2018-07-11 · 30,233 views
ស្វែងយល់អំពី ជំងឺរលាកសួត
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កឲ្យមានការរលាកខូចខាតសាច់សួត និងធ្វើឲ្យមុខងារសួតថយចុះ។
នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់បានស្លាប់ដោយសារជំងឺរលាកសួតនេះ។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំណែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសម្លាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។
១) រោគសញ្ញា - ក្តៅខ្លួន - ក្អក - ហត់ - ឈឺទ្រូង…។
២) ការធ្វើរោគវិនិច្ឆ័យ អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា៖ - មនុស្សចាស់ - អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) - អ្នកជំងឺមានបញ្ហាត្បៀតទងសួត ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។
៣)ការព្យាបាល ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។ មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ)។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។
៤) ការវិវឌ្ឍ ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើឲ្យមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសារពាង្គកាយទាំងមូល និងអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។
៥) ការការពារ សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។
បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើមនៃមន្ទីរពេទ្យ ព្រះកុសមៈ និង មន្ទីរពេទ្យ សូរិយា