2018-07-06 · 13,417 views
ស្វែងយល់ពី ជំងឺដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
និយមន័យ ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcèregastro duodénal: UGD) ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse Couche musculeuse)។ ដំបៅទាំងនេះអាចកើតចំពោះមនុស្សគ្រប់វ័យ ដែលអាយុភាគច្រើន គឺចាប់ពី៤០ឆ្នាំឡើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្ត្រី (3M/1F)។
កត្តាបង្កហេតុ ជាទូទៅ ជំងឺនេះមានមូលហេតុចម្បង៥ រួមមាន៖ 1. ការបង្កដោយមេរោគក្រពះ (Helicobacter pylori : HP) 2. ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS ៨-២០% 3. បញ្ហាស្ត្រេស (កំពុងតែជជែកគ្នានៅឡើយរវាងគ្រូពេទ្យឯកទេស និងគ្រូពេទ្យឯកទេស) 4. ការមានទម្លាប់ជក់បារីជាប្រចាំ 5. ការផឹកស្រា ឬប្រភេទអាល់កុលកម្រិតខ្ពស់ញឹកញាប់។ រោគសញ្ញា ភាគច្រើននៃអ្នកជំងឺដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ លេចចេញសញ្ញាដូចជា ការឈឺចុកចាប់នៅត្រង់ចុងដង្ហើម ឬផ្នែកខាងក្រោមឆ្អឹងជំនីស្តាំ ជួនកាល សាយដល់ក្រោយខ្នង ឬ ស្មាក្នុងកម្រិតតិច ឫ ខ្លាំងមានលក្ខណៈដូចជា អួលៗ រមួល ឬតឹងពោះ ជួនកាល ធ្ងន់ធ្ងរខ្លាំងបន្ទោបង់អាចមានលាមកពណ៌ខ្មៅ។
ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺត្រូវបានសាកសួរ និងពិនិត្យលើដំបៅក្រពះបង្ហាញថា មានសញ្ញាច្បាស់លាស់ (៥០%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណៈរ៉ាំរ៉ៃ កើតរាល់ពេលមុនការហូបបាយ ហើយធូរស្រាល បន្ទាប់ពីបរិភោគអាហាររួច។ លើសពីនេះ ដើម្បីបញ្ជាក់រោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការឆ្លុះក្រពះ និងពោះវៀនតូចជាប់ក្រពះ (Fibroscopie Œso Gastro Duodenale: FOGD) ហើយច្រឹបយកសាច់ក្រពះ ទៅវិភាគ។ ផលវិបាកនៃជំងឺ ករណីមិនទទួលបានការព្យាបាលទាន់ពេលវេលា អ្នកជំងឺអាចជួបនឹងផលវិបាកដូចជា៖ • ការហូរឈាមចេញពីដំបៅ ដែលបណ្តាលឲ្យមានការក្អួតឈាម ឬលាមកពណ៌ខ្មៅ • ការធ្លាយក្រពះ ឬពោះវៀនតូចជាប់ក្រពះ • ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ • បង្កឲ្យទៅជាដំបៅមហារីក។ ការព្យាបាល ចំពោះការព្យាបាលអ្នកជំងឺដំបៅក្រពះ ត្រូវប្រើថ្នាំលេបរយៈពេល ១ខែទៅ២ខែ ព្រមទាំងបរិភោគអាហារមានអនាម័យ ទៀងទាត់ពេលវេលា ចៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ។ ការព្យាបាលដោយការវះកាត់ នឹងធ្វើឡើងចំពោះភាពធ្ងន់ធ្ងរនៃដំបៅខ្លាំងពេក ដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសថ្លើម ក្រពះ ពោះវៀន និងមានតួនាទីជាអនុប្រធាន Département ផ្នែកវេជ្ជសាស្ត្រទូទៅ នៃ មន្ទីរពេទ្យព្រះកុសុមៈ