2017-02-15 · 7,714 ដងមើល
តើអ្នកដល់ពេលកាត់សក់ឬនៅ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ជាការពិតណាស់ ការកាត់សក់ជារឿងធម្មតាមួយប៉ុណ្ណោះ ប៉ុន្តែម្នាក់ៗមុននឹងសម្រេចចិត្តទៅកាត់សក់ក៏មានគោលបំណងរបស់ខ្លួនដែរ។ តែអ្នកមានដឹងអាថ៌កំបាំងពីក្រោយគោលបំណងរបស់អ្នកដែរឬទេ? គោលបំណងខ្លះសមស្របនឹងការធ្វើបែបនេះ តែខ្លះក៏ជាការយល់ច្រឡំ ដែលអ្នកគួរយល់ដឹងដើម្បីកុំឲ្យខាតពេលវេលាហើយបែរជាមិនបានលទ្ធផលដែលខ្លួនចង់បានថែមទៀត។
១. ពេលដែលសក់ជ្រុះច្រើនជាងធម្មតា ការពិតសក់មានវដ្តរបស់របស់វាក្នុងការលូតលាស់ឬក៏ជ្រុះទៅវិញ ទោះយ៉ាងណាមិញ ក្រៅពីកត្តាជំងឺមួយចំនួន ក៏មានកត្តាមួយចំនួនទៀតជះឥទ្ធិពលដល់ការជ្រុះមុនពេលកំណត់ផងដែរ មិនថាសុខភាពទូទៅ តុល្យភាពចំណីអាហារ កត្តាខាងក្រៅដូចជាសារធាតុពុល កំដៅជាដើមដែលអាចឲ្យសក់ និងស្បែកក្បាលអ្នកមានសុខភាពមិនល្អងាយនឹងជ្រុះរួមជាមួយកត្តានៃទម្ងន់របស់សក់ ឬក៏ការលេងម៉ូតសក់ធម្មតារបស់អ្នកក្លាយទៅជាបន្ទុករបស់សក់របស់អ្នកទៅវិញ។ ការកាត់សក់ក្នុងប្រវែងសមល្មមមួយអាច ជួយកាត់បន្ថយបន្ទុករបស់គល់សក់របស់អ្នក ព្រោះវាធ្វើឲ្យស្រាលជាងមុន។ ដោយឡែក សក់ម៉ូតថ្មីអាចឲ្យអ្នកទម្លាក់សក់ និងកាត់បន្ថយការលើកចងឬក្រងបានមួយរយៈដែរដើម្បីបង្ហាញម៉ូតសក់។
២. ពេលដែលសក់ហាក់ដូចជាគ្មានសុខភាព សក់គ្មានសុខភាពទីនេះសំដៅដល់សក់ស្ងួត និងបែកចុង គ្មានភាពរស់រវើក។ ការកាត់សក់ដើម្បីជម្រុសសក់បែកចុងធ្វើឲ្យសក់របស់អ្នកមើលទៅពេញស្អាត និងឃើញក្រាស់និងភ្លឺរលោងជាងមុន។ ម្យ៉ាង សក់បែកចុងក៏ជាកត្តារាំងដល់ការលូតលាស់របស់សក់ផងដែរ ដូចនេះសក់របស់អ្នកអាចធ្វើការលូតលាស់ដូចប្រក្រតីវិញក្រោយពីកាត់ផ្នែកបែកចុងនេះចេញ។
ក្រៅពីនេះ អ្នកក៏អាចដោះស្រាយបញ្ហាសក់ជំពាក់ដោយសារសក់ដែលជំពាក់គ្នានៅខាងចុងៗផងដែរ ក៏ដូចជាការងាយស្រួលក្នុងការថែទាំផងដែរ បើសិនអ្នកមានសក់ខ្លីជាងមុន។
៣. ពេលដែលអ្នកស្ត្រេស ការផ្លាស់ប្តូរផ្នែកខ្លះនៃខ្លួនអ្នកទៅជាល្អជាងមុន អាចធ្វើឲ្យអ្នកបង្កើនជំនឿចិត្ត និងកាត់បន្ថយភាពស្មុគស្មាញបានមួយកម្រិតធំ។នេះទាក់ទងនឹងកត្តាផ្លូវចិត្តដែលពិតជាសំខាន់ក្នុងការជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញ ឬក៏អាចមានថាមពលប្រឈមមុខនិងដោះស្រាយបញ្ហាបានផងដែរ។
៤. ពេលមានជំងឺ ដូចបញ្ជាក់ពីលើ ជំងឺមួយចំនួនអាចធ្វើឲ្យអ្នកជ្រុះសក់មួយរយៈ ឬដោយសារតែផលរំខានពីការប្រើប្រាស់ថ្នាំមួយចំនួន។ ដូចនេះ ក្នុងអំឡុងពេលនេះ អ្នកអាចធ្វើការកាត់សក់ឲ្យខ្លីសិន ដើម្បីចៀសវាងការភ្ញាក់ផ្អើលនឹងការឃើញទំហំនៃការជ្រុះសក់ខ្លាំងពេក ដែលអាចជៈឥទ្ធិពលដល់អារម្មណ៍របស់អ្នក។ ៥. ដល់ពេលដែលគួរផ្លាស់ប្តូរម៉ូតសក់ហើយ បើអ្នកខានកាត់សក់ ឬផ្លាស់ប្តូរម៉ូតជាយូរមកហើយ គួរតែដល់ពេលដែលអ្នកត្រូវកាត់សក់ម្តងហើយដើម្បីឲ្យទាន់នឹងសម័យកាល ទោះជាអ្នកមានសក់ដែលមានសុខភាពល្អស្រាប់ក៏ដោយ ។ សំខាន់ ក្នុងកាលៈទេសៈខ្លះ ក៏ជាការល្អក្នុងការផ្លាស់ប្តូរម៉ូតសក់ ដូចជាការឡើងមុខតំណែង ចូលកម្មវិធីពិសេសៗជាដើម ដើម្បីបង្កើននូវជំនឿចិត្ត។ ដោយឡែក ការផ្លាស់ប្តូរម៉ូតសក់ អាចផ្តល់ឲ្យអ្នកនូវអារម្មណ៍ថ្មីៗ បំបាត់ភាពធុញថប់ផងដែរ។ បញ្ជាក់ ៖ សូមកុំកាត់សក់ដោយសាររំពឹងគិតថាវានឹងដុះលឿនជាងមុន ការដែលជឿថាការកាត់សក់អាចជម្រុញឲ្យសក់ដុះលឿនជាងធម្មតា ត្រូវបានអ្នកជំនាញខាងសរសៃសក់បដិសេធថាជារឿងមិនត្រឹមត្រូវ។ សក់របស់យើងជាទូទៅនឹងលូតតិចជាងកន្លះអ៊ីញក្នុងមួយខែ ទោះជាអ្នកកាត់សក់ ឬក៏អត់ក៏ដោយ។ ប៉ុន្តែ គេទទួលស្គាល់ថាពេលខ្លះវាពិតជាមានការលូតលឿនជាងធម្មតា តែមូលហេតុអាចទាក់ទងនឹងចំណីអាហារបំប៉ន ឬសុខភាពឯណោះទេ។