដែលមានសារសំខាន់បំផុតសម្រាប់គំហើញរបស់បុគ្គលម្នាក់ៗ ហើយវារួមផ្សំពីកោសិកាជាច្រើនដូចជា ប្រព័ន្ធប្រសាទដែលភ្ជាប់ទៅខួរក្បាល សម្បកគ្រាប់ភ្នែក កែវភ្នែក និងកញ្ចក់ភ្នែក។ ចំពោះផ្នែកសរីរាង្គកញ្ចក់ភ្នែក មានទីតាំងស្ថិតនៅខាងមុខនៃគ្រាប់ភ្នែកទាំងមូល អនុញ្ញាតឲ្យកាំពន្លឺអាចឆ្លងចូលទៅខាងក្នុងដើម្បីចាប់រូបភាព​ ដែលក្នុងករណីកញ្ចក់ភ្នែកថ្លា នោះទើបមានការចាប់រូបភាពបាន។

អ្វីជាជំងឺដំបៅកញ្ចក់ភ្នែក? ដំបៅកញ្ចក់ភ្នែក ជាជំងឺដែលកើតឡើងមានសភាពឈឺ ស្តែងចេញជាពណ៌សនៅលើកញ្ចក់ភ្នែក និងជួនកាលមានលាយឡំជាមួយខ្ទុះ។ ជំងឺនេះឃើញមានការកើតឡើងជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសប្រជាជនដែលមានមុខរបរធ្វើស្រែចំការ គួរបញ្ជាក់ផងដែរ ដំបៅកញ្ចក់ភ្នែកពុំមែនជាជំងឺឆ្លងនោះទេ ដែលវាចែកចេញជាប្រភេទទៅតាមមេរោគដែលបង្ករោគដូចជា បាក់តេរី ផ្សិត និងវីរុសជាដើម។

មូលហេតុ និងកត្តាប្រឈម មានមូលហេតុមួយចំនួនដែលបណ្តាលឲ្យមានជំងឺដំបៅកញ្ចក់ភ្នែកដូចជា៖ •មេរោគ ដែលឆ្លងចូលតាមរយៈការប៉ះទង្គិចនានា •ចំពោះប្រភេទភ្នែកស្ងួត ហើយមានសភាពចំហរ ធ្វើឲ្យមានការចម្លងមេរោគ •ការប៉ះពាល់ជាមួយសារធាតុគីមី

ចំណែកកត្តាប្រឈមដែលតែងសង្កេតឃើញមាន គឺក្នុងករណី៖ •ទទួលរងការប៉ះទង្គិច •បុគ្គលដែលប្រើប្រាស់ Contact lens •បុគ្គលដែលមានភ្នែកបិទមិនជិត •បុគ្គលដែលមានមុខរបរធ្វើស្រែចំការ ឬអ្នកធ្វើការក្នុងរោងចក្រជាដើម។

រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ •រោគសញ្ញានៃជំងឺដំបៅកញ្ចក់ភ្នែកស្តែងចេញជា៖ •អាការៈឈឺ •កញ្ចក់ភ្នែកឡើងពណ៌ស •មានខ្ទុះ ដែលធ្វើឲ្យភ្នែកស្រវាំង ជាទូទៅ ការធ្វើរោគវិនិច្ឆ័យទាមទារឲ្យធ្វើឡើងនៅក្នុងមន្ទីរពេទ្យ ឬគ្លីនិក ដែលវេជ្ជបណ្ឌិតផ្នែកចក្ខុរោគនឹងធ្វើការពិនិត្យមើលផ្ទាល់ជាមួយម៉ាស៊ីន ដើម្បីរកវត្តនៃសារធាតុពណ៌សនៅក្នុងកញ្ចក់ភ្នែក។ ម៉្យាងទៀត គ្រូពេទ្យក៏អាចធ្វើការកៀរយកសំណាកពណ៌សនោះទៅពិនិត្យដើម្បីរកមើលប្រភេទមេរោគដែលបង្កជំងឺឲ្យបានជាក់លាក់។

ការព្យាបាល ការព្យាបាលជំងឺដំបៅកញ្ចក់ភ្នែក អាចជាសះស្បើយបានតាមរយៈការប្រើប្រាស់ឱសថសម័យ ដោយការប្រើប្រាស់ឱសថមានការប្រែប្រួលទៅតាមប្រភេទមេរោគដែលបង្កជំងឺ យ៉ាងណាមិញ ក្នុងករណីជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង នោះគេមិនអាចធ្វើការព្យាបាលបានទេ។

ផលវិបាក និងការកាពារ ការមិនទទួលបានការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ស្ថានភាពជំងឺអាចឈានដល់ដំណាក់កាលធ្លាយគ្រាប់ភ្នែក ដែលតម្រូវឲ្យធ្វើការយកគ្រាប់ភ្នែកចេញ។ ដូច្នេះ វិធីសាស្រ្តការពារទូទៅដែលអាចអនុវត្តបានគឺ៖ •ត្រូវធ្វើការដោយប្រុងប្រយ័ត្ន •ពាក់វ៉ែនតាការពារកុំឲ្យសត្វចូល •ក្នុងករណីសង្កេតឃើញមានអាការៈឈឺភ្នែកត្រូវស្វែងរកការព្យាបាល ដោយចៀសវាងប្រើប្រាស់ឱសថដោយខ្លួនឯង។

បកស្រាយដោយ លោកវេជ្ជបណ្ឌិត ជា អាង វេជ្ជបណ្ឌិតឯកទេសចក្ខុរោគ នៅមន្ទីរពេទ្យភ្នែកខេត្តតាកែវ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ