2018-10-05 · 4,447 views
តើជំងឺ Optic Nerve Head Drusen រំខានដល់ការរស់នៅរបស់អ្នកទេ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
និយមន័យ ជំងឺ Optic Nerve Head Drusen ជាកំណករបស់សារធាតុម្យ៉ាងនៅនឹងសរសៃប្រសាទទី២ ដែលសារធាតុនោះត្រូវបានគេហៅថា Hyaline ។ ជំងឺនេះ មិនសូវជួបប្រទះញឹកញាប់ទេនៅកម្ពុជាយើង ហើយក៏មិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយដែរលើចំនួននៃការកើតជំងឺមួយនេះ ប៉ុន្តែ តាមរយៈការសិក្សាមួយចំនួនបានឲ្យដឹងថា ជំងឺនេះអាចកើតមានលើអ្នកជំងឺ៣ទៅ៤នាក់ ក្នុងប្រជាជន១០០០នាក់។
មូលហេតុ មិនមានមូលហេតុច្បាស់លាស់ណាដែលគេរកឃើញថាធ្វើឲ្យកើតជំងឺនេះទេ តែតាមការសិក្សាមួយចំនួន គេបានកំណត់ថា ជំងឺនេះកើតឡើងដោយសារតែការសឹករេចរឹលនៃសរសៃប្រសាទនៅនឹងបាតភ្នែក។ ការសឹករេចរឹលនេះ បង្កឲ្យមានកំណកសារធាតុកាល់ស្យូម (Hyaline) នៅក្រោមសរសៃបាតភ្នែកតែម្តង។
រោគសញ្ញា ជំងឺនេះ សឹងតែមិនស្តែងចេញនូវរោគសញ្ញាដែលធ្វើឲ្យអ្នកជំងឺចាប់អារម្មណ៍នោះទេ ហើយអ្នកជំងឺភាគច្រើន រកឃើញថាខ្លួនមានកើតជំងឺនេះដោយចៃដន្ យក្នុងពេលដែលពួកគាត់មកពិនិត្យសុខភាពភ្នែករបស់ខ្លួន។ បើទោះជាយ៉ាងនេះក៏ដោយ ក៏នៅមានករណីកម្រខ្លះអាចធ្វើឲ្យអ្នកជំងឺបាត់ដែនគំហើញនៅត្រង់សរសៃបាតភ្នែកដែរ ដែលគេហៅថាការកើនឡើងនៃ Blind spot ហើយអាចរកបានតាមរយៈការធ្វើតេស្តមួយចំនួន។
ការធ្វើរោគវិនិច្ឆ័យ គេអាចធ្វើរោគវិនិច្ឆ័យជំងឺនេះ ដោយប្រើតេស្តមួយចំនួនដូចជា ការធ្វើតេស្ត Ultrasound ប្រភេទB-scan ដែលអាចធ្វើបាននៅក្នុងបន្ទប់ពិគ្រោះជំងឺ។ គេក៏អាចថតបាតភ្នែកដោយប្រើតេស្ត Fundoscopy អាចជាប្រភេទ Red-free photography ឬប្រភេទចាក់តាមសរសៃ (Fluorescein angiogram) ។ ក្រៅពីការថតបាតភែ្នក គេអាចធ្វើតេស្តមួយចំនួនទៀតដូចជា ការថត CT scanនៅក្បាល ឬ OCT (Optical Coherence Tomography) នៅស្រទាប់បាតភ្នែក។
ការព្យាបាល ដោយសារតែជំងឺនេះ បង្កឡើងពីមូលហេតុមិនច្បាស់លាស់ ហើយវាក៏មិនបង្កផលរំខានណាដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ នោះក៏មិនមានការព្យាបាលណាត្រូវធ្វើលើអ្នកជំងឺដែរ ប៉ុន្តែ គ្រូពេទ្យត្រូវធ្វើការតាមដានការវិវឌ្ឍនៃជំងឺនេះទៅលើការរីកទំហំរបស់កំណកនៅនឹងសរសៃបាតភ្នែក ដើម្បីចៀសវាងការកកើតនូវផលវិបាកកម្រដែលនឹងអាចបង្កឡើងដោយសារជំងឺនេះក្នុងរយៈពេលយូរ។
ផលវិបាក ករណីកំណកនៅនឹងសរសៃបាតភ្នែកនៅតែបន្តរីកទំហំ ឬបង្កឲ្យប៉ះពាល់ដល់សរសៃឈាមនៅតំបន់នោះ វាអាចធ្វើឲ្យមានការហូរឈាមនៅបាតភ្នែក ស្ទះសរសៃបាតភ្នែកផ្នែកខាងមុខដែលនាំឲ្យមានការថយចុះនូវគំហើញរបស់អ្នកជំងឺ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ខៀវ ច័ន្ទសត្យា ឯកទេសចក្ខុរោគ នៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត