CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-10-27 · 7,165 views

ម្តងសើច  ម្តងយំ អាចជារោគសញ្ញានៃជំងឺ Bipolar Disorder

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

បុគ្គលក្នុងអាយុ ជាមធ្យម ២១ ឆ្នាំ ទាំងបុរស និងស្រ្តី បូកផ្សំជាមួយអាការៈផ្លូវចិត្តប្រែប្រួលមួយចំនួនដែលមិនអាចបកស្រាយបាន អាចជារោគសញ្ញានៃជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយប្រភេទគឺ Bipolar Disorder ។

និយមន័យ Bipolar Disorder ជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ និងរ៉ាំរ៉ៃមួយ ដែលអាចលាប់មកវិញប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ។  អ្នកជំងឺហាក់មានអារម្មណ៍ឡើងចុះ ដែលម្តងអាចស្តែងចេញជាការបាក់ទឹកចិត្តខ្លាំង (Depression) រួចប្រែទៅជាមានទឹកចិត្តឡើងខ្ពស់ខ្លាំងជាងធម្មតា (Mania) ។ម៉្យាងទៀត វាក៏ត្រូវបានគេហៅផងដែរថាជាជំងឺអារម្មណ៍ ២ ដែលមានការប្រែប្រួលក្នុងរយៈពេលកំណត់ណាមួយរវាងអារម្មណ៍ពិបាកចិត្ត និងសប្បាយចិត្តជ្រុល។

ជំងឺ Bipolar Disorder ក៏ត្រូវបានចែកចេញជាបីប្រភេទទៀតដូចជា ៖ ១.    Bipolar Disorder I ៖ អ្នកជំងឺមានអារម្មណ៍ធ្លាក់ទឹកចិត្ត (Depression) និងឆ្លាស់គ្នាជាមួយអារម្មណ៍រីករាយខ្លាំង(Mania) ២.    Bipolar Disorder II ៖ អ្នកជំងឺមានអារម្មណ៍ធ្លាក់ទឹកចិត្ត (Depression) និងឆ្លាស់គ្នាជាមួយអារម្មណ៍សប្បាយក្នុងកម្រិតមិនសូវខ្លាំង (Hypomania) ៣.    Cyclothymic disorder ៖ ជាទម្រង់ស្រាលរបស់ Bipolar Disorder I ដែលអារម្មណ៍ប្រែប្រួលជុំវិញសភាពធម្មតា ចន្លោះពី Hypomania និង Dysthymia (ធ្លាក់ទឹកចិត្តមធ្យម)។ មូលហេតុបង្កជំងឺ ជំងឺ Bipolar Disorder នៅមិនទាន់អាចកំណត់ពីមូលហេតុបង្កច្បាស់លាស់នៅឡើយ តែគេឃើញមានកត្តាចូលរួមជាច្រើនដូចជា៖ •    កត្តាតំណពូជ •    កត្តាខួរក្បាល៖ អតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទក្នុងខួរក្បាល •    កត្តាបរិយាកាស (ស្រេ្តស ឬបាក់ទឹកចិត្ត) •    កត្តា Psychodynamic ៖ ជាលក្ខខណ្ឌមួយដែលខួរក្បាលធ្វើការឆ្លើយតបដើម្បីការពារខ្លួននៅពេលមានជំងឺធ្លាក់ទឹកចិត្ត •    កត្តា Psychopharmacologic ៖ បណ្តាលមកពីឱសថមួយចំនួនដូចជា ឱសថប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressants) និង ឱសថផ្សេងទៀត។

រោគសញ្ញា ក្នុងដំណាក់កាលធ្លាក់ទឹកចិត្តខ្លាំង អ្នកជំងឺអាចមាន៖ •    អាការៈពិបាកចិត្តខ្លាំង •    គេងមិនលក់ •    ញ៉ាំអាហារមិនឆ្ងាញ់ ស្រកទម្ងន់ •    ចង់នៅស្ងាត់តែឯង ផ្តាច់ខ្លួនចេញពីសង្គម •    បាត់បង់ចំណង់ចំណូលចិត្ត •    ធ្វើការ ឬ គិតគូរអ្វីៗស្ទក់យឺតជាងមុន •    គ្មានអារម្មណ៍ចង់រៀន រកស៊ី ធ្វើការ.... ឡើយ •    មានអារម្មណ៍ថាខ្លួនឯងមានកំហុសអ្វីមួយ •    មានអារម្មណ៍ធុញថប់ ឆាប់ខឹង •    ខ្សោយផ្លូវភេទ •    គិតថាខ្លួនឯងគ្មានតម្លៃ រស់នៅគ្មានន័យ •    មិនសប្បាយចិត្ត ឬអាចធ្វើអត្តឃាត។

ក្នុងដំណាក់កាលសប្បាយខ្លាំងជ្រុល អ្នកជំងឺអាចមាន៖ •    គេងតិចជាងធម្មតា •    និយាយលឿនញាប់មិនឲ្យគេកាត់ •    និយាយអួតអំពីខ្លួនឯង អំពីការងារ អំពីទុរកិច្ច •    ការគិតលឿនជ្រុល ឬមានគំនិតលោតផ្លោះ ហោះហើរ •    ងាយទទួលការរំខាន •    ឆាប់ប្រកាន់ខឹង •    អារម្មណ៍សប្បាយខ្លាំងខុសធម្មតា •    តែងខ្លួនប្លែកខុសធម្មតា •    ចេះតែចង់ចាយលុយខ្ជះខ្ជាយមិនស្ដាយ •    ចំណង់ផ្លូវភេទកើនឡើងខ្លាំងខុសធម្មតា។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដំបូងត្រូវធ្វើការសាកសួរពីប្រវត្តិរបស់អ្នកជំងឺ ឬសមាជិកគ្រួសារ អំពីការប្រែប្រួលនៃអាការៈផ្លូវចិត្ត និងពិនិត្យសាកសួរអ្នកជំងឺផ្ទាល់។ បន្ទាប់មកទើបអាចធ្វើការព្យាបាលឲ្យបានជាសះស្បើយតាមរយៈការផ្តល់ថ្នាំ រួមផ្សំនឹងការផ្ដល់ប្រឹក្សាពីសំណាក់គ្រូពេទ្យជំនាញ។

ផលវិបាក ក្នុងករណីស្ថានភាពជំងឺពុំទទួលបានការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចបង្កផលវិបាកទៅលើដូចជា៖ •    ខ្លួនឯង៖ មិនអាចប្រកបការងារបាន និងខាតបង់ពេលវេលា និងថវិកាកាន់តែច្រើនក្នុងករណីការព្យាបាលមិនបានជាសះស្បើយបន្ថែមពីនោះ អ្នកជំងឺអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬឈានដល់ការធ្វើអត្តឃាត •    គ្រួសារ៖ បង្កជាការរំខាន ឬបញ្ហាដល់សមាជិកគ្រួសារទាំងផ្លូវកាយ និងចិត្ត បាត់បង់ថវិកា ពេលវេលា ចំណែកសុភមង្គលក្នុងគ្រួសារបែរជាថយចុះ •    សង្គម៖ ខាតបង់ធនធានមនុស្សដើម្បីកសាង និងការពារប្រទេស ក៏ដូចជាបន្ទុកទៅលើវិស័យសុខាភិបាល។

ការការពារ វិធីសាស្រ្តការពារត្រូវធ្វើឡើងទៅតាមមូលហេតុតួយ៉ាង៖ •    បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់ប្រឈមទៅនឹងជំងឺផ្លូវចិត្ត គួរមានការប្រុងប្រយ័ត្នពីសម្ពាធផ្លូវចិត្ត និងកាត់បន្ថយស្រេ្តស •    កាលណាមានអាការៈគេងមិនលក់ត្រូវប្រញាប់ស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស និងចៀសវាងប្រើប្រាស់ឱសថដោយខ្លួនឯង។

សូមចងចាំថា ជំងឺផ្លូវចិត្តគឺបណ្តាលមកពីដំណើរមិនប្រក្រតីនៃសរីរាង្គខួរក្បាល  ដូច្នេះយើងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លូវចិត្តរបស់យើង ដោយកុំខ្មាសអៀនក្នុងការស្វែងរកការប្រឹក្សា និងការព្យាបាល។

បកស្រាយដោយ ៖ សាស្រា្តចារ្យ   វេជ្ជបណ្ឌិត ហួត លីនណា ឯកទេសវិកលវិទ្យាជំនាន់ទី១ និងអនុបណ្ឌិតជំងឺផ្លូវចិត្ត និងខួរក្បាល ប្រចាំគ្លីនិកជំនាញផ្លូវចិត្ត និងខួរក្បាល ហួត លីនណា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ