2018-06-13 · 25,450 views
តើការចេញដុំពកបែបនេះបណ្ដាលមកពីអ្វី?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ការលូតលាស់មិនធម្មតានៃជាលិកាផ្នែកណាមួយលើស្បែក អាចជាសញ្ញានៃបញ្ហាជាច្រើន ដែលទាមទារឲ្យមានការពិនិត្យ និងវិភាគច្បាស់លាស់ពីគ្រូពេទ្យជំនាញ។ ដោយឡែក ករណីសិក្សាមួយ ត្រូវបានលើកឡើងពីការលេចចេញដុំពកលើស្បែកគួរឲ្យសង្ស័យខាងក្រោម៖
សំណួរ ៖ ខ្ញុំបាទរស់នៅភ្នំពេញ។ នៅប្រអប់ដៃស្ដាំរបស់ខ្ញុំមានឡើងដុំពកមួយទំហំជិតប៉ុនភ្នែកដៃ។ អាការៈនេះមានរយៈពេលយូរណាស់មកហើយ តែពុំមានការឈឺចាប់អ្វីឡើយ តើការចេញដុំពកបែបនេះបណ្ដាលមកពីអ្វី? តើគួរដោះស្រាយបែបណា?
ចម្លើយ ៖ កាលណាដែលមានដុំពកដំបូង គ្រូពេទ្យត្រូវពិនិត្យមើលលើដុំនោះថា តើមានដុះរោម ឬអត់ មានពណ៌ដូចស្បែកធម្មតា ឬក្រហម ក្រម៉ៅជំហានបន្ទាប់ត្រូវមើលទៅលើទីតាំងនៃដុំ និងរកមើលថាតើវាមានចលនាដែរឬទេ។ ដោយសារតែប្អូនមិនបានមកពិនិត្យផ្ទាល់យើងមិនអាចសន្និដ្ឋានថាវាជាដុំអ្វីនោះទេ ហើយប្រសិនបើដុំនោះមានពណ៌ដូចស្បែកធម្មតា ស្ថិតនៅក្រោមស្បែក វាអាចជាដុំខ្លាញ់ (Lipoma) តែប្រសិនជាដុំនោះមានរោម និងមានប្រហោងតូចនៅខាងលើហើយចេះតែរីកធំទៅៗវាអាចជាគីសទៅវិញដែលហៅថា Epidermal cyst ឬក៏អាចជាដុំមួយប្រភេទទៀតហៅថា Xanthoma ដោយដុំនោះមានពណ៌លឿង។ ដោយហេតុតែដុំមានច្រើនប្រភេទ ដូចដែលបានរៀបរាប់ជូននេះ ទើបយើងពិបាកធ្វើការសន្និដ្ឋាន ដោយមិនបានពិនិត្យលើអ្នកជំងឺផ្ទាល់។ ហើយក្នុងករណីខ្លះត្រូវទាមទារឲ្យធ្វើអេកូ និង Biopsy ផងដោយយើងមិនអាចធ្វើការទាយវាដោយរូបរាងខាងក្រៅបាននោះទេដូចនេះប្អូនគួរតែមកជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ រួចធ្វើការពិចារណាទៅរកការវះកាត់ ឬអត់ បើក្នុងករណីដែលដុំនោះមិនមានការប្រែប្រួលទំហំ និងពុំមានការឈឺចាប់ ដុំនោះគេហៅថាដុំស្លូតដូចនេះបើវាមិនមានការរំខានដល់ការរស់នៅប្រចាំថ្ងៃយើងអាចទុកវាបានដោយពុំចាំបាច់វះយកចេញឡើយ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែក និងកាមរោគ នៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត